តារាសម្តែង និងជាពិធីការនីតូចច្រឡឹង កញ្ញាណូម័រ បានសម្រេចចិត្តលាភាពនៅលីវ ត្រឹមថ្ងៃទី28 ខែឧសភា នេះហើយ ដែលម្ចាស់បេះដូងរបស់នាង គឺ វីជេ សុភា។

មានការលើកឡើងថា ស្រីស្អាត ណូម័រ មានជម្រើសស្នេហ៍ច្រើន ដែលក្នុងនោះប្រុសៗមិនតិចនាក់ទេ ដែលចង់បានបេះដូងស្រីស្រស់មកថ្នាក់ថ្នបបំពេ ប៉ុន្តែទីបំផុត កញ្ញាណូម័រ បែរជាជ្រើសរើសយកវីជេ សុភា ដោយសារតែពិធីកររបស់ My TV រូបនោះ ពូកែថ្នាក់ថ្នមកាយារបស់នាង ហេតុនេះហើយបានជាតារាតូចច្រឡឹងគ្មានអ្វី ត្រូវរារែកចិន្តាឡើយ គឺនាងស្ម័គ្រចិត្តកាយារៀបការជាមួយលោកសុភា ដោយគ្មានការរារែកចិត្តទេ។

កញ្ញាណូម័រ ថ្លែងថា “បានជាខ្ញុំជ្រើសរើសយកបងសុភា ជាអនាគតស្វាមី ព្រោះគាត់ជាមនុស្សដែលអាចធ្វើឱ្យបេះដូងខ្ញុំកម្រើក បានដោយផ្តើមចេញពីការបំពេញការងាររបស់គាត់។ ខ្ញុំស្រលាញ់គាត់ រឿងគាត់ពូកែធ្វើការងារច្បាស់លាស់ហ្នឹងតែម្តង”។

មង្គលការបស់ស្រីស្រស់ ណូម័រ រៀបចំកម្មវិធីជប់លៀងធំនៅមជ្ឈមណ្ឌល Capital Wedding Hall សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយនាងហៅភ្ញៀវចំនួន70តុ ក្នុងនោះមានអ្នកសិល្បៈប្រមាណជិត200នាក់ផងដែរ។

កញ្ញាណូម័រ ថា នាងមិនអាចប្រមាណបានទេថា មង្គលការរបស់នាងនឹងចំណាយប្រាក់អស់ប៉ុន្មាន ព្រោះពេលវេលាប្រថុចញ៉ុចពេក រៀបចំមិនបានតាមការចង់បានរបស់នាងទាំងស្រុងឡើយ។

ទោះជាយ៉ាងណា ណូម័រ ថា ក្រោយរៀបអាពាហ៍ពិពាហ៍រួច នាងនិងស្វាមី នៅតែបន្តប្រឡូកការងារសិល្បៈដដែល ហើយសម្រាប់នាង គឺគ្មានការព្រួយបារម្ភរឿងភ័យធ្លាក់កូដបាត់បង់ការងារសិល្បៈ ក្រោយមានប្តីទេ ព្រោះនាងយល់ថា ទស្សនិកជនគាំទ្រតារានៅលើសមត្ថភាព និងទេពកោសល្យ ដែលតារាមាន មិនមែនមានប្តីមានកូនហើយ គេលែងមើលទេ។ ចំពោះនាងវិញ ចង់ពង្រឹងអាជីពពិធីការិនីឱ្យបានល្អជាងនេះថែមទៀត ក្រោយពេលមានស្វាមីនេះ៕