Monday, November 17, 2025
Homeព័ត៌មានជាតិប្រពន្ធឲ្យគេងកើយភ្លៅ មួយសន្ទុះ អង្រួនប្តីមិនព្រមក្រោក... ស្រែកផ្អើលគេឯង

ប្រពន្ធឲ្យគេងកើយភ្លៅ មួយសន្ទុះ អង្រួនប្តីមិនព្រមក្រោក… ស្រែកផ្អើលគេឯង

ភ្នំពេញ ៖ បុរសម្នាក់នៅសុខៗក៏ត្អូញប្រាប់ប្រពន្ធថា មិនស្រួលខ្លួនសោះ ទើបស្ត្រីជាប្រពន្ធដាក់ឱ្យប្តីដេកកើយភ្លៅរបស់ខ្លួន បំណងឱ្យសម្រាកយកកម្លាំងបន្តិចសិន ស្រាប់តែបន្តិចក្រោយមក ប្តីមានអាការដូចជាលែងដឹងខ្លួន លុះប្រពន្ធខំដាស់អង្រួន ទើបដឹងថាប្តីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍ប្តីដេកកើយភ្លៅប្រពន្ធដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន និងខារ៉ាអូខេ ក្តាមស្រែ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះខាងលើ មានឈ្មោះមានហៃ កូមីល៍ អាយុ៤៩ឆ្នាំ ជាជនជាតិអាឡឺម៉ង់ មុខរបររត់តាក់ស៊ី នៅប្រទេសអាឡឺម៉ង់ មានប្រពន្ធមានឈ្មោះវ៉ា ផល្លា អាយុ៤៥ឆ្នាំ ជាជនជាតិខ្មែរ មុខរបរលក់ចាប់ហួយនៅផ្ទះ។ ប្តីប្រពន្ធអ្នកទាំងពីរស្នាក់នៅមួយគ្នា ក្នុងបូរីជាលី ស្ថិតក្នុងភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគាត់និងប្តីបានស្គាល់គ្នារយៈពេលជាង៣ឆ្នាំកន្លងមកហើយ ហើយប្តីរបស់គាត់ក៏មានជម្ងឺទឹកនោមផ្អែមរ៉ាំរ៉ៃ រយៈពេល២ឆ្នាំផងដែរ។ នៅមុនពេលកើតហេតុ រូបគាត់និងិប្តី បាននាំគ្នាជិះម៉ូតូកង់បី១គ្រឿង ចេញពីផ្ទះគោលបំណងទៅលេងផ្ទះម្តាយនៅក្បែរកន្លែងកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់ជាប្រពន្ធបានបបួលប្តី ចូលលេងប្អូនដែលលក់នៅក្នុងភោគជនីយដ្ឋានក្តាមស្រែ មួយសន្ទុះសិន រួចចាំបន្តទៅលេងផ្ទះម្តាយ។ លុះចូលដល់ខាងក្នុងហាង ប្អូនគាត់ក៏បានឃាត់ឱ្យនៅញ៉ាំអីលេងសិន តែប្តីរបស់គាត់បានប្រាប់ថា មានភ្លេងរំខានឮៗណាស់ គាត់មិនចេះនៅទេ។ បន្ទាប់ពីប្តីរបស់បានប្រាប់ដូច្នោះ រូបគាត់និងប្តីបានប្រាប់ប្អួនថា ទៅលេងផ្ទះម្តាយហើយ ព្រោះប្តីរបស់គាត់មិននៅទេ ហើយក៏បាននាំគ្នាដើរចេញមកក្រៅ បានប្រមាណជា៣០ម៉ែត្រ ប្តីរបស់គាត់បានប្រាប់ថា គាត់មិនស្រួលខ្លួន សូមសម្រាកបន្តិចសិន ហើយភ្លាមនោះ រូបគាត់ជាប្រពន្ធបានឱ្យប្តីដេកកើយលើភ្លៅ បំណងឱ្យប្តីសម្រាកយកកម្លាំងសិន។ លុះមួយសន្ទុះក្រោយមក គាត់បានដាស់ប្តីគាត់ឱ្យងើប ស្រាប់តែប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ ទើបធ្វើឱ្យគាត់ស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទំនាក់នងទៅសមត្ថកិច្ចផ្នែកជំនាញឱ្យចុះមកធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារអាការខ្យល់គប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់ទុកនៅសាលតម្កល់សពមន្ទីពេទ្យរុស្សី ទុកប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES