Monday, November 17, 2025
Homeព័ត៌មានជាតិល្បីដល់សម្តេចស ខេង... ចាប់ខ្លួនអតីតយោធាម្នាក់ភ្លាមៗ

ល្បីដល់សម្តេចស ខេង… ចាប់ខ្លួនអតីតយោធាម្នាក់ភ្លាមៗ

ខេត្តឧត្តរមានជ័យ ៖ សំណុំរឿងបង្កៃគ្រាប់បេ ក្បែរអនុវិទ្យាល័យ ហ៊ុនសែន រួចចំប៉ី ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូស្មាច់ ក្រុងសំរោង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំរឿង ឈានដល់ការឃាត់ខ្លួនជនដៃដល់បានម្នាក់ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩។

បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនដែលបានដាក់បង្កៃគ្រាប់បេ៤០ នៅខេត្តឧត្តរមានជ័យ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ជនសង្ស័យជាអ្នកដាក់បង្កៃគ្រាប់បេ៤០នោះ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះហេង ចន្ថា អតីតយោធានៅវរសេនាតូចលេខ៤០២។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីបង្កៃគ្រាប់បេ៤០ ផលិតនៅប្រទេសសូវៀត សរុបចំនួនបួនគ្រាប់ (ព៤០ និងDK75) បានដាក់បង្កៃបីទីតាំងខុសគ្នាពីកន្លែងមួយទៅកន្លែងមួយទៀត មានចំងាយ១០ម៉ែត្រ គឺចំណុចទី១-ជីកកប់ចំនួន២គ្រាប់ ដាក់ចុង គ្រាប់ផ្តេកឡើងលើ ហើយមានយករំសេវមកចាក់ជុំវិញ និងមានដោតធូប១សរសៃ។ ចំណុចទី២-ជីកកប់ចំនួន១គ្រាប់ ដាក់ចុងគ្រាប់ផ្តេកឡើងលើ ហើយមានយករំសេវមកចាក់ជុំវិញ និងមានដោតធូប១សរសៃ និងចំណុចទី៣-ជីកកប់ចំនួន១គ្រាប់ ដាក់ចុងគ្រាប់ផ្តេកឡើងលើ ហើយមានយករំសេវមកចាក់ជុំវិញ និងមានដោតធូប១សរសៃ ដើម្បីត្រៀមបំផ្ទុះនៅក្រោយអនុវិទ្យាល័យហ៊ុន សែន រួចចំប៉ី ស្ថិតក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង។

ក្រោយពេលកើតហេតុ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យកម្លាំងជំនាញអគ្គស្នងការនគរបាលជាតិ បានចុះទៅសហការជាមួយស្នងការនគរបាលខេត្ត ដើម្បីធ្វើការស្រាវជ្រាវករណីបង្កៃគ្រាប់បេនេះភ្លាមៗតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងនាំខ្លួនទៅធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES