ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ បានរាយខ្សែលួសព័ទ្ធជុំវិញស្រែ បំណងការពារសត្វកណ្តុរ កុំឱ្យចូលកាត់បំផ្លាញផលដំណាំរបស់ខ្លួន ស្រាប់តែមិនជាប់សត្វកណ្តុរ បែរជាឆក់យុវជនម្នាក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យម្ចាស់ស្រែ ដែលជាអ្នករាយខ្សែលួស ភ័យខ្លួនរត់គេចខ្លួនចោលស្រុកបាត់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភ្លឺស្រែមួយកន្លែង ស្ថិតក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

យុវជនរងគ្រោះដែលត្រូវឆក់ចរន្តអគ្គិសនីស្លាប់នៅភ្លឺស្រែ មានឈ្មោះផាច តូច អាយុ២៤ឆ្នាំ មុខរបរអ្នកបើករថយន្តដឹកដី មានស្រុកកំណើតនៅភូមិតាលាក់ផែ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សព្វថ្ងៃមកធ្វើការ និងស្នាក់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។ ចំណែកជនសង្ស័យដែលជាអ្នករាយខ្សែលួសព័ទ្ធស្រែឆក់សត្វកណ្តុរ តែបែរជាធ្វើឆក់មនុស្សស្លាប់ទៅវិញ មានឈ្មោះផេង ផៃ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ (រត់គេចខ្លួនបាត់ស្រមោល ក្រោយពីដឹងថាមានមនុស្សស្លាប់ ដោយសារខ្សែលួសឆក់កណ្តុររបស់ខ្លួន)។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន អាគុយ១គ្រាប់ ម៉ាក Heng Seng កម្លាំង៥០អំពែ ខ្សែលួស១ដុំ និងអាំងវ៉ិចទ័រ ចំនួន១គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រយៈពេលជិតមួយខែកន្លងមកហើយ ដែលជនរងគ្រោះបានមកធ្វើការជាកម្មករបើករថយន្តដឹកដីឱ្យក្រុមហ៊ុន 7NG នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ លុះមកដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៨យប់ ក្រោយពីហូបបាយនៅក្នុងការដ្ឋានរួច ជនរងគ្រោះបានឡើងដេកនៅលើរថយន្តរបស់ខ្លួនតែម្នាក់ឯង ឯតៃកុងរថយន្តផ្សេងទៀត ក៏ដេកនៅលើរថយន្តរៀងៗខ្លួនដែរ រហូតដល់ម៉ោងប្រមាណ៥ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែមានគេប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែ ក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពមានស្នាមរោលខ្លោច រយះដាច់ស្បែកលើក្បាលជង្គង់ស្តាំ ១កន្លែង លើភ្លៅខាងស្តាំមានស្នាមខ្លោច ១កន្លែង និងកំភួនដៃខាងស្តាំ ១កន្លែង។ តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

ក្រោយពិនិត្យរួច កម្លាំងនគរបាលធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកបន្ត ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕