ខេត្តរតនគីរី ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី បែរជាដាច់ចិត្តគិតខ្លីរត់ចូលព្រៃសម្ងំចងកសម្លាប់ខ្លួន រហូតដល់សពហើមស្អុយ ទើបមានអ្នកប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើដើមសុក្រំក្នុងព្រៃ មួយកន្លែង ស្ថិតក្នុងភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះពុំ ប៊ុនធី អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបាត់ខ្លួនមិនឃើញនៅផ្ទះតាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មកម៉្លេះ ដោយមិនមានអ្នកណាម្នាក់បានដឹងថា ជនរងគ្រោះទៅណានោះទេ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ មានអ្នកភូមិដើរឆ្លងកាត់កន្លែងកើតហេតុ ក៏បានប្រទះឃើញសាកសពជនរងគ្រោះចងកសម្លាប់ខ្លួននៅលើដើមសុក្រំ ក៏កើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយជនរងគ្រោះបានប្រើខ្សែគោចងកជាប់នឹងដើមសុក្រំ កម្ពស់ពីដីប្រហែលជា២,៥០ម៉ែត្រ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕