ខេត្តព្រៃវែង ៖ សំណុំរឿងកសាងវត្តវ៉ៃចេតីយ៍ក្នុងវត្ត រួចធ្វើថ្មីជូនវិញ តែត្រូវគ្រួសារម្ចាស់ចេតីយ៍ប្តឹងចៅអធិការវត្ត និងគណៈកម្មការ ទាមទារសំណង៥ម៉ឺនដុល្លារនោះ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ពុទ្ធបរិស័ទចំណុះជើងវត្តពោធិ៍ដ្ឋាន ហៅវត្តថ្លាវ ស្ថិតនៅភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ប្រមាណជិត១០០នាក់ បាននាំគ្នាជិះរថយន្ត៥គ្រឿង លើកគ្នាមកតុលាការខេត្តព្រៃវែង ក្នុងគោលបំណងគាំទ្រព្រះសង្ឃ និងគណៈកម្មការវត្ត ដោយមិនទទួលយកការចាញ់ក្តី និងមិនឱ្យមានការចាប់ខ្លួនព្រះសង្ឃ ខណៈដែលតុលាការខេត្តព្រៃវែង បានបើកសវនាការសំណុំរឿងមួយនេះ កាលពីព្រឹកទី១៧ ខែមិថុនា ឆ្នាំ២០១៩។
សមាសភាពចៅក្រមជំនុំជម្រះក្នុងសំណុំរឿងក្តីខាងលើនេះ រួមមាន ទី១-លោកស្រី រស់ បូផាណា ចៅក្រមជំនុំជម្រះ ទី២-លោកទុង រតនា ជាតំណាងអយ្យការ និងទី៣-អ្នកស្រី លន សុភី ក្រឡាបញ្ជី។ ដោយឡែកជនជាប់ចោទចំនួន៤នាក់ ដែលត្រូវចូលសវនាការ ទី១-ព្រះចៅអធិការវត្តថ្លាវ ឈាង វល្លី ទី២-ឈ្មោះនូ ថន ទី៣-ឈ្មោះស៊ិន ណុល និងទី៤-ឈ្មោះ ចាន់ យឿន អ្នកទាំង៣ ជាអាចារ្យ គណៈកម្មការវត្ត។

ករណីនេះ ព្រះចៅអធិការវត្តថ្លាវ ជាចុងចោទ បានមានសង្ឃដីកាថា វត្តរបស់ព្រះអង្គមានព្រះសង្ឃជាង១០អង្គ ហើយកំពុងអភិវឌ្ឍន៍ឥតឈប់ឈរ។ ប៉ុន្តែព្រះអង្គ និងគណៈកម្មការវត្ត ត្រូវបានលោកប៉ែន សារ៉ាត់ ហៅប៉ែន រត្ន័ ជាព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ប្តឹងថា វ៉ៃចេតីយ៍គេចោល ដោយមិនបានជូនដំណឹងមុន និងទារសំណង៥ម៉ឺនដុល្លារ។
ព្រះចៅអធិការ មានសង្ឃដីកាបន្តថា ចេតីយ៍ចាស់នេះ គឺមានទីតាំងនៅចំកណ្តាលវត្ត ហើយគណៈកម្មការអាចារ្យ ព្រះសង្ឃ បានប្រជុំសម្រេចធ្វើចេតីយ៍ថ្មី នៅជិតរបងវត្ត ដោយយកធាតុដូនតាដែលនៅក្នុងចេតីយ៍ចាស់ មកដាក់នៅក្នុងចេតីយ៍ថ្មី ទើបវ៉ៃចេតីយ៍ចាស់តាមក្រោយ ព្រោះយកទីតាំងនេះធ្វើព្រះអង្គប្រសូត្រ។ ព្រះសង្ឃបញ្ជាក់ថា មុននឹងវ៉ៃចេតីយ៍ គឺបានជូនដំណឹងទៅម្ចាស់ចំនួន២លើក តាមរយៈលោកអ៊ាង ឈួន អតីតក្រុមប្រឹក្សាស្រុកស្វាយអន្ទរ។

ឯលោកតាអ៊ាង ឈួន អតីតក្រុមប្រឹក្សាស្រុកស្វាយអន្ទរ មានទីលំនៅភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ បានអះអាងថា មុនវ៉ៃចេតីយ៍នោះ លោកបានផ្តល់ព័ត៌មានឱ្យឈ្មោះ សួន ស្រេង កូនប្រសាម្ចាស់ចេតីយ៍កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៣ម្តង និងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ម្តងទៀត នៅមន្ទីរបក្សស្រុក ថាចេតីយ៍ឯងគេត្រូវវ៉ៃចោលហើយ ដើម្បីយកកន្លែងធ្វើព្រះប្រសូត្រ។ ប៉ុន្តែក្រុមគ្រួសារម្ចាស់ចេតីយ៍នោះ គេមិនរវល់ ទើបគណៈកម្មការព្រះសង្ឃសម្រេចវ៉ៃចោលតែម្តង ដោយយកធាតុឪពុកម្តាយគេមកដាក់ក្នុងចេតីយ៍ថ្មី។

ទោះជាយ៉ាងណាក្តី ក្រោយបញ្ចប់សវនាការ លោកស្រីរស់ បូផាណា បានប្រកាសសាលក្រមឱ្យស្មើគ្នា ពោលគឺមិនផ្តន្ទាទោសព្រះសង្ឃ និងគណៈកម្មការទេ ហើយក៏មិនតម្រូវឱ្យសងសំណងមកដើមចោទដែរ។ ការប្រកាសសាលក្រមនេះ ធ្វើឱ្យពលរដ្ឋជាពុទ្ធបរិស័ទគាំទ្រយ៉ាងពេញទំហឹង ដោយទះដៃហ៊ោរពីក្រៅបន្ទប់សវនាការ។
ប៉ុន្តែយ៉ាងណាក្តី ភាគីដើមចោទ បានអះអាងថា ខ្លួនមិនសុខចិត្តទេ ចំពោះការសម្រេចរបស់តុលាការនេះ ហើយនិងប្តឹងទាស់ឧទ្ធរណ៍ ដោយរក្សាជំហរការទាមទារសំណងចំនួន៥ម៉ឺនដុល្លារដដែល។

ជុំវិញករណីវិវាទមួយនេះ “នគរធំ“ នៅមិនទាន់អាចទាក់ទង សុំការបំភ្លឺពីភាគីដើមចោទបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕