Monday, November 17, 2025
Homeព័ត៌មានជាតិកូនប្រសាដៀលម៉ែក្មេក សំពងបងថ្លៃរយះក្បាល

កូនប្រសាដៀលម៉ែក្មេក សំពងបងថ្លៃរយះក្បាល

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ទើបនឹងត្រឡប់មកពីមើលអ័រកាដង់នៅក្នុងភូមិវិញ ទាំងកណ្តាលយប់ ក៏បើកទ្វារចូលផ្ទះវិញលាន់ឮខ្លាំងៗ ស្រាប់តែកូនប្រសាប្រុសភ្ញាក់ពីដំណេក ក្រោកមកស្តីបន្ទោស លុះបុរសជាបងថ្លៃឮប្អូនថ្លៃដៀលម្តាយបង្កើតខ្លួនួឯងគ្មានសំចៃមាត់ ក៏ស្រែកជេរ ធ្វើឱ្យកើតជាជម្លោះបែកផ្សែងទាំងកណ្តាលរាត្រី រហូតឈានដល់អំពើហិង្សា ដោយភាគីប្អូនថ្លៃ បានទាញដំបងឈើវាយក្បាលបងថ្លៃ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ទីបំផុត បងថ្លៃដេកពេទ្យ ប្អូនថ្លៃដេកគុក។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ។

បុរសរងគ្រោះមានឈ្មោះព្រុំ ប៊ុននឿន ហៅយក្ស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (ត្រូវជាបងថ្លៃ)។ ចំណែកជនសង្ស័យជាប្អូនថ្លៃ មានឈ្មោះស៊ុំ ភក្តី អាយុ៣៦ឆ្នាំ មុខរបរជាងដេរខោអាវ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ វត្ថុតាងចាប់យក ដំបងឈើជ្រុង កាំរទេះគោ ១កំណាត់ ប្រវែង០,៥៩ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងប្រពន្ធកំពុងសម្រាកនៅក្នុងផ្ទះរបស់ខ្លួន នៅពេលនោះ ម្តាយក្មេករបស់ជនសង្ស័យឈ្មោះ ម៉ុង ណារុំ បានត្រឡប់មកពីមើលអ័រកាដង់វិញ ហើយបានរុញទ្វារផ្ទះយ៉ាងខ្លាំង ពេលនោះ ជនសង្ស័យក៏ភ្ញាក់ និងបាននិយាយស្តីឱ្យម្តាយក្មេក “ម៉េចក៏រុញទ្វារខ្លាំងម៉្លេះ ចង់បើកម៉េចមិនប្រាប់ ចាំចេញទៅបើកឱ្យ!”។ គ្រាន់តែនិយាយចប់ ជនរងគ្រោះឈ្មោះព្រុំ ប៊ុននឿន ហៅយក្ស ដែលត្រូវជាកូនបង្កើតរបស់ស្ត្រីឈ្មោះម៉ុង ណារុំ ខឹងនឹងជនសង្ស័យប្រើសម្តីធ្ងន់ៗដៀលត្មះម្តាយក្មេក ក៏ស្រែកជេរជនសង្ស័យពីក្នុងផ្ទះមួយទៀត ប៉ុន្តែនៅក្នុងដីឡូត៍ជាមួយគ្នា បន្ទាប់មកក៏មានការជេរប្រមាថគ្នាទៅវិញទៅមក។ ភ្លាមនោះ ជនសង្ស័យខឹងក៏បានរើសដំបងឈើជ្រុងកាំរទេះគោ ដែលនៅក្បែរនោះ រួចហើយបានវាយជនរងគ្រោះចំក្បាល បណ្តាលឱ្យរងរបួស ពេលនោះ ប្រពន្ធរបស់ជនសង្ស័យ ឈ្មោះព្រុំ សាវី បានចូលទៅឃាត់បំបែកចេញរៀងខ្លួនតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាម្តាយក្មេកត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនសង្ស័យជាកូនប្រសាឈ្មោះស៊ុំ ភក្តី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES