ពិធីការិនីសម្បូរវោហាស័ព្ទ ជីមមី មានបំណងថា ថ្ងៃណាមួយ នាងចង់នាំគូស្នេហ៍ទៅដើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំ (Honey Moon) នៅអូស្ត្រាលី និងប្រទេសមួយចំនួនទៀត នៅប៉ែកអ៊ឺរ៉ុបដែរ ប៉ុន្តែពេលនេះ គួរឱ្យស្តាយ ស្រីស្អាតជីមមី ថា បំណងនេះមិនបានសម្រេចឡើយ ដោយសារនាងមានតែអ្នកតាមស្រលាញ់ តែមិនទាន់មានដៃគូស្នេហាពិតប្រាកដនោះទេ។

វាចារបស់ Jimmy នៅពេលនេះ គឺអំឡុងពេលដែលនាងធ្វើជា MC ក្នុងកម្មវិធីស្រាបៀរថៃហ្គ័រ ប្រគល់រង្វាន់ជ័យមង្គលលើកទី១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៩ ដែលរៀបចំនៅក្រុមហ៊ុន CBL កាលពីថ្ងៃទី២៨ ខែឧសភា។

ពិធីការិនីជីមមី វាចាថា “បើនិយាយថា អត់មានអ្នកស្រលាញ់ក៏គ្មានអ្នកជឿដែរ ព្រោះអីខ្ញុំស្អាតប៉ុណ្ណឹងដែរ។ មានអ្នកស្រលាញ់ គ្រាន់តែយើងមិនទាន់មានដៃគូស្នេហាអ្នកត្រូវចិត្តអីរកមិនទាន់បានទេ។ ឃើញគូស្វាមីភរិយាថ្មីត្រូវរង្វាន់ថៃហ្គ័រ ទៅក្រេបទឹកឃ្មុំនៅអូស្ត្រាលី អ៊ីចឹងខ្ញុំច្រណែនគេដែរ តើព្រោះខ្លួនឯងចង់ទៅហ្នុងដែរ។ ប៉ុន្តែធ្វើម៉េចបើយើងរកមិនទាន់បាន ចាំទៅក្រោយពួកគាត់ក៏បានដែរ ហើយនិយាយទៅ ឱ្យតែត្រូវរង្វាន់ក្រេបទឹកឃ្មុំ គឺភាគច្រើនដឹងតែខ្ញុំធ្វើ MC ហើយដឹងតែឯងហ្នឹង អត់ដៃគូហើយហ្នឹង”។

កញ្ញាជីមមី បានឱ្យដឹងផងដែរថា “នេះជាការប្រគល់រង្វាន់លើកទី១ ជូនដល់គូស្វាមី ភរិយាថ្មីចំនួន៥គូ ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៩ ដែលបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅស្ថានីយទូរទស្សន៍ MyTV។ រង្វាន់លើកទី១ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ២០១៩ របស់ស្រាបៀរថៃហ្គ័រ គឺជារង្វាន់តំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅទីក្រុងស៊ីដនី ជាមួយទឹកប្រាក់១៥០០ដុល្លារ ចំនួន៥រង្វាន់។

ជីមមី មានឈ្មោះដើមថា ម៉េង ឃុននី ហៅ Jimmy ជាពិធីការិនីលេចធ្លោររបស់ PNN ដោយនាងអាចនិយាយបាន៤ភាសា គឺ ខ្មែរ, ថៃ, ចិន និងអង់គ្លេស ហើយនាងស្ថិតក្នុងចំណោមពិធីការិនី ដែលត្រូវប៉ាន់រកលុយបានច្រើន ដូចខៀវ សានសាណា និង Vj ណាណា ផងដែរ។

អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ជីមមី ធ្វើ MC កម្មវិធីអ្វីមួយ ក្នុង១ម៉ោង នាងស៊ីថ្លៃ៥០០ដុល្លារ សម្រាប់នៅភ្នំពេញ ហើយបើចុះខេត្ត តម្លៃជិត១ពាន់ដុល្លារឯណោះ៕


