ភ្នំពេញ ៖ នារីវ័យក្មេងសតិមិនប្រក្រតីម្នាក់ បានដើរស្រាតននលគកពេញផ្លូវ លុះស្ត្រីជាអ្នករើសអេតចាយម្នាក់ ប្រទះឃើញ ក៏យកខោអាវ១សម្រាប់ឱ្យស្លៀកពាក់ត្រឹមត្រូវ បន្ទាប់មកនារីរូបនោះក៏ប្រះខ្លួនដេកនៅលើអង្រឹងក្បែរតូបលក់ដូររបស់ប្រជាពលរដ្ឋ រហូតលង់លក់ទៅ ស្រាប់តែដល់ពាក់កណ្តាលអធ្រាត្រ ស្ត្រីរើសអេតចាយត្រឡប់មកវិញ ឆៀងចូលអើតមើល ក៏ប្រទះឃើញនារីរងគ្រោះដេកស្លាប់ នៅក្នុងអង្រឹងបាត់ទៅហើយ។

ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចអង្រឹងក្រោមដើមប្រេងខ្យល់ ក្បែរតូបលក់ដូរ តាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចក្រោយផ្សារកាណាស៊ីធី ចម្ងាយប្រមាណមួយគីឡូម៉ែត្រ ស្ថិតក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមអត្តសញ្ញាណប័ណ្ណ ដែលមាននៅខាងក្នុងកាបូប ពណ៌លឿង ទុកនៅក្បែរសាកសព បានបញ្ជាក់ឱ្យដឹងថា នារីរងគ្រោះខាងលើ មានឈ្មោះវឿន ធារី ភេទស្រី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ឥតាមសម្តីស្ត្រីជាអ្នករើសអេតចាយម្នាក់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលគាត់កំពុងដើររើសអេតចាយ២នាក់ប្តី ក៏បានប្រទះឃើញនារីរងគ្រោះខាងលើ ដើរម្នាក់ឯងទាំងអាក្រាតកាយ ឃើញដូច្នេះ គាត់បានបានយកខោអាវរបស់គាត់១កំផ្លេ មកឱ្យនារីរូបនោះស្លៀកពាក់ឱ្យបានសមរម្យ រួចហើយក៏នាំមកនាងទៅអង្គុយនៅក្នុង រោងលក់ដូរមួយកន្លែងជាប់អង្រឹង ហើយបានយកបាយឱ្យហូប តែនារីរូបនោះមិនព្រមហូបបាយទេ ទើបរូបគាត់និងប្តីក៏បានបន្តទៅរើសអេតចាយទៀតទៅ។

ស្ត្រីជាអ្នករើសអេតចាយខាងលើ បន្តថា រហូតមកដល់វេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ពួកគាត់២នាក់ប្តីប្រពន្ធ ក៏ត្រឡប់មកពីរើសអេតចាយវិញ បំណងទៅផ្ទះ តែដោយដើរឆ្លងកាត់កន្លែងកើតហេតុ ទើបនឹកឃើញដល់នារីរងគ្រោះ ក៏ឈៀងចូលអើតមើល លុះឃើញនាងដេកលើអង្រឹង ខ្លាចមុសខាំ ក៏រៀបចំដុតធូបមុសឱ្យនាង ស្រាប់តែឃើញនាងហាក់មិនកម្រើកសោះ ទើបអង្រួនដាស់ ទើបដឹងថា នារីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានរាយខ្សែព័ទ្ធទីតាំងកើតហេតុ រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យ តែជំនាញថា ចាំភ្លឺ ចាំធ្វើការទាក់ទងតាមអត្តសញ្ញាណប័ណ្ណរកសាច់ញាតិ ឱ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕