ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមន្ត្រីប៉ូលិស ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀននៅក្លឹបកម្សាន្តរ៉ុក ត្រូវបានចាប់ខ្លួន ហើយនៅរសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ផ្តន្ទាទោសចាប់ច្បាប់។

ហេតុការណ៍ឃាត់ខ្លួនមន្ត្រីប៉ូលិសរូបនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសជាប់ពាក់ព័ន្ធគ្រឿងញៀនរូបនេះ មានឈ្មោះ ឡេង សុខគង់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលពាក់ស័ក្តិ២ បម្រើការនៅអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀន។

បើតាមការឲ្យដឹងពីមន្ត្រីនគរបាលដែលបានចុះចាប់ខ្លួនជនសង្ស័យរូបនេះ បានប្រាប់ថា លោកឡេង សុខគង់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក សេង លាង។ ក្រោយពីបញ្ចប់ការសាកសួរ នៅថ្ងៃនេះ កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់តុលាការរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើម នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមស ថេត បានឆ្មក់ចូលក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលមានលោកឧកញ៉ាគិត ធាង ជាម្ចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនចំនួន៣១២នាក់ ក្នុងនោះ មានជនជាតិចិន១៤នាក់ រួមទាំងដកហូតបានសារធាតុញៀនប្រភេទម្សៅ ៣៩គីឡូក្រាម, សារធាតុញៀនប្រភេទទឹក ៩គីឡូ២ខាំ ;ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១២គ្រឿង និងកាំភ្លើងខ្លីចំនួន១ដើម ផងដែរ។

បន្ទាប់ពីចុះបង្ក្រាបបានប៉ុន្មានថ្ងៃ នៅព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ លោកគិត ធាង ត្រូវបានកងកម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់ខ្លួននៅក្នុងផ្ទះ រួចបញ្ជូនទៅក្រសួងមហាផ្ទៃ។ បន្ទាប់មក នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោកគិត ធាង ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តុះអាសន្ននៅពន្ធនាគារប៉េហ្ស៊ី៕