Monday, November 17, 2025
Homeព័ត៌មានជាតិអុជធូបសុំក្តីសុខ បានមួយសន្ទុះ ផ្សែងហុយទ្រលោមឆេះផ្ទះហ្មត់

អុជធូបសុំក្តីសុខ បានមួយសន្ទុះ ផ្សែងហុយទ្រលោមឆេះផ្ទះហ្មត់

ខេត្តកំពង់ធំ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានអុជធូបនៅកន្លែងជំនាងផ្ទះ បែរបន់សុំសេចក្តីសុខតាមទម្លាប់ ស្រាប់តែភ្លចខ្លួនមួយភ្លែត ក៏ត្រូវភ្លើងឆាបឆេះផ្ទះគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិតាប៉ោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ។

លំនៅដ្ឋានដែលទទួលរងការឆាបឆេះទាំងស្រុង មានទំហំ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ ជាប្រភេទផ្ទះឈើសង់ផុតពីដី ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះរៀម អ៊ីម ភេទស្រី អាយុ៦៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីលោកយាយជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានអុជធូបនៅកន្លែងជំនាងផ្ទះ ដូចសព្វដង ដើម្បីបន់ស្រន់សុំសេចក្តីសុខតាមទម្លាប់ លុះពេលអុជធូបរួច គាត់ក៏បានដើរចេញទៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏កើតមានផ្សែងហុយខ្មួលខ្មាញ់ចេញពីផ្ទះរបស់គាត់ ធ្វើឱ្យគាត់ស្រែកឆោឡោហៅអ្នកភូមិឱ្យជួយ ស្រាប់តែភ្លាមនោះ ក៏មានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅទៅហើយ ធ្វើឱ្យគ្រប់គ្នាមិនអាចពន្លត់ឈ្នះឡើយ ពោលគឺទម្រាំភ្លើងរលត់ ផ្ទះនិងទ្រព្យសម្បត្តិរបស់គាត់ ត្រូវឆេះស្ទើរទាំងស្រុងទៅហើយ។

លោកយាយជាម្ចាស់ផ្ទះ បញ្ជាក់ថា គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះរបស់គាត់១ខ្នងស្ទើរទាំងស្រុង អាគុយផ្ទាំងសូឡា ចំនួន១ ប្រាក់រៀលចំនួន២៥ម៉ឺនរៀល ស្រូវចំនួន៦បេ ខោអាវមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់នៅក្នុងផ្ទះជាច្រើនទៀត។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ មិនបានចេញអន្តរាគមន៍នោះទេ ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋជិតខាង ជួយពន្លត់ទាន់ពេល ដោយមិនបង្កឱ្យមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ឬបង្កឱ្យអ្នកណាម្នាក់រងរបួសនោះដែរ៕

RELATED ARTICLES