ម្ចាស់បទ “រាំទយ” តារាចម្រៀងសេន យូរី ហៅយូរី របស់ផលិតកម្មសាន់ដេ បានត្រៀមដាក់ទុនរហូតដល់ទៅក្បែរ១០ម៉ឺនដុល្លារ ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួនទាក់ទងការនាំចូលគ្រឿង Cosmetics ពីប្រទេសកូរ៉េ ក្រោយពេលនាងសិក្សាលើការរកស៊ីនេះជាច្រើនឆ្នាំ មក។ ប៉ុន្តែការសម្ពោធមុខជំនួញថ្មីរបស់យូរី នៅមិនទាន់បានកំណត់ជាផ្លូវការឡើយ ដែលនាងថា យ៉ាងយូរណាស់អំឡុងខែកញ្ញា ឆ្នាំ២០១៩ នេះ នឹងចេញជារូបរាងហើយ។

យូរី បានឱ្យដឹងថា “នៅខែកក្កដា ខាងមុខនេះ ខ្ញុំចុះទៅកូរ៉េ មើលរោងចក្រផលិតគ្រឿង Cosmetics ដោយផ្ទាល់ ដើម្បីយកមកលក់នៅស្រុកខ្មែរយើង។ តាមពិត ខ្ញុំបានសិក្សាលើមុខរបរនេះជាយូរមកហើយ ព្រោះអីខ្ញុំបានចេញទៅច្រៀងនៅកូរ៉េ ជាញឹកញាប់ ហើយមានគេណែនាំឱ្យស្គាល់ផលិតផលទាំងនោះ។ ខ្ញុំបានតេស្តយកវាមកប្រើមួយឆ្នាំមកហើយ ឃើញថាល្អមែន អ៊ីចឹងខ្ញុំនឹងទៅមើលម្តងទៀត នៅអំឡុងខែកក្កដា នេះ ហើយចំពោះការនាំចូលបើកលក់ជាផ្លូវការក៏ចាប់ផ្តើមក្នុងពេលឆាប់ៗនេះដែរ យ៉ាងយូរខែកញ្ញា ហ្នឹង។ ខ្ញុំដឹងថា ផលិតផលពីកូរ៉េថ្លៃៗជាងនៅថៃ តែយើងចង់បានរបស់ល្អ ខ្ញុំសុខចិត្តយកចំណេញតិចចុះ ក៏បានដែរ”។

យូរី បានបន្តថា “ការរកស៊ីនេះត្រូវប្រើដើមទុនច្រើនរហូតដល់ខ្ទង់ក្បែរ១០ម៉ឺនដុល្លារឯណោះ ព្រោះយើងចង់បានប្រេនដោយខ្លួនឯង ហើយតាមដឹង បើនៅថៃ វិញ យើងទិញរបស់គេពីរោងចក្រដល់ទៅ១៥០០ដើមឯណោះ ទើបគេឱ្យប្រេនមកយើងបាន។ នៅពេលដែលខ្ញុំនាំចូលផលិតផលនោះមកដល់ស្រុកខ្មែរហើយ ខ្ញុំនឹងមានកម្មវិធី Live ប៉ុន្តែមិនមែនរាល់ថ្ងៃទេ គឺទាល់តែមានរបស់ថ្មី ទើប Live”។

យូរី បញ្ជាក់ថា ការដែលនាងត្រូវតែប្រញាប់ក្នុងការបង្កើតមុខរបរថ្មីមួយ ក្រៅពីសិល្បៈនេះ ព្រោះនាងយល់ថា អាជីពសិល្បៈមិនអាចឋិតថេរឡើយ ហេតុនេះហើយ យើងត្រូវតែមានមុខរបរថ្មីមួយទៀត ដើម្បីឱ្យមានលំនឹង។ ប៉ុន្តែនាងយល់ថា មនុស្សម្នាក់ចាប់អាជីព២ផ្សេងគ្នា គឺមិនអាចធ្វើបានល្អដូចគ្នាឡើយ។

តារាចម្រៀងសាន់ដេ រូបនេះ បន្ថែមថា “ដូចដឹងហើយបង សិល្បៈមិនទៀងទាត់ទេ។ យើងត្រូវតែមានមុខរបរថ្មីផ្ទាល់ខ្លួនមួយ ក្រៅពីអាជីពសិល្បៈ។ ប៉ុន្តែមនុស្សយើងបើចាប់អាជីព២ ក្នុងពេលតែមួយអ៊ីចឹង មិនអាចធ្វើឱ្យរលូនទាំង២ទេ គឺត្រូវតែមានបញ្ហា តែខ្ញុំនៅតែបន្តច្រៀងសម្តែងជាធម្មតា ទោះជាមានមុខរបរថ្មីក៏ដោយ។ សម្រាប់ខែធ្លាក់ភ្លៀងនេះ ខ្ញុំនៅតែមានការងារសិល្បៈធ្វើ ដែលអាចចេញច្រៀង ក្នុង១ខែ ពី៣ទៅ៤កម្មវិធីដែរ ភាគច្រើនកម្មវិធីនៅជិតៗភ្នំពេញ ហ្នឹង”។

ក្រៅពីយូរី តារាដែលងាកមករកស៊ីលក់គ្រឿង Cosmetics មានដូចជា ចន ច័ន្ទលក្ខិណា, ឌួង ហ្សូរីដា, សុខ ពិសី, ពេជ្រ សោភា, ម៉ូលីកា, គីមហួរ ជាដើម ដែលពួកគេកាក់កបខ្លាំង រហូតមានតារាខ្លះលែងចង់អើពើជាមួយអាជីពសម្តែងទៀតផង៕


