Monday, November 17, 2025
Homeព័ត៌មានជាតិមាស សុខសោភា អ្នកដឹកនាំការប្រគំតន្ត្រីម្នាក់ ឲ្យមើលគំរូ ខេមរៈ សិរីមន្ត បើចង់ចូលហង្សមាស

មាស សុខសោភា អ្នកដឹកនាំការប្រគំតន្ត្រីម្នាក់ ឲ្យមើលគំរូ ខេមរៈ សិរីមន្ត បើចង់ចូលហង្សមាស

មាស សុខសោភា បានផ្ញើខ្លួនលើទឹកដីកាណាដា រយៈពេលជិត២ខែមកហើយ ដោយរួមដំណើរជាមួយស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា ដែលតាមគម្រោងនាងត្រូវចេញទៅច្រៀងបន្តនៅសហរដ្ឋអាមេរិក ថែមទៀត ដើម្បីគម្រប់៣ខែ។

ការចេញទៅច្រៀងសម្តែងនៅក្រៅស្រុកលើកនេះ របស់មាស សុខសោភា គឺខុសពីឆ្នាំមុនៗ ព្រោះក្នុងចំណោមតារាស្រីជួរមុខគេ គឺមានតែនាងម្នាក់ប៉ុណ្ណោះដែលចេញទៅរកលុយក្រៅស្រុក ទើបធ្វើឱ្យការគាំទ្រមានសន្ទុះខ្លាំង ធ្វើឱ្យសោភា កើបលុយហួសពីការរំពឹងទុក ខណៈដែលឱក សុគន្ធកញ្ញា, សុគន្ធ និសា, សួស វីសា និង ពេជ្រ សោភា ជាដើមនោះ មិនបានចេញទៅច្រៀងនៅប៉ែកអឺរ៉ុបឡើយ ទើបធ្វើឱ្យសោភា ក្តោបក្តាប់ទីផ្សារនៅក្រៅប្រទេសកាន់តែទូលាយ។

ការបាត់មុខពីបណ្តាកម្មវិធីប្រគំតន្ត្រីជាច្រើនក្នុងស្រុក របស់មាស សុខសោភា ដល់ទៅ៣ខែនេះដែរ ចំពេលដែលមានដំណឹងថា តារាល្បីនេះជិតរើបង្វេចចូលទៅច្រៀងនៅផលិតកម្មរស្មីហង្សមាស ចោលថោន ទៅហើយ ព្រោះថា ទ្រនំធំនោះនៅត្រូវការសោភា ម្នាក់ទៀត ដើម្បីក្តោបទីផ្សារប្រគំតន្ត្រីទាំងឡាយ កុំឱ្យផលិតកម្មណាអាចប្រជែងជាមួយខ្លួនបាន។

ទោះជាយ៉ាងណា នៅពេលដែលដំណឹងមាស សុខសោភា ជិតក្លាយទៅជាសមាជិកតារាហង្សមាស កាន់តែល្បីសុសសាយនេះ តាមព័ត៌មានថា មានអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីមួយចំនួន បានតេស្កាត់ទៅសោភា ដោយឱ្យយោបល់កុំឱ្យនាងចូលហង្សមាស។

ប្រភពនោះបន្ថែមថា អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីទាំងនោះ បានលើកហេតុផលប្រាប់សោភា ថា ឱ្យយកខេមរៈ សិរីមន្ត ជាគំរូ ព្រោះសិរីមន្ត កាលនៅសាន់ដេ ល្បីល្បាញខ្លាំងណាស់ តែពេលចូលដល់ហង្សមាសទៅជាតារាធម្មតាដែលការ អះអាងបែបនេះ ហើយធ្វើឱ្យសោភា នៅទ្រឹង និងរារែកចិត្តចំពោះការចូលហង្សមាស នេះ។

អ្វីដែលពិសេសនោះពេលនេះ ឱក សុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ទៅហើយ អ៊ីចឹងហង្សមាស នឹងមិនលើកតារាស្រីណាជាងប្អូនថ្លៃថៅកែផលិតកម្មឡើយ។

ទោះជាយ៉ាងណា មុនឡើងយន្តហោះចេញទៅកាណាដា មាស សុខសោភា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងត្រូវការពិចារណាឱ្យបានល្អិតល្អន់រឿងគូទៅហង្សមាស ឬអត់ ? តែមិត្តភក្តិរបស់នាងមួយចំនួននៅហង្សមាស បានជំរុញឱ្យនាងទៅទីនោះ។

មាស សុខសោភា ត្រូវបានគេឱ្យតម្លៃថា នាងទៅច្រៀងនៅផលិតកម្មណា គឺល្បីនៅទីនោះ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងនៅតែរក្សាបានក្នុងតំណែងជាកំពូលតារាចម្រៀង ដែលមានការប្រជែងយ៉ាងស្វិតស្វាញជាមួយឱក សុគន្ធកញ្ញា រយៈពេលជិត១០ឆ្នាំមកហើយ។

សោភា ត្រូវបានថៅកែផលិតកម្មថោន ផ្តល់សិទ្ធិឱ្យនាងច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលអាចចេញបទចម្រៀងបានតាមចិត្ត ហើយពេលនេះនាងថែមទាំងមិនចាំបាច់កុងត្រាជាមួយថោន ទៀតផង។

យ៉ាងណា ប្រសិនបើសោភា ចូលហង្សមាស នោះ គេជឿថា នាងនឹងត្រូវថៅកែផលិតកម្មចងជើង ដោយតម្រូវឱ្យនាងចុះកុងត្រារយៈពេល៥ឆ្នាំ ដូចខេមរៈ សិរីមន្ត ជាមិនខាន៕

RELATED ARTICLES