ភ្នំពេញ៖ ស្ត្រីរូបស្រស់ជាអ្នកលក់អីវ៉ាន់តាមអនឡាញម្នាកក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ ដោយពុំទាន់ដឹងមូលហតុ។ ហេតុការណ៍នេះបានបង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងចំណុចបន្ទប់ផ្ទះជាន់ទី២ ស្ថិតតាមបណ្ដោយលេខ២៧ នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះមានឈ្មោះ ពន្លក ចន្ថា អាយុ៣៤ឆ្នាំ មុខរបរលក់អីវ៉ាន់តាមអនឡាញ ស្នាក់បន្ទប់ជួល ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមាន ជ័យ មានស្រុកកំណើតភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមម្ចាស់ផ្ទះជួល បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើបានមកជួលបន្ទប់គាត់ស្នាក់នៅ ជាន់ទី២ ហើយកន្លងមកគាត់តែងតែឃើញស្ត្រីរងគ្រោះចេញចូលធម្មតា ទើបតែ២ថ្ងៃកន្លមកនេះទេ គាត់មិនឃើញនាងចេញពីបន្ទប់សោះ។ ដោយមានការសង្ស័យ គាត់បានឡើងមកគោះទ្វារបន្ទប់ ហៅស្ត្រីគ្រោះជាច្រើនដង តែមិនឮឆ្លើយសោះ។ បន្ទាប់មក គាត់បានបិតឌីសង់ទ័រ ដើម្បីឲ្យជនរងគ្រោះក្តៅស្អុះស្អាប់ នៅក្នុងបន្ទប់មិនបាន ប៉ុន្ដែស្ត្រីរងគ្រោះនៅតែមិនចេញពីបន្ទប់ទៀត ទើបកាត់សម្រេចចិត្ដហៅបងប្អូនជនរងគ្រោះ និងជាងសោរមកកាត់ទ្វារចូលទៅមើលនៅខាងក្នុង ក៏ប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះអន្តរាគមន៍។

ដោយឡែក បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានវិបត្ដិគ្រួសារដោយសារលែងលះគ្នាជាមួយប្ដី ធ្វើឲ្យស្ត្រីរងគ្រោះផឹកស្រាជាប្រចាំថ្ងៃ តែមិនមាននរណាចាប់អារម្មណ៍ថានាងនឹងគិតខ្លីបែបនេះទេ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែឃើញដេកស្លាប់ក្នុងបន្ទប់តែម្ដង។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកធ្វើកោសល្យវិច័យ និងពិនិត្យសាកសពជនរងគ្រោះ រួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់សាកសពស្ត្រីរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕