Sunday, November 16, 2025
Homeតារាខ្មែរអ៊ីវ៉ា កាន់តែស្ងប់ស្ងាត់ ក្រោយមិនផ្លាស់ប្តូរទ្រនំ

អ៊ីវ៉ា កាន់តែស្ងប់ស្ងាត់ ក្រោយមិនផ្លាស់ប្តូរទ្រនំ

តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា ហាក់ស្ងប់ស្ងាត់ជាងមុនកាន់តែខ្លាំង ព្រោះមិនមានបទផ្ទះខ្លាំងដូចមុនឡើយ។ ការប្រឈមការចុះខ្សោយរបស់អ៊ីវ៉ា នៅពេលដែលតារាចម្រៀងរូបនេះបានសម្រេចចិត្តមិនផ្លាស់ប្តូរទ្រនំច្រៀងឡើយ គឺបន្តជ្រកកោនជាមួយសាន់ដេ ជាបន្តទៀត ដោយផាត់ចោលសំណើចង់បានរបស់ផលិតកម្មរស្មីហង្សមាស និងថោន។

ទស្សនិកជនដែលចូលចិត្តស្តាប់បទចម្រៀងរបស់អ៊ីវ៉ា បានលើកឡើងថា ប្រសិនបើតារាចម្រៀងសំនៀងក្រអួនក្រអៅរូបនេះ មិនប្រញាប់រកអ្វីដែលថ្មី ឬមានបទល្អច្រៀងឡើងវិញទេ នាងប្រាកដជាពិបាកប្រជែងទីផ្សារចម្រៀងជាមិនខាន ព្រោះពេលនេះ រ៉ាប៊ី របស់ថោន កំពុងតែអុកឡុកផ្នែកចម្រៀងយុវវ័យ និងមានសកម្មភាពលើឆាកធំៗច្រើនជាងអ៊ីវ៉ា។

អ៊ីវ៉ា ជាតារាចម្រៀងដែលត្រូវបានមហាជនយល់ថា នាងអាចច្រៀងបានស្ទើរគ្រប់ប្រភេទទាំងអស់ ហើយការច្រៀងបទស្លូវធ្វើបានល្អជាងតារាផ្សេងៗទៀត ដែលមានវ័យប្រហាក់ប្រហែលនាង។

អ៊ីវ៉ា ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា នាងច្រៀងនៅសាន់ដេ គ្មានកុងត្រាឡើយ ហើយនាងមានសិទ្ធិច្រៀង ឬមិនច្រៀងនូវបទចម្រៀងដែលក្រុមហ៊ុនទម្លាក់ឱ្យ។

ចំណែកលោកអ៊ូ វ៉ាវ ឪពុកតារាចម្រៀងរូបនេះវិញ ថ្លែងថា កូនស្រីគាត់មិនមែនច្រៀងនៅសាន់ដេ រហូតទេ គឺធ្វើការសម្រេចចិត្តទៅតាមពេលវេលា តែអ៊ីវ៉ា បានទុកសាន់ដេ ជាឪពុកម្តាយទី២ របស់គេទៅហើយ ក្រោយចម្រៀងជិត១០ឆ្នាំនៅផលិតកម្មមួយនេះ។

អ៊ីវ៉ា មិនដែលបង្ហាញមុខម្ចាស់ស្នេហ៍ ដោយបណ្តើរគ្នាជាចំហដូចតារាផ្សេងៗឡើយ ស្របពេលដែលចំណងស្នេហារបស់នាងជាមួយលោកថៅកែ “ប” ម្ចាស់ក្លឹប និងហាងបញ្ចាំល្បីឈ្មោះមួយនៅសៀមរាប គ្មានច្រកផ្សះផ្សាឱ្យបានដូចដើមឡើយ។

យ៉ាងណា លោកអ៊ូ វ៉ាវ អះអាងថា លោកបានផ្តល់សិទ្ធិឱ្យកូនស្រីយកប្តីរហូតដល់៦០% ចំណែកលោកសុំតែ ៤០% ដើម្បីសម្រេចតាមក្រោយប៉ុណ្ណោះ៕

RELATED ARTICLES