Wednesday, September 17, 2025
Homeតារាខ្មែរខេមរៈ សិរីមន្ត វាយបក... រឿងគេថា លោកចូលហង្សមាស ស្ងប់ស្ងាត់

ខេមរៈ សិរីមន្ត វាយបក… រឿងគេថា លោកចូលហង្សមាស ស្ងប់ស្ងាត់

ខេមរៈ សិរីមន្ត ត្រូវបានមជ្ឈដ្ឋានមហាជនទូទៅយល់ថា ការផ្លាស់ប្តូរទ្រនំពីការចាកចេញពីសាន់ដេ ទៅចូលហង្សមាស គឺធ្វើឱ្យអតីតតារាចម្រៀងផលិតកម្ម U2 រូបនេះ ស្ងប់ស្ងាត់ជាងមុន ព្រោះតែម្នាក់ៗបានលើកឡើងថា កាលសិរីមន្ត នៅសាន់ដេ សូម្បីតែកំពូលតារាចម្រៀងព្រាប សុវត្ថិ ក៏រង្គោះរង្គើតំណែងម្តងៗដែរ។ ប៉ុន្តែពេលដែលសិរីមន្ត ទៅដល់ហង្សមាស ព្រាប សុវត្ថិ នៅតែលេខ1ដដែល ខណៈដែលសិរីមន្ត វិញ បែរជាមិនសូវមានបទចម្រៀងផ្ទុះកក្រើកដូចមុនទៀតឡើយ។

ទោះយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០2 ខែមិថុនា តារាចម្រៀងខេមរៈ សិរីមន្ត បានច្រានចោល ដោយលោកអះអាងថា រយៈពេលដែលលោកច្រៀងនៅសាន់ដេ និងហង្សមាស មិនដូចគ្នាទេ ហេតុនេះហើយ សូមកុំឱ្យមនុស្សទាំងឡាយ កុំអាលសន្និដ្ឋានពេក។

អតីតតារាចម្រៀង U2 រូបនេះ បន្តថា បើបទចម្រៀងរបស់លោកនៅសាន់ដេ មាន1000បទ ពេលនេះ បទលោកនៅហង្សមាស ទើបមាន5ទៅ6បទទេ អ៊ីចឹងមិនអាចប្រៀបធៀបគ្នាបានជាដាច់ខាត ព្រោះលោកធ្វើអ្វីទៅតាមគោលការជាក់លាក់ដែលបានកំណត់យ៉ាងច្បាស់លាស់អស់ទៅហើយ។

លោកមិញ សុធីវណ្ណ តារាចម្រៀងជើងចាស់ និងជាតន្ត្រីករល្បីឈ្មោះម្នាក់ ព្រមទាំងធ្លាប់ជាគណៈកម្មការតាមកម្មវិធីប្រលងចម្រៀងមួយចំនួន បានអះអាងថា ក្រុមហ៊ុនហង្សមាស មានដំណាក់កាលរបស់គេ ហើយជាទូទៅ គេចាត់ទុកតារារបស់គេសំខាន់ជាងតារាដែលចូលមកពីខាងក្រៅ ហេតុនេះហើយ យ៉ាងណា គេមិនចោលតារារបស់គេទេ។

លោកសុធីវណ្ណ អះអាងថា “តាមខ្ញុំដឹង ហង្សមាស គេមានដំណាក់កាលគេត្រឹមត្រូវណាស់ អ៊ីចឹងរឿងខេមរៈ សិរីមន្ត មជ្ឈដ្ឋានមហាជនដែលលើកឡើងថា គេចុះខ្សោយជាងមុនអីហ្នឹង ខ្ញុំមិនទាន់អាចសន្និដ្ឋានបានទេពេលហ្នឹង។ ប៉ុន្តែតាមដឹង ហង្សមាស គេមិនដែលឱ្យតម្លៃតារាណាមកពីខាងក្រៅសំខាន់ជាងតារាគេដែលមានស្រាប់ទេ គឺមានន័យថា បទចម្រៀងគេមិនចោលតារារបស់គេទេ មុននឹងធ្វើឱ្យតារាផ្សេង គេធ្វើបទឱ្យតារាចាស់ៗគេសិន។ អ៊ីចឹងខ្ញុំអាចនិយាយបានថា វាអាស្រ័យទៅលើបទចម្រៀងទេ ហើយយើងមានតែតាមដានទាំងអស់គ្នាសិន”។

ទោះជាយ៉ាងណា នៅពេលដែលអ្នកយកព័ត៌មានយើងបានសួរទៅលោកសុធីវណ្ណ ថា តើលោកគិតថា នៅពេលនេះ តើខេមរៈ សិរីមន្ត ឬ ព្រាប សុវត្ថិ មួយណាខ្លាំងជាងនោះ ?

លោកសុធីវណ្ណ បញ្ជាក់ថា “2នាក់ហ្នឹង មានសមត្ថភាពម៉្យាងៗម្នាក់ទេ។ ចំពោះមហាជនវិញ ប្រាកដជាគិតថា មួយណាចេញបទចម្រៀងបានច្រើនជាង អ្នកហ្នុងហើយជាអ្នកឈ្នះ”។

ខេមរៈ សរីមន្ត ត្រូវបានគេផ្គូផ្គងជាច្រើនឆ្នាំមកហើយថា ជាគូប្រជែងយ៉ាងស្វិតស្វាញបំផុតជាមួយព្រាប សុវត្ថិ បើទោះជាសិរីមន្ត ធ្លាប់យកបទចម្រៀងរបស់ព្រាប សុវត្ថិ ទៅច្រៀងពេលប្រលងចម្រៀងរបស់ប៉ុស្តិ៍លេខ3 កម្មវិធី “ណេស្លេ កាហ្វេ” ដោយទទួលបានជោគជ័យតាមរយបទ “បើកសៀវភៅឃើញស្នេហ៍” ក្តី តែពេលនេះ សិរីមន្ត និងម្ចាស់បទល្បីប្រដមប្រសងគ្នា ពេលដែលសិរីមន្ត ឈរនៅផលិតកម្មសាន់ដេ។ ប៉ុន្តែការឈានជើងចូលមកហង្សមាស ធ្វើឱ្យ“ភ្នំមួយមានខ្លា2” នៅពេលនេះធ្វើឱ្យទីផ្សាររបស់សិរីមន្ត មានការប្រែប្រួល ដោយប្រឈមការចុះខ្សោយជាងមុន តែសិរីមន្ត មិនទទួលស្គាល់ឡើយ។

លោកនូ ស៊ិប អតីតតារាចម្រៀងផលិតកម្មហង្សមាស ធ្លាប់និយាយជាច្រើនលើកច្រើនសាប្រាប់អ្នកយកព័ត៌មានយើងថា រហូតមកដល់ពេលនេះ លោកនៅតែមិនយល់ទាល់តែសោះថា ហេតុអីបានជា សិរីមន្ត ចេញពីសាន់ដេ ចូលទៅហង្សមាស ?

លោកថា អំឡុងពេលដែលសិរីមន្ត នៅសាន់ដេ គេខ្លាំងណាស់ តែពេលនេះ គេចូលហង្សមាស គឺនៅមិនទាន់ល្បីដូចកាលនៅសាន់ដេ ឡើយ។ ប៉ុន្តែលោកនូ ស៊ិប បានចាត់ទុកថា រឿងដែលខេមរៈ សិរីមន្ត ចូលទៅហង្សមាស គឺជារឿង “នយោបាយ” ទៅវិញ។

ខេមរៈ សិរីមន្ត បានវិលមកចាប់កាន់ក្បាលមីក្រូសាជាថ្មី កាលពីថ្ងៃទី5 ខែឧសភា បន្ទាប់ពីតារាហង្សមាស បានផ្អាកឡើងឆាកអស់100ថ្ងៃ ដោយសារកាន់ទុក្ខប្អូនស្រីកញ្ញាខេមរៈ ស្រីពៅ ដែលទទួលមរណភាពកាលពីថ្ងៃទី25 ខែមករា ឆ្នាំ2019៕

RELATED ARTICLES