អ្នកកាសែតស្ទើរគ្រប់ស្ថាប័នទាំងអស់ បានត្អូញត្អែរថា ពួកគេបានបរាជ័យក្នុងការចង់សម្ភាសន៍ស្រីស្អាត រ៉េត ស៊ូហ្សាណា ព្រោះតែតារាសាច់សខ្ចីរូបនេះនៅតែផ្អើលៗជាមួយអ្នកសារព័ត៌មាន សូម្បីតែថតរូបក៏អារម្មណ៍មិនល្អដែរ។

ដោយឡែក ការសុំលេខទូរស័ព្ទទំនាក់ទំនងដើម្បីសម្ភាសន៍ ត្រូវបានស៊ូហ្សាណា ច្រានចោលដោយនាងថា មិនកាន់ទូរស័ព្ទ ឬមានការអីទាក់ទងទៅម្តាយរបស់នាង តែនាងបដិសេធមិនផ្តល់លេខទូរស័ព្ទឡើយ។

រ៉េត ស៊ូហ្សាណា ច្រើនតែព្យាយាមគេចពីហ្វូងកាណុងកាមេរ៉ាអ្នកកាសែត នៅពេលដែលនាងទៅចូលរួមតាមបណ្តាកម្មវិធីអ្នកសិល្បៈដែលជិតដិតមួយចំនួន រហូតភ្ញៀវដែលចូលរួមខ្លះ ចាត់ទុកថា ហ្សាណា បានល្បីវ៉ៃឬកថែមទៀតផង។

ប៉ុន្តែតារាចម្រៀងជើងចាស់របស់ហង្សមាស ពេជ្រ សោភា ធ្លាប់បាននិយាយការពារហ្សាណា ថា នាងស្លូតពេក អត់សូវចេះនិយាយស្តីច្រើន អ៊ីចឹងហើយបានជាគេច្រឡំថា នាងវ៉ៃឬកពាហ្នឹង។

ពេជ្រ សោភា ថែមទាំងថា ហ្សាណា ជាតារាដែលអាចល្បី ជំនួសតំណែងរូបនាង និងឱក សុគន្ធកញ្ញា នាពេលអនាគតទៀតផង។

ក្រៅពីមិនសូវហ៊ានស្និទ្ធជាមួយអ្នកកាសែត រ៉េត ស៊ូហ្សាណា ត្រូវឪពុកម្តាយរបស់នាងតាមការពារជាប់ជានិច្ច ទើបធ្វើឱ្យប្រុសៗ ដែលលង់សម្រស់នាង ហើយចង់សុំតាមស្នេហ៍ត្រូវបរាជ័យ។

ប្រភពបានឱ្យដឹងថា ហ្សាណា ជាតារាដែលត្រូវបានមន្ត្រីធំៗតាមស្នេហ៍ជាងតារាផ្សេងៗទៀត ប៉ុន្តែក្រុមគ្រួសាររបស់នាងនឹងឱ្យហ្សាណា ចេញពីសិល្បៈភ្លាម ប្រសិនបើស្រីស្អាតរូបនេះប៉ះរឿងអាស្រូវ ព្រោះម្តាយតារាចម្រៀងសាច់សខ្ចីដូចបណ្តូលចេកម្នាក់នេះ បានឱ្យហ្សាណា យកការសិក្សាជម្រើសទី១ ចំណែកការងារសិល្បៈជាជម្រើសទី២៕