Monday, November 17, 2025
Homeព័ត៌មានជាតិដោយសារការស្រលាញ់ ឪពុកខំហាម តែកូនប្រុសចិត្តខ្លាំង រហូតធ្វើឲ្យគាត់ទឹកភ្នែក

ដោយសារការស្រលាញ់ ឪពុកខំហាម តែកូនប្រុសចិត្តខ្លាំង រហូតធ្វើឲ្យគាត់ទឹកភ្នែក

ខេត្តកណ្តាល ៖ បុរសម្នាក់តែងដើរផឹកស៊ីជក់ថ្នាំញៀនជារឿយៗ លុះឪពុកម្តាយដឹងក៏បានហាមឃាត់ដែរ តែមិនស្តាប់ ទើបទ្រាំមិនបាន ក៏ស្តីបន្ទោសកូនប្រុស និងព្រមានឈប់ឱ្យប្រើប្រាស់ថ្នាំញៀនបន្តទៅទៀត ស្រាប់តែមួម៉ៅក្តៅចិត្ត រត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង។

បុរសគិតខ្លីដែលចងកបញ្ចប់ជីវិត មានឈ្មោះស៊ីម ឧត្តម អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ឪពុកម្តាយជនរងគ្រោះ បានឱ្យដឹងថា កន្លងមក កូនប្រុសរបស់គាត់បានដើរសេពគប់មិត្តភក្តិផ្តេសផ្តាស ប៉ះមនុស្សមិនល្អ ក៏ធ្លាក់ខ្លួនប្រព្រឹត្តច្នាំញៀន ហើយគាត់និងប្រពន្ធក៏ធ្លាប់បានអូសទាញកូនប្រុសម្នាក់នេះជារឿយៗដែរ តែគេមិនព្រមតាមសោះ នៅតែបន្តប្រើប្រាស់ថ្នាំញៀនដដែល ទើបពេលខ្លះក៏ស្តីបន្ទោសកូនប្រុសនេះខ្លះៗទៅ។

បុរសជាឪពុកជនរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ពេលដែលបាត់កូនប្រុស (ជនរងគ្រោះ) មិនឃើញឈ្មោះស្វាយ ស៊ីម ភេទប្រុស ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះបានដើរស្វែងរកជនរងគ្រោះ ស្រាប់តែបានប្រទះឃើញកូនប្រុសបានចងកជាមួយអាវយឺត ជាប់ទៅនឹងមែកអំពិល ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ឱ្យសមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ រួមសហការជាមួយកម្លាំងផ្នែកពិនិត្យកន្លែងកើតហេតុស្រុកស្អាង ប្រធានមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ អនុភូមិ ធ្វើការពិនិត្យសាកសពមានស្នាមជាំរង្វង់ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារចងកប្រាកដមែន។

បន្ទាប់ពីពិនិត្យរួច សពបានប្រគល់ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES