Monday, November 17, 2025
Homeព័ត៌មានជាតិប្តីនាំស្រីឡើងផ្ទះរួមរ័ក ប្រពន្ធតាមទាន់ ប្តឹងទារសំណងជំងឺចិត្ត៧ពាន់ដុល្លារ

ប្តីនាំស្រីឡើងផ្ទះរួមរ័ក ប្រពន្ធតាមទាន់ ប្តឹងទារសំណងជំងឺចិត្ត៧ពាន់ដុល្លារ

ខេត្តកណ្តាល ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ បែរជាបែកគំនិតលបលួចមានស្រីស្នេហ៍ រហូតដល់ថ្លើមធំហ៊ាននាំស្រីស្នេហ៍ឡើងផ្ទះរួមរ័កគ្នាយ៉ាងត្រេកត្រអាល ខណៈដែលប្រពន្ធរវល់ទៅស្រុកកំណើតមើលថែម្តាយកំពុងមានជំងឺ។ លុះប្រពន្ធដឹងក្លិនមិនស្រួល លបវិលមកផ្ទះវិញ ដោយមិនឱ្យប្តីដឹង ក៏តាមទាន់ឃើញប្តីកំពុងល្អូកល្អិនជាមួយស្រីស្នេហ៍ក្នុងបន្ទប់តែ២នាក់ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

រឿងរ៉ាវប្តីកំហូចនាំស្រីស្នេហ៍ឡើងដេកដល់លើផ្ទះ ត្រូវប្រពន្ធតាមទាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ។

ស្ត្រីជាប្រពន្ធ

បុរសជាប្តីកំហូចដែលនាំស្រីឡើងផ្ទះរួមរ័ក មានឈ្មោះអ៊ូច អន មុខរបរជាងផ្សារដែក។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះរ័ត្ន ស្រីមុំ មុខរបរកម្មការិនីរោងចក្រ។ រីឯនារីជាគូស្នេហ៍ មានឈ្មោះយ៉យ ឃុន អាយុ២៤ឆ្នាំ មានស្រុក កំណើតនៅឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ លំនៅសព្វថ្ងៃក្នុងភូមិដំរែ ឃុំបឹងចា ស្រុកសម្បូណ៍ ខេត្តក្រចេះ។

បុរសជាប្តី

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងបានរៀបការជាមួយនឹងប្តីកំហូចរូបនេះ តាំងពីឆ្នាំ២០១៥មកម៉្លេះ និងបានបង្កើតកូនប្រុសម្នាក់ជាចំណងនិស្ស័យ។ ដំបូងឡើយ នាងនិងប្តីបានស្គាល់គ្នាតាមទូរស័ព្ទ រួចក៏បានជួបមុខគ្នា ហើយក៏បានចាប់ចិត្តស្រលាញ់គ្នា រហូតដល់បុរសជាប្តីបានសម្រេចចូលស្តីដណ្តឹងនាងរៀបការត្រឹមត្រូវតាមផ្លូវច្បាប់ គ្រាន់តែពេលចូលស្តីដណ្តឹងនាងរៀបការនោះ ប្តីទីទ័លខ្លាំងណាស់ ដោយបានខ្ចីលុយអង្គការមកឱ្យថ្លៃបណ្ណាការផង មកទិញម៉ូតូបង់រំលស់ផង ទុកជិះក្រោយរៀបការរួច។

នារីជាស្រីស្នេហ៍

ស្ត្រីជាប្រពន្ធ បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នាងបានបបួលប្តីទៅលេងបុណ្យចូលឆ្នាំ នៅស្រុកកំណើតឯខេត្តតាកែវ ណាមួយឆ្លៀតទៅមើលថែម្តាយឈឺផង តែប្តីមិនព្រមទៅជាមួយទេ ហើយថែមទាំងជេរដៀលពូជនាងទៀត ព្រមទាំងបានដេញនាងទៅទាំងយប់ ទើបនាងទៅចោលប្តី ពីព្រោះប្តីបានវាយប្រតាយប្រតប់ និងបោកទូរស័ព្ទនាងទៀតផង។ យ៉ាងណា នៅមុនពេលចេញពីផ្ទះនេះ នាងបានទៅរកម្តាយក្មេក ដើម្បីប្រាប់គាត់ដែរ តែម្តាយក្មេកអត់នៅ ទើបនាងបានផ្តាំបងប្អូនជិតខាងជួយប្រាប់ម្តាយក្មេករបស់នាងផង។ លុះចូលឆ្នាំរួច ៣ថ្ងៃ នាងបានទូរស័ព្ទទៅប្តីឱ្យមកដឹកនាងមកផ្ទះវិញដែរ តែប្តីមិនព្រមមកទទួលនាងទេ ថែមទាំងទូរស័ព្ទជេរនាងទៀត។ លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នាងបានឮដំណឹងថា ប្តីកំហូចរូបនេះ យកស្រីកំណាន់មកដេកដល់ផ្ទះ។ លុះមកដល់ថ្ងៃកើតហេតុ នាងក៏បានជិះរថយន្តឈ្នួលមកពីស្រុកកំណើតវិញ ពេលមកដល់ផ្ទះ ស្រាប់តែឃើញប្តីនិងស្រីកំណាន់នៅក្នុងផ្ទះតែ២នាក់ ទើបនាងបានរាយកាណ៍ប្រាប់សមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់តែម្តង។

ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា អ្វីដែលនាងចង់បាននៅពេលនេះ គឺការលែងលះឱ្យបានដាច់ស្រេចជាមួយនឹងប្តីម្នាក់នេះ ដោយសារនាងមិនអាចទទួលយកប្តីក្បត់ចិត្តរូបនេះទៀតបានទេ ប៉ុន្តែនាងទាមទារប្រាក់ចំនួន៧ពាន់ដុល្លារ រួមនិងអាហារកិច្ចប្តីចំពោះកូន រីឯទ្រព្យសម្បត្តិ ផ្ទះសំបែង នាងប្រគល់ឱ្យប្តីទាំងអស់។ ប៉ុន្តែប្តីនាងបានសុំផ្តល់ប្រាក់ឱ្យនាងត្រឹមតែ៤ពាន់ដុល្លារប៉ុណ្ណោះ ហើយនាងក៏យល់ព្រម និងបានកំណត់ឱ្យប្តីបង់ប្រាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបញ្ចប់រឿង និងលែងលះគ្នាឱ្យដាច់ស្រេច។

យោងតាមកំណត់ហេតុសម្របសម្រួលទំនាស់របស់ប្តីប្រពន្ធខាងលើ ដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចសាលាឃុំឈ្វាំង មានខ្លឹមសារថា បុរសជាប្តីឈ្មោះ អ៊ូច អន បានឱ្យដឹងថា ប្រពន្ធឈ្មោះរ័ត្ន ស្រីមុំ បានចុះចេញពីផ្ទះ២ខែកន្លះ ដោយឥតមូលហេតុ តាំងពីរៀបការមក រយៈពេល៥ឆ្នាំហើយ ឱ្យតែខឹងបន្តិបន្តួច គឺប្រពន្ធតែងរត់ទៅស្រុក សរុប៤លើកមកហើយ និងត្រូវបានមេភូមិជួយដោះស្រាយរួចទាំង៤លើក តែប្រពន្ធនៅតែរត់ទៅស្រុករាល់លើក ឱ្យតែឈ្លោះគ្នាម្តងៗ។ ចំពោះរឿងលែងលះ ខ្លួនយល់ព្រមលែងលះប្រពន្ធ និងបង់ អាហារកិច្ចឱ្យកូន រហូតដល់កូនអាយុ១៨ឆ្នាំ។

ដោយឡែក នារីជាគូស្នេហ៍របស់បុរសជាប្តីខាងលើ បានឱ្យដឹងថា តាមពិត នាងមិនដឹងថា បុរសជាគូស្នេហ៍រូបនេះ មានប្រពន្ធមិនទាន់លែងលះគ្នាដាច់ស្រេចនោះទេ ដោយគាត់បានប្រាប់នាងថា គាត់គឺជាបុរសពោះម៉ាយ មានកូនប្រុសម្នាក់ ទើបនាងបានលង់ខ្លួនស្រលាញ់គ្នាតែម្តង។

ប៉ុន្តែតាមសម្តីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា នារីជាគូស្នេហ៍ប្តីនេះ មិនមែនមិនដឹងថា ពួកនាងលែងលះគ្នាមិនទាន់ដាច់ស្រេចនោះទេ គឺនាងដឹងច្បាស់ណាស់ តែនាងនោះផ្គើនតែម្តង ព្រោះពេលចូលមកនៅផ្ទះដំបូង ម្តាយក្មេករបស់នាងក៏ធ្លាប់ជេរស្តីបណ្តេញដែរ ដោយប្រាប់ថា ប្តីប្រពន្ធគេមិនទាន់លែងលះគ្នាទេ មិនអាចឡើងមករស់នៅផ្ទះនេះបានឡើយ តែនាងនោះនៅតែធ្វើមិន ដឹងមិនឮ រួមរស់ជាមួយប្តីនាងយ៉ាងងងើល។

ជុំវិញរឿងរ៉ាវជម្លោះស្នេហាត្រីកោណខាងលើនេះ មន្ត្រីសាលាឃុំឈ្វាំង បាននិងកំពុងជួយធ្វើការសម្របសម្រួលឱ្យប្តីប្រពន្ធខាងលើ បញ្ចប់បញ្ហាដោយសន្តិវិធី៕

RELATED ARTICLES