នាយចឺម គឺជាតារាកំប្លែងម្នាក់ បានអភិវឌ្ឍខ្លួនទៅជាតារាចម្រៀងនៅផលិតកម្មសាន់ដេ ដែលរកបានប្រាក់ចំណូលច្រើនគួរសម តាមរយៈការច្រៀងតាម Concert នានា។ ខណៈដែលរកចំណូលបានច្រើននេះ នាយក៏បានធ្វើផ្ទះជូនម្តាយនៅឯស្រុកកំណើត ស្រាប់តែមានព័ត៌មានថា ប្រភពទុនមួយចំណែកជាការទំនុកបម្រុងរបស់ថៅកែផលិតកម្ម BKS។

ប្រភពមួយបានបង្ហើបឱ្យដឹងថា នាយចឺម ដែលកំពុងសង់ផ្ទះឱ្យម្តាយ អស់លុយជាង២០ម៉ឺនដុល្លារនោះ ទទួលបានជំនួយមួយផ្នែកពីថៅកែផលិតកម្ម BKS លោកឈុន សុវណ្ណភក្តី ព្រោះពួកគេបានស្បថរាប់អានគ្នាជាបងប្អូនបង្កើត ខណៈដែលកន្លងមក លោកឈុន ឡាក់ ឪពុកលោកភក្តី ក៏ធ្លាប់ជូនកាដូរថយន្តទំនើប Toyota Tundra តម្លៃជាង៧ម៉ឺនដុល្លារ ដល់នាយចឺម ផងដែរ។

នាយចឺម បញ្ជាក់ថា “អត់ទេ! លុយសង់ផ្ទះឱ្យម្តាយខ្ញុំនៅខេត្តកំពង់ស្ពឺហ្នុង ជាលុយខ្ញុំផ្ទាល់បានមកពីសិល្បៈ មិនមានភក្តី ជួយទេ។ ឥឡូវផ្ទះហ្នឹងសង់បាន៩០%ហើយ ខ្ញុំគ្រោងធ្វើពិធីឡើងផ្ទះនៅអំឡុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ”។

នាយបានបន្តថា “ចំពោះប្រាក់ចំណូលពីសិល្បៈវិញ ឆ្នាំនេះខ្ញុំធ្លាក់ជាងមុនបន្តិច ដោយសារតែ ក្រុមហ៊ុនមួយចំនួនដែលធ្លាប់ធ្វើ Concert ខ្លះ លែងធ្វើវិញឆ្នាំនេះ ទើបរកលុយមិនសូវបាន ច្រើនដូចមុន”៕


