ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារចរន្តអគ្គិសនីឆក់ ខណៈដែលរូបគេយកដៃទៅដោតរន្ធព្រី ដើម្បីបើកអំពូលភ្លើងបំភ្លឺផ្ទះ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើងដល់អ្នកភូមិ និងសមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ស្រុកពោធិ៍សាត់។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះរហូតដល់បាត់បង់ជីវិតក្នុងករណីចរន្តភ្លើងឆក់នេះ មានឈ្មោះជឹម សំ ភេទប្រុស អាយុ១២ឆ្នាំ មានឪពុកឈ្មោះជឹម សឿន មុខរបរជាមេជាងសំណង់ ម្តាយឈ្មោះព្រីង ហឿន រស់នៅភូមិឃុំកើតហេតុខាងលើ។
បើតាមបុរសជាឪពុក បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានបើកលុយពីមេការ យកមកបើកបន្តឱ្យកូនជាងសំណង់ដែលធ្វើការជាមួយ ហើយក៏នាំគ្នាផឹកស៊ីតិចតួច។ នៅពេលនោះ អំពូលភ្លើងក៏ដាច់ងងឹត ឃើញដូច្នេះ កូនប្រុសរបស់គាត់ ក៏ដើរទៅយកអំពូលថ្មីមកដូរ ខណៈពេលកំពុងដូរអំពូល រូបគាត់ក្រឡេកទៅឃើញកុមាររងគ្រោះឈរនៅក្រោមអំពូលភ្លើង មួយសន្ទះក្រោយមក ស្រាប់តែកុមាររងគ្រោះត្រូវចរន្តឆក់ដួលប្រូសទៅនឹងដី ពេលនោះ ប្រពន្ធរបស់គាត់ស្ទុះទៅលើកកូន ក៏ឆក់ប្រពន្ធគាត់ទៀត តែមិនធ្ងន់ធ្ងរ ចំណែកកូនប្រុសគាត់បានស្លាប់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុការណ៍ ឆក់ស្លាប់ក្មេងរងគ្រោះភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលឃើញថា កុមាររងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន ព្រោះកន្លែងខ្សែភ្លើងដែលគេកាន់គឺមានដាច់រលាត់ ទើបបណ្តាលឱ្យឆក់ស្លាប់បែបនេះ។
ក្រោយពិនិត្យសព្វគ្រប់ សមត្ថកិច្ចបានប្រគល់សពឱ្យឪពុកម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី៕