តាមតារាចម្រៀងខ្មែរ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី បានបង្ហើបឱ្យដឹងថា តារាចម្រៀងហង្សមាស ព្រាប សុវត្ថិ នឹងគ្រោងចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី នៅអំឡុងខែកក្កដា នេះ ហើយដែលពេលនេះ សំបុត្រដែលលោកត្រៀមសម្តែងត្រូវបានម្ចាស់ Sponsor បានលក់នូវទីតាំងមួយចំនួនទៅហើយ។

ប្រភពនោះបានឱ្យដឹងថា ព្រាប សុវត្ថិ អាចនឹងរួមដំណើរជាមួយកូនប្រុសរបស់លោកទាំង៣នាក់ផងដែរ ដើម្បីឱ្យកូនៗរបស់លោកទទួលបានបទពិសោធន៍កាន់តែច្រើនសម្រាប់ ការច្រៀងសម្តែងនៅក្រៅស្រុក។

ព្រាប សុវត្ថិ បាននាំភរិយាអ្នកស្រីឡុង ស្រីមុំ និងកូនប្រុសទាំង៣ ចេញទៅច្រៀង សម្តែងនៅអាមេរិក កាលពីថ្ងៃទី២១ ខែមីនា នឹងត្រឡប់មកវិញ នៅថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ បន្ទាប់ពីការចាប់ដៃជាមួយកូនប្រុសទាំង៣ ច្រៀងសម្តែងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អាណិកជនខ្មែរនៅទីនោះ បើទោះជាមុនឡើងយន្តហោះ ព្រាប សុវត្ថិ ត្រូវអាណិកជនខ្មែរនៅអាមេរិក មួយចំនួន ព្រមានធ្វើពហិការដោយមិនចូលទៅមើលការច្រៀងសម្តែងរបស់លោក។

ប៉ុន្តែតាមរយៈការសម្តែងថ្មីៗនេះ គេឃើញតារាជើងចាស់ហង្សមាស រូបនេះ នៅតែខ្លាំង បើទោះជាលោកច្រៀងបទចាស់ៗ ដែលល្បីជាង១០ឆ្នាំឡើងវិញក្តី។

ការចេញទៅកើបលុយនៅក្រៅស្រុក ២លើក របស់ព្រាប សុវត្ថិ ក្នុងអំឡុងរដូវធ្លាក់ភ្លៀងឆ្នាំនេះ ធ្វើឱ្យតារាជើងចាស់នេះប្រមូលបានទីផ្សារទាំងក្នុង និងក្រៅស្រុកតែម្តង ជាមួយតម្លៃខ្លួននៅតែខ្ពស់ ដែលតាមព័ត៌មានថា ខណៈដែលលោកច្រៀងនៅអាមេរិក រយៈពេល៣ខែកន្លះនេះ ព្រាប សុវត្ថិ រកលុយបានមិនក្រោម១០ម៉ឺនដុល្លារឡើយ។

ក្រៅពីសប្បាយចិត្តដែលមានអ្នកនៅអាមេរិក នៅតែគាំទ្រនោះ ព្រាប សុវត្ថិ ក៏បានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយភរិយា អ្នកស្រីឡុង ស្រីមុំ ផងដែរ ខណៈដែលកូនប្រុសទាំង៣របស់លោក មានក្រមុំៗនៅអាមេរិក មួយចំនួន ចង់ឃាត់មិនឱ្យមកស្រុកវិញទៀតផង៕