Wednesday, September 17, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ឡើងតម្លៃខ្លួន ក្រោយរៀបការប្តី

ឱក សុគន្ធកញ្ញា ឡើងតម្លៃខ្លួន ក្រោយរៀបការប្តី

ឱក សុគន្ធកញ្ញា កំពុងបន្តដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយសប្បាយមួយអស់ដៃ ខណៈដែលស្វាមីរបស់នាងបានថតវីដេអូ បង្ហាញពីបន្ទប់គេងរបស់ពួកគេយ៉ាងប្រណីត ដែលមើលទៅឃើញកំពូល Tour  Effel Paris ខណៈដែលក្នុងបន្ទប់គេងរបស់ពួកគេ នៅសណ្ឋាគារ Shangrlla Hotel មើលទៅពិតជាមានក្តីសុខណាស់សម្រាប់ប្តីប្រពន្ធទើបរៀបការហើយ ជាង១សប្តាហ៍នេះ។

គេចាប់អារម្មណ៍ផងដែរថា សុគន្ធកញ្ញា និងលោកសុខលី ក៏បានឆ្លៀតឃោសនាឱ្យទូរស័ព្ទ Huawei ដែលកំពុងមានរឿងចម្រូងចម្រាសជាមួយអាមេរិក ផងដែរ ខណៈដែលមហាជនមួយចំនួនបានលើកឡើងថា មុនរៀបការ សុគន្ធកញ្ញា ឆក់បានតំណែងជាទូតសុច្ឆន្ទៈរបស់ទូរស័ព្ទមួយនេះដែរ ពីមាស  សុខសោភា។

តើហេតុអ្វីបានជាឱក សុគន្ធកញ្ញា ត្រូវជំនួសតំណែងមាស សុខសោភា ក្នុងស្ពតពាណិជ្ជកម្មធំមួយនេះ ?

អ្នកគ្រប់គ្រងទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដែលស្នើសុំមិនឱ្យដាក់ឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា លោកបានដឹងថា សុគន្ធកញ្ញា នឹងរៀបការប្តីនៅថ្ងៃទី១៦ ខែឧសភា ប៉ុន្តែក្រុមហ៊ុនរបស់លោកនៅតែជ្រើសរើស ព្រោះផ្អែកលើកត្តាធំ៤យ៉ាង ដែលសុគន្ធកញ្ញា មាន។

បុរសដែលជាអ្នកសម្រេចជ្រើសរើសសុគន្ធកញ្ញា ជំនួសសុខសោភា ក្នុងស្ពតធំនេះ ថ្លែងថា “ទី១. គឺទាក់ទងប្រជាប្រិយភាព ព្រោះសុគន្ធកញ្ញា ជាតារាល្បីខ្លាំង ទី២. សុគន្ធកញ្ញា ស័ក្តិសមជាមួយផលិតផលនេះ ទី៣. ទោះជាការហើយ ក៏លោកជឿថា សុគន្ធកញ្ញា នៅតែល្បីដដែលទេ ព្រោះនាងឈរជើងក្នុងសិល្បៈជាង ១០ឆ្នាំមកហើយ និងទី៤. ការឈរនៅផលិតកម្ម និងសកម្មភាពសិល្បៈរបស់សុគន្ធកញ្ញា”។

អ្នកកំណត់ថា ត្រូវជ្រើសរើសសុគន្ធកញ្ញា ជំនួសមាស សុខសោភា រូបនោះ បានអះអាងបន្ថែមទៀតថា “តម្លៃខ្លួនឱក សុគន្ធកញ្ញា ស៊ីថ្លៃ១ជា២ បើប្រៀបធៀបជាមួយមាស សុខសោភា ហើយដំណាក់កាលដំបូង ក្រុមហ៊ុនបានធ្វើការកុងត្រារយៈពេល២ឆ្នាំ ជាមួយគាត់សិន និងបន្ត២ឆ្នាំបន្ថែមទៀត គឺមានន័យថា ៤ឆ្នាំ។

ទោះជាយ៉ាងណា បុរសដែលកាន់តំណែងធំនៅក្រុមហ៊ុន Huawei រូបនោះ មិនបញ្ជាក់ថា តើតម្លៃខ្លួនរបស់សុគន្ធកញ្ញា កុងត្រា២ឆ្នាំនេះ ស៊ីថ្លៃប៉ុន្មានឡើយ ដោយលោកថា រឿងនេះមិនអាចប្រាប់បាន។

ដោយឡែក នៅពេលដែលអ្នកយកព័ត៌មានយើងបានសួរទាក់ទង និងការផ្លាស់ប្តូរមាស សុខសោភា ចេញដាក់ឱក សុគន្ធកញ្ញា នេះ លោកថា សុំមិនធ្វើអត្ថាធិប្បាយរឿងទាំងនោះឡើយ។

មាស សុខសោភា បានប្រាប់អ្នកយកព័ត៌មានយើងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ថា នាងមិនដឹងមូលហេតុនៃការផ្លាស់ប្តូរនាងចេញ ដាក់ឱក សុគន្ធកញ្ញា ឡើយ ព្រោះនាងបានចប់កុងត្រាជាមួយ Huawei ២ឆ្នាំទៅហើយ។ នាងថា នៅលើការសម្រេចចិត្តរបស់ក្រុមហ៊ុន ហើយពេលនេះមានក្រុមហ៊ុនមួយចំនួនទាក់ទងច្រើនដែរ តែនាងត្រូវមើលសិនថា តើក្រុមហ៊ុននោះមានប្រវត្តិយ៉ាងណា ហើយគេផ្សព្វផ្សាយយើងឱ្យល្បី ឬអត់ ទើបនាងសម្រេចចិត្តនៅពេលក្រោយ។

ឱក សុគន្ធកញ្ញា មានប្រៀបជាងមាស សុខសោភា សម្រាប់ទីផ្សារចម្រៀង ខណៈដែលតម្លៃខ្លួនច្រៀងគឺប្រដមប្រសងគ្នា ១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារដូចគ្នា។ ប៉ុន្តែនៅពេលដែលថ្នាក់ដឹកនាំក្រុមហ៊ុនមួយបញ្ជាក់ថា សុគន្ធកញ្ញា ក្រោយរៀបការប្តី ស៊ីថ្លៃ១ជា២ បើប្រៀបធៀបជាមួយមាស សុខសោភា នោះ គឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា ក្រោយសុគន្ធកញ្ញា ក្លាយជាប្រពន្ធលោកអ៊ឹង សុខលី និងជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នេះ នាងនៅតែល្បីល្បាញខ្លាំងទៀត ឬប្រឈមការធ្លាក់ចុះដូចតារាមួយចំនួនទៀត ដែលឱ្យតែមានប្តីប្រឈមពិបាកស្តារមុខឡើងវិញនោះ ?៕

RELATED ARTICLES