ភ្នំពេញ៖ យុវជនដែលជានិស្សិតបញ្ចប់បរិញ្ញាបត្រនៅក្រៅប្រទេស បានផ្ទុះជម្លោះជាមួយនារីជាសង្សារ ហើយបានប្រាប់ថា រូបគេនឹងចងកសម្លាប់ខ្លួនហើយ បន្ទាប់មកក៏យុវជនរូបនេះបិទទូសរ័ព្ទចោលទៅ។ ដោយមានការសង្ស័យ នារីជាសង្សារបានទូរស័ព្ទទៅឪពុកម្តាយជនរងគ្រោះ ហើយក្រុមគ្រួសារមកដល់បន្ទប់កូនប្រុស ស្រាប់តែកូនប្រុសបានចងកស្លាប់ទៅហើយ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ផ្ទះលេខ៤០៨ ផ្លូវលំ ក្រុម៥ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះចងកស្លាប់ព្រោះតែប្រចណ្ឌនឹងសង្សារ ឈ្មោះ ម៉ម ភក្ត្រា អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាបត្រ នៅប្រទេសក្រៅ រស់នៅផ្ទះកើតហេតុខាងលើ។
តាមប្រភពពក្រុមគ្រួសារយុវជនរងគ្រោះ បានឲ្យដឹងថា កន្លងមកកូនប្រុសរបស់គាត់ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ ឈ្មោះ ជ័យ សុខស្រីនាថ អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គឺអស់រយ:ពេល៦ខែមកហើយ។ បន្ទាប់ពីពួកគេទាំង២ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នា មិនសូវមានសុភមង្គល ឬមិនចុះសម្រុងគ្នា ដោយសារតែកូនប្រុសរបសឮអ្នកស្រី ចូលចិត្តប្រចណ្ឌច្រើន ទើបបង្កជាជម្លោះមិនឈប់ឈរ។

លោកស្រីជាម្តាយយុវជនរងគ្រោះ បានបន្តថា លុះនៅយប់ថ្ងៃកើតហេតុ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ពួកគេទាំង២នាក់បានលេងឆាតវីដេអូជាមួយគ្នា ស្រាប់តែមិនដឹងជាយ៉ាងម៉េចទេ ស្រាបតែឈ្លោះគ្នា ហើយកូនប្រុសរបស់អ្នកស្រីបានប្រាប់ទៅនារីជាសង្សារថា រូបេគនឹងចងកសម្លាប់ខ្លួន។ និយាយបានតែប៉ុណ្ណឹង កូនប្រុសអ្នកស្រីបានបិទទូរស័ទ្ទចោលទៅ ទោះជានារីជាសង្សារខលទៅយ៉ាងណា ក៏កូនប្រុសរបស់អ្នកស្រីមិនព្រមលើកដែរ។

លោកស្រីបានបញ្ជាក់ថា ដោយសារខលទៅកូនរបស់គាត់មិនលើក នារីជាសង្សារបានទូរស័ព្ទមកប្រាប់រឿងរ៉ាវដល់គាត់ ហើយភ្លាមៗនោះ គាត់បានធ្វើដំណើរមកបន្ទប់ដែលកូនប្រុសបានស្នាក់នៅ។ គ្រាន់តែបើកទ្វារចូលទៅ ស្រាប់តែកូនប្រុសរបស់គាត់ចងកជាប់នឹងធ្នឹមបង្អួច ស្លាប់បាត់ទៅហើយ គាត់ក៏បានឆោឡោហៅអ្នកជិតខាងមកស្រាយចំណងទម្លាក់សពកូនប្រុសគាត់ចុះ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។
ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញ គ្រូពេទ្យ បានចុះពិនិត្យ និងកោសល្យវិច័យ ហលយបានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លុះនៅព្រឹកព្រឹកថ្ងៃទី១៦ ខែមិថុនា នារីជាសង្សារបានទៅដល់ផ្ទះកើតហេតុ ហើយបានប្រាប់ថា សង្សាររបស់នាងជាមនុស្សចូលចិត្តប្រចណ្ឌខ្លាំងណាស់ ទោះជានាងខំពន្យល់ប្រាប់យ៉ាងណា ក៏មិនដែរជឿដែរ។ លុះនៅថ្ងៃកើតហេតុ នាងនិងសង្សារបានលេងឆាតវីដេអូមើលមុខគ្នា យ៉ាងផ្អែមល្ហែម ស្រាប់តែសង្សាររបស់នាងបានចោទប្រកាន់នាងថា មានបុរសផ្សេង ភ្លាមនោះនាងក៏បានប្រកែក ហើយពន្យល់ហេតុផលដល់បុរសជាសង្សារ ដើម្បីឲ្យស្ងប់ចិត្ត តែសង្សារនាងនៅតែប្រចណ្ឌ ហើយក៏បានប្រាប់នាងថា គាត់នឹងចងកសម្លាប់ខ្លួន ហើយក៏បិទទូរស័ព្ទចោលទៅ។
នារីជាសង្សារយុវជនរងគ្រោះ បានបញ្ជាក់ថា នាងក៏បានទូរស័ព្ទទៅកាន់សង្សារជាច្រើនលើដែរ តែសង្សាររបស់នាងមិនព្រមលើកនោះទេ។ ភ្លាមនោះ នាងក៏បានទូរស័ព្ទប្រាប់ម្តាយរបស់សង្សារ ហើយពួកគាត់ក៏បាននាំគ្នាទៅមើលបុរសជាសង្សារ ស្រាប់តែឃើញចងកសម្លាប់ខ្លួនទៅហើយ។

នាងមានក្តីរន្ធត់ជាខ្លាំនៅពេលមកឃើញបុរសជាសង្សារដេកស្លាប់ គ្របក្រណាត់សទៅហើយ ធ្វើឲ្យស្រែកទ្រហោយំយ៉ាងខ្លាំង ហើយនាងបានអុជធូប៣សសៃ បួងសួងសូមឲ្យវិញ្ញាណក្ខន្ធបុរសជាសង្សារ បានទៅកាន់សុគតិភព៕