តារាចម្រៀងឱក សុគន្ធកញ្ញា និងស្វាមី លោកអ៊ឹង សុខលី ដែលបានដឹកដៃគ្នាទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយសប្បាយមួយអស់ដៃ ព្រោះគេងបន្ទប់សណ្ឋាគារ DAMANTIN ដែលអាចគយគន់មើលប៉ម Tour Effel និងទិដ្ឋភាពជុំវិញទីក្រុងប៉ារីសនោះ ពេលនេះគូស្នេហ៍មួយគូនេះបានដឹកដៃគ្នាបង្ហួសទៅដើរ លងកម្សាន្តនៅ២ប្រទេសថែមទៀត គឺទៅដល់ទីក្រុង Brussels ប្រទេសប៊ែលហ្ស៊ិក និងទៅក្រុង Amsterdam ប្រទេសហូឡង់ ផងដែរ។

ឱក សុគន្ធកញ្ញា បានបង្ហាញការស្រលាញ់ពេញបេះដូងដល់ស្វាមីរបស់នាង លោកអ៊ឹង សុខលី ដែលផ្តល់ភាពកក់ក្តៅឱ្យនាងទាំងជីវិតអាពាហ៍ពិពាហ៍ និងការចេញទៅក្រេបចន្ទទឹកឃ្មុំ (HoneyMoon) ដល់ទៅ៣ប្រទេសផ្សេងគ្នានេះ ទើបធ្វើឱ្យនាងបង្ខំចិត្តមិនទទួលការច្រៀងសម្តែងភ្លាមៗឡើយ ក្រោយពេលរៀបអាពាហ៍ពិពាហ៍ភ្លាមៗនេះ បើទោះជាមានបណ្តាក្រុមហ៊ុនជាច្រើនបានទាក់ទងឱ្យនាង ច្រៀងកម្មវិធីរបស់ពួកគេ តាំងពីក្រោយរៀបការភ្លាមៗក្តី។

អ្នកគាំទ្រតារាចម្រៀង ឱក សុគន្ធកញ្ញា ថ្លែងសារជូនពរនាងឱ្យចាប់ដៃគ្នាជាមួយស្វាមី បានសុភមង្គលជារៀងរហូត ខណៈដែលខ្លះទៀតជូនពរឱ្យនាងឆាប់មានកូនបានប្រលែងលេងឆាប់ៗទៀតផង ស្របពេលដែលនាងកំពុងតែដើរកម្សាន្តសប្បាយនៅក្រៅស្រុក រយៈពេលជិត២សប្តាហ៍មកនេះ។

ដោយឡែក សុគន្ធកញ្ញា វិញ បានថ្លែងសារអរគុណដល់ Fan របស់នាងដែលតែងតែតាមដានពីជីវិតសិល្បៈ និងស្នេហារបស់នាងរហូតមក ទើបគ្រាន់តែដល់បារាំងភ្លាម សុគន្ធកញ្ញា បានបង្ហាញឱ្យអ្នកគាំទ្ររបស់នាងបានឃើញតាំងពីបន្ទប់គេង និងបន្ទប់ទឹកដែលនាងស្នាក់នៅជាមួយស្វាមីទៀតផង។

អ្នកស្រីអ៊ិន ថាច ម្តាយរបស់ឱក សុគន្ធកញ្ញា មិនលើកទូរស័ព្ទឡើយ កាលពីពេលថ្មីៗនេះ ទើបមិនអាចសុំការបញ្ជាក់បានទេថា តើពេលណាទើប សុគន្ធកញ្ញា វិលត្រឡប់មកពីដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅក្រៅប្រទេស និងចាប់ក្បាលមីក្រូឡើងឆាកសាជាថ្មីឡើងវិញ។ ប៉ុន្តែតាមបុគ្គលិកនៅហង្សមាស បានបង្ហើបឱ្យដឹងថា សុគន្ធកញ្ញា នឹងអាចបន្តអាជីពចម្រៀង ហើយបង្ហាញខ្លួនដូចដើមវិញ នៅដើមខែមិថុនា នេះហើយ ព្រោះថា ពេលនេះមានក្រុមហ៊ុនជាច្រើនបានទាក់ទងឱ្យច្រៀងតាមកម្មវិធីជាច្រើន តែសាមីខ្លួនចង់សម្រាកលំហែកាយាសិន ព្រោះទើបរៀបការថ្មីៗអីចឹង ពួកគេត្រូវការដើរលេង។

ឱក សុគន្ធកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នា អស់៨ឆ្នាំមក។ មង្គលការសុគន្ធកញ្ញា ត្រូវបានគេចាត់ទុកថា ធ្វើឱ្យមហាជនមានាការចាប់អារម្មណ៍ជាងគេ ព្រោះតែមានការអញ្ជើញចូលរួមពីសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចជំទាវ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត។

ក្រោយរៀបការ សុគន្ធកញ្ញា បានក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ខណៈដែលស្វាមីរបស់នាង លោកសុខលី ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាសទាំងមូល ទើបធ្វើឱ្យមានការលើកឡើងថា សុគន្ធកញ្ញា នឹងកាន់តែមានឥទ្ធិពលនៅហង្សមាស ថែម ទៀតជាមិនខាន ពេលមានប្តីនេះ៕
