ភ្នំពេញ ៖ ស្ត្រីម្នាក់ខឹងប្តីមិនប្រឹងជួយធ្វើការ ពូកែតែខាងដេកចាំស៊ីស្រាប់ និងថែមទាំងចូលចិត្តយកលុយទៅបំផ្លាញប៉ាវបនភឿនផឹកស្រា ស្រវឹងអួទីនួ រករឿងប្រពន្ធមិនលស់ថ្ងៃ លុះឃើញប្តីកំពុងជុំគ្នាផឹកស៊ីជាមួយមិត្តភក្តិ ក៏បែកគំនិតបង្ហូរសាំងពីម៉ូតូច្រកដាក់ដបយកទៅចាក់ស្រោចពីលើប្តី រួចកេះដែកកេះដុតប្តីទាំងរស់ បណ្តាលឱ្យឆេះរលាកពេញខ្លួនរងរបួសធ្ងន់។
ហេតុការណ៍ប្រពន្ធចាក់សាំងដុតប្តី ខឹងមិនខំជួយរកស៊ី គិតតែពីដេកស៊ី បានកើតឡើង កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចរោងស្នាក់នៅរបស់កម្មករសំណង់ ក្នុងការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

បុរសជាប្តីដែលត្រូវប្រពន្ធចាក់សាំងដុតទាំងរស់ បណ្តាលឱ្យរងរបួសរលាកពេញខ្លួន មានឈ្មោះដែន វីរៈ អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកស្ត្រីដៃដល់ត្រូវជាប្រពន្ធ មានឈ្មោះរ៉ន សុភា ហៅធារ៉ា អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់។ ប្តីប្រពន្ធអ្នកទាំង២ខាងលើ ធ្វើការនិងស្នាក់នៅការដ្ឋានសំណង់បុរី ប៉េងហួត ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដៃដល់ជាប្រពន្ធបានឆ្លើយសារភាពថា នាងពិតជាបានចាក់សាំងដុតប្តីទាំងរស់មែន មូលហេតុដោយសារតែខឹងបុរសជាប្តីតែងតែយកលុយ ដែលធ្វើការបានទៅផឹកស៊ី និងទិញថ្នាំញៀនជក់ ព្រមទាំងប្រើអំពើហិង្សាមកលើនាងនិងឪពុកបង្កើតរបស់នាងទៀតផង។
ស្ត្រីដៃដល់បានបន្តសារភាពថា កន្លងមក ប្តីរបស់នាងគឺជាមនុស្សខ្ជិលច្រអូសខ្លាំងណាស់ ដេកចាំតែស៊ីស្រាប់ ចង់ធ្វើការក៏ធ្វើ មិនចង់ធ្វើក៏អត់ ដេកចាំតែទារលុយពីនាងចាយ លុះពេលប្តីធ្វើការបានលុយម្តងៗ មិនដែលយកមកផ្គត់ផ្គង់គ្រួសារឡើយ បែរជាធ្វើឬកហ៊ឺហា ប៉ាវបនភឿន ផឹកស៊ី និងទិញថ្នាំញៀនជក់ទៀតផង លុះពេលនាងជាប្រពន្ធខំណែនាំ អូសទាញប្តីឈប់ឱ្យជក់ថ្នាំញៀន បែរជាប្តីមិនព្រមស្តាប់ និងថែមទាំងផ្គើនប្រពន្ធ ដើរផឹកស៊ីមិនចូលកន្លែងដេកទៀតផង លុះនាងគ្រាន់តែស្តីបន្ទោសបន្តិចបន្តួច ធ្វើជាតូចចិត្តតូចថ្លើម វេចខោអាវទៅដេកកន្លែងផ្សេង ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏ធ្វើបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរ- ពេទ្យ និងនាំខ្លួនស្ត្រីជាប្រពន្ធយកមកសាកសួរ ដោយដកហូតបានវត្ថុតាង រួមមាន ដបទឹកសុទ្ធ ដាក់សាំងចំនួន១ និងដែកកេះ ពណ៌ស្វាយ ចំនួន១។
ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕