ភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានចុះផ្សាយពីបុរសម្នាក់បានបើកឡានបុកចូលក្បួនសម្តេចតេជោហ៊ុន សែន កាលពីព្រឹកមិញនេះ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចេញព័ត៌មានបំភ្លឺថា បុរសរូបនោះមិនបានជិះឡានបុកចូលក្បួនសម្តេចនោះទេ ពោលគឺបុរសរូបនេះស្រវឹងស្រា ហើយបើករយន្តលឿនរេចង្កូតពេញផ្លូវ ពេលនោះកម្លាំងសមត្ថកិច្ចបានចេញឃាត់តែម្តង។

បើតាមលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ពុំមានការបើករថយន្តចូលក្បួនថ្នាក់ដឹកនាំ ដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ ដោយនៅវេលាម៉ោង៥ព្រឹក ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងចរាចរនគរបាលផ្លូវគោក ដែលរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងសម្រួលចរាចរជូនគណ:ប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ បានឃើញរថយន្តម៉ាកព្រុស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-5242 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រេចង្កូតពេញផ្លូវ ទើបក្រុមអន្តរាគមន៍ចរាចរចល័ត តាមឃាត់រថយន្តនោះ ដើម្បីធ្វើការឃាត់ខ្លួនអ្នកបើកបរ និងជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុ កម្លាំងនគរបាលបានឃាត់រថយន្តនោះ បាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនា នៅខណ្ឌសែនសុខ។

លោកសែម គន្ធា បានបញ្ជាក់ថា បន្ទាប់ពីការត្រួតពិនិត្យរួច បានបង្ហាញឲ្យឃើញថា បុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដមែន។



