Wednesday, September 17, 2025
Homeតារាខ្មែរតារាសិល្បៈ៣គូ សង្ស័យកំពុងសាងស្នេហា “ក្លែងក្លាយ”

តារាសិល្បៈ៣គូ សង្ស័យកំពុងសាងស្នេហា “ក្លែងក្លាយ”

ក្រោយគេរកឃើញចំណងស្នេហា ពេជ្រ សោភា និងប្រុសក្មេង ឆឹម សក្កដា ជាស្នេហា “ក្លែងក្លាយ”ខណៈដែលពេជ្រ សូលីកា សម្តែងល្ខោនជាមួយនីកូ ដើម្បីកុំឱ្យមានគេនិយាយថា នីកូ មានស្នេហាជាមួយលោកអៀង វិច្ឆ័យ ហើយស្របពេលដែល ឱក សុគន្ធកញ្ញា ឈប់លេងបិទពួនស្នេហ៍ជាមួយឆន សុវណ្ណរាជ តទៅទៀត ដោយនាងងាកទៅរៀបការជាមួយប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី ទៅហើយនោះ ស្រាប់តែពេលនេះមានការលើកឡើងថា នៅមានតារា៣ដួងទៀត កំពុងត្រូវបានមហាជនសង្ស័យថា ពួកគេកំពុងតែលេងល្ខោនស្នេហាបំភ័ន្តភ្នែកមហាជនផងដែរ។

១-ស៊ឹម សូលិកា ៖ អ្នកមេម៉ាយកូនមួយ ស៊ឹម សូលិកា កំពុងមានចេតនាបង្ហាញឱ្យមនុស្សគ្រប់គ្នាឃើញពីភាពផ្អែមល្ហែមស្នេហាថ្មីរបស់នាងជាមួយពោះម៉ាយ អេង រិទ្ធី ព្រោះពេល នេះពួកគេទៅណាក៏បណ្តើរគ្នាដូចប្តីប្រពន្ធដែរ ទាំងក្នុងនិងក្រៅស្រុក។ យ៉ាងណា​ អ្វីដែលធ្វើឱ្យមហាជនសង្ស័យថា សូលិកា និងលោករិទ្ធី លេងបិទពួនស្នេហ៍នោះ ដោយសារមួយរយៈចុងក្រោយនេះ សូលិកា មានទ្រព្យកើនឡើងយ៉ាងឆាប់រហ័ស​ សឹងតែមិនគួរឱ្យជឿឡើយ ហើយគេថា តាមប្រាក់ចំណូលរបស់លោករិទ្ធី មិនអាចផ្គាប់ចិត្តអ្នកមេម៉ាយរូបនេះបានដល់ម៉្លឹងឡើយ។

សូលិកា បានទិញផ្ទះវីឡាយ៉ាងប្រណីត តម្លៃក្បែរ៣០ម៉ឺនដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោ) ស្ថិតក្នុងគម្រោងទី៨ ហើយនាងជិះរថយន្តទំនើប Lexus Lx 570 2015, Jaguar និងថ្មីៗនេះ ទើបទិញរថយន្តទំនើប Lexus LX 570 ឆ្នាំ២០១៩ មួយគ្រឿងទៀត តម្លៃជាង២០ម៉ឺនដុល្លារ។

ការកើនទ្រព្យលឿនដូចផ្លេកបន្ទោរនេះហើយ ធ្វើឱ្យសូលិកា កាន់តែត្រូវបានគេសង្ស័យថា ចំណងស្នេហានាងជាមួយលោករិទ្ធី មានភាគរយកាន់តែខ្ពស់ជា “ស្នេហាក្លែងក្លាយ” ដោយគេយល់ថា សូលិកា មានគូស្នេហ៍ពិសេសនៅក្រោយខ្នង បើទោះជាពេលនេះលោករិទ្ធី បានឡើងឋានៈជាទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ហើយសូលិកា បានក្លាយទៅជាជំទាវដោយស្វ័យប្រវត្តិក៏ដោយ តែអ្នកខ្លះថា សូលិកា សម្តែងល្ខោនស្នេហ៍ជាមួយលោករិទ្ធី ដើម្បីបញ្ឈឺចិត្តលោកទិត ថាវរិទ្ធ។ ប៉ុន្តែពាក្យចចាមអារ៉ាមទាំងអស់នេះ នឹងត្រូវកាត់បន្ថយជាមិនខាន ប្រសិនបើសូលិកា ក្លាហានហ៊ានដឹកដៃលោករិទ្ធី រៀបការនៅពេលខាងមុខនេះ។

២-ទេព បូព្រឹក្ស ៖ តារាលេងក្បាច់រាំ ទេព បូព្រឹក្ស ដែលធ្លាប់ប៉ះស្នេហ៍ជាមួយមន្ត្រីធំម្នាក់នៅក្រសួងមហាផ្ទៃនោះ បានភ្ជាប់ស្នេហ៍ជាមួយលោកងួន ចាន់ដេវីត ហើយថ្មីៗនេះ ពួកគេបានដឹកដៃគ្នាទៅសាសងស្នេហា និងថតរូប Pre-Wedding នៅកោះ Maldives ដោយលេងសុទ្ធតែឈុតនាងមច្ឆាទៀតផង។

ប៉ុន្តែមនុស្សជាច្រើននៅតែលើកឡើងជាសំណួរថា តើពួកគេស្រលាញ់គ្នាមែនទែន ឬលេងៗទេ?

ការជជែកគ្នាបែបនេះ ដោយសារគេគិតថា ងួន ចាន់ដេវីត មានឈ្មោះមកដល់ពេលនេះ គឺដោយសារតែ ពេជ្រ សោភា បើទោះជារូបគេមានសមត្ថភាពក្តី តែបើសោភា មិនធានាឱ្យចូលហង្សមាស ទេ តើដេវីត នៅឯណា ?

យ៉ាងណា ក្រោយបែកចេញពីសោភា ម្ចាស់បទ “រាំញីកែងជើង”បានលេងមួយក្បាច់ដាក់សោភា វិញ តាមរយៈការទៅភ្ជាប់ស្នេហ៍ជាមួយតារាដែលមិនធ្លាប់ត្រូវគ្នាជាមួយសោភា ទាល់តែសោះ គឺទេព បូព្រឹក្ស នេះឯង។

គេចាំមើលថា ក្រោយពីបានទៅថតរូបតាំងអាពាហ៍ពិពាហ៍ដល់កោះម៉ាល់ឌីវ ហើយ តើបូព្រឹក្ស និងដេវីត ហ៊ានរៀបការអត់ បើពេលខ្លះពួកគេផ្អែមល្ហែមពេលយប់ តែភ្លឺឡើងទាស់គ្នាបែបនេះ ?

៣-យូរី ៖ តារាសាន់ដេ រូបនេះ ក៏ពិបាកធ្វើឱ្យគេជឿជាក់ចំណងស្នេហ៍ជាមួយប៊ីម៉ូ ដែរ ព្រោះពេលខ្លះពួកគេថា ស្រលាញ់គ្នា ពេលខ្លះថា រាប់អានគ្នាជាមិត្តភក្តិទៅវិញ។

ប្រភពបានឱ្យដឹងថា ក្រោយចែកផ្លូវគ្នាជាមួយសង្សារចាស់ លោករ៉េត ពេលនេះ យូរី មានមន្ត្រីធំៗតាមស្នេហ៍ច្រើន ទើបពេលនេះគេពិបាកជឿជាក់ថា ជាចំណងស្នេហាចិត្តមួយថ្លើមមួយណាស់ បើទោះជាអ្នកគាំទ្រថា ស័ក្តិសមគ្នាក៏ដោយ៕

RELATED ARTICLES