តារាចម្រៀងថោន លោកខេម នៅតែផ្អើលៗនៅពេលសាកសួររឿងដែលតារាចម្រៀង សុវណ្ណ ម៉ូលីកា អះអាងថា ខេម មានប្រពន្ធ ហើយកំពុងរស់នៅលើទឹកបារាំង ដែលសង្សាររបស់ខេម ឈ្មោះ “ស្រីកា” នោះ។
ខេម ព្យាយាមគេចចេញពីអ្នកយកព័ត៌មានយើង នៅពេលត្រូវសាកសួររឿងមានប្រពន្ធនៅបារាំង នេះ ដោយរូបគេបែរជាឱ្យយោបល់អ្នកកាសែតថា ខ្វះអីសំណួរមួយគំនរ ម៉េចក៏មិនសួរ បែរជាមកសួររឿងអ៊ីចឹងទៅវិញ។

ខេម និយាយផងប្រុងរត់ផងថា “អត់ទេបង ! រឿងហ្នឹងខ្ញុំមិននិយាយទេ។ មានអ៊ីចឹងមកពីណា ?”។
ខេម បានលើកហេតុផលថា ការដែលលោកមិនចង់និយាយរឿងមានគូស្នេហ៍នោះ ដោយសារពេលនេះជីវភាពរបស់លោកនៅមានកម្រិតនៅឡើយ ពិសេស គឺគ្មានទ្រព្យអីច្រើនដូចគេនោះទេ។ ប៉ុន្តែការអះអាងរបស់ ខេម នេះ ហាក់ផ្ទុយពីការពិត ព្រោះថា តាមពិត ខេម មានផ្ទះនិងជិះរថយន្ត Range Rover តម្លៃជាង10ម៉ឺនដុល្លារឯណោះ។

ខេម បន្ថែមថា “តាមពិត កម្រិតជីវភាពយើងហ្នឹង មិនជាធូរធារណាស់ទេ យើងរស់នៅសមរម្យហើយ បើមានប្រពន្ធកូនអី ក៏យើងអាចចិញ្ចឹមរស់បានដែរ។ ប៉ុន្តែខ្ញុំគិតថា រឿងនេះនៅវែងឆ្ងាយ ហើយខ្ញុំឆ្នាំហ្នឹង អាយុ33ឆ្នាំ ហើយអ៊ីចឹងយើងសុំពេលបន្តិចទៀត ទើបគិតរឿងប្រពន្ធកូនហ្នឹងដូចគេដែរ”។

ខេម ថា ការដែលខ្លួនមិនចង់និយាយរឿងគូស្នេហ៍នោះ គឺមិនមែនខ្លាចធ្លាក់កូដទេ ព្រោះមនុស្សគ្រប់គ្នាអ្នកណាក៏មានគូដែរ តែសំខាន់ គឺដល់ពេលវេលាសមស្របណាមួយ ទើបអាចបង្ហាញបាន។

យ៉ាងណា ខេម និយាយថា ការលាតត្រដាងរឿងស្នេហារបស់លោក គឺមិនត្រូវការពេលយូរឆ្នាំទៅទៀតទេ គឺយ៉ាងយូរត្រឹម1ឆ្នាំទៀតប៉ុណ្ណោះ នឹងដល់ពេលវេលាសមស្របត្រូវតែបង្ហាញមុខម្ចាស់ចិត្តឱ្យគេគ្រប់គ្នាអស់ការសង្ស័យតទៅទៀត។

ថ្វីត្បិតតែ ខេម នៅតែមិនព្រមទទួលស្គាល់ថា លោកមានប្រពន្ធនៅបារាំង ឈ្មោះ “ស្រីកា” ដូចការអះអាងរបស់នាងសុវណ្ណ ម៉ូលីកា មែន តែតារាថោន បានអះអាងថា នៅអំឡុងខែមិថុនា ខាងមុខនេះ លោកត្រៀមចេញទៅដើរកម្សាន្តនៅក្រៅស្រុក រយៈពេល1ខែ ដោយមិនទាក់ទងការច្រៀងសម្តែងអ្វីឡើយ។

បើទោះជា ខេម បដិសេធមិនប្រាប់ថា ប្រទេសណាដែលលោកត្រូវទៅដើរចាយលុយលំហែកាយាដល់ទៅ1ខែនោះក៏ដោយ តែច្បាស់ណាស់ គេជឿថា គ្មានប្រទេសណាផ្សេងក្រៅពីបារាំងឡើយ ព្រោះខេម ត្រូវទៅជួបបណ្តូលចិត្តជាស្រីស្អាត “ស្រីកា” ដើម្បីរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀត។

ខេម ជាតារាចម្រៀងប្រុសដែលលេចធ្លោជាងគេនៅផលិតកម្មថោន តែសម្រាប់ការច្រៀងរដូវក្តៅកន្លងមកនេះ ខេម អះអាងថា បានធ្លាក់ប្រាក់ចំណូលជាងឆ្នាំមុនៗ ព្រោះអ្នករៀបចំ Concert ខ្លះ លែងធ្វើកម្មវិធី។

ដោយឡែក សម្រាប់រដូវធ្លាក់ភ្លៀងនេះវិញ ខេម ថា នៅតែមានការងារសិល្បៈធ្វើតក់ៗ ហើយក្នុង1សប្តាហ៍ ចេញច្រៀង 3ទៅ 4 កម្មវិធីដែរ៕