Monday, November 17, 2025
Homeព័ត៌មានជាតិអ៊ុន អាលីហ្សា រៀបការជាមួយលោកលី ឃាំង អ្នកជំនួញមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេិក

អ៊ុន អាលីហ្សា រៀបការជាមួយលោកលី ឃាំង អ្នកជំនួញមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេិក

អ៊ុន អាលីហ្សា (អាលីហ្សា) ហៅកូនបារាំង នឹងដឹកដៃគូដណ្តឹងអាណិកជនខ្មែរ មកពីអាមេរិក លោកលី ឃាំង ចូលរោងការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នេះហើយ បន្ទាប់ពីពួកគេបានស្វែងយល់ចិត្តគ្នា ជាង៣ឆ្នាំមកហើយ។

អាលីហ្សា អះអាងថា នាងនឹងបញ្ចប់អាជីពសិល្បៈ ដោយចេញទៅរស់នៅតាមស្វាមីភ្លាមៗ ក្រោយរៀបការរួច…។

អាលីហ្សា បានកំណត់ថ្ងៃរៀបការរបស់នាង នៅថ្ងៃទី22 ខែមិថុនា ឆ្នាំ2019នេះហើយ ដែលអនាគតស្វាមីរបស់នាងជាអ្នកជំនួញ និងជាអាណិកជនខ្មែរ មកពីរដ្ឋកាលីហ្វ័រញ៉ា អាមេរិក លោកលី ឃាំង ដែលមានវ័យក្បែរ30ឆ្នាំ។

តារាចម្រៀងអាលីហ្សា បានឱ្យដឹងថា នេះជាពេលវេលាសមស្របមួយ ដែលនាងត្រូវតែរៀបការតាមប្រពៃណីខ្មែរ ដោយគ្មានការរារែកចិត្តដូចលើកមុនៗទៀតឡើយ។

អាលីហ្សា បានឱ្យដឹងតាមទូរស័ព្ទថា “ខ្ញុំរៀបការនៅថ្ងៃទី22 ខែមិថុនា ហ្នឹងមែនបង! ​ហើយគូដណ្តឹងខ្ញុំ​គាត់ជាអ្នករកស៊ី​ រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ខ្ញុំនិងគាត់បានស្រលាញ់គ្នាជាង3ឆ្នាំមកហើយ និងបានភ្ជាប់ពាក្យជាង1ឆ្នាំ ទើបដល់ពេលរៀបការនេះ។ មង្គលការរបស់ខ្ញុំរៀបចំនៅអគារ L នៅមជ្ឈមណ្ឌលកោះពេជ្រ ហើយជប់លៀង70តុ ក្នុងនោះមានភ្ញៀវអ្នកសិល្បៈភាគច្រើន។ ប៉ុន្តែភ្ញៀវខាងប្តីខ្ញុំ ក៏មកពីអាមេរិក ច្រើនដែរ”។

អាលីហ្សា និយាយដោយមិនមានការរារែកក្នុងចិត្តឡើយថា ក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយ នាងត្រូវបញ្ចប់អាជីពសិល្បៈទាំងស្រុងហើយ ព្រោះពេលបានវីសាពីទូតអាមេរិកហើយ នាងនឹងចេញទៅរស់នៅតាមស្វាមី។

អាលីហ្សា បន្ថែមថា “ក្រោយរៀបការ ខ្ញុំឈប់ពីសិល្បៈហើយបង! ខ្ញុំនឹងចេញទៅរស់នៅអាមេរិក តាមស្វាមី ពេលដែលបានវីសាភ្លាមៗ។ ស្វាមីរបស់ខ្ញុំ គាត់ជាអ្នករកស៊ីអ៊ីចឹង មិនចង់ឱ្យខ្ញុំលេងសិល្បៈទៀតទេ”។

អាលីហ្សា ធ្លាប់ឈឺផ្សាបេះដូងពីរលើកមកហើយ ព្រោះនាងបានចែកផ្លូវជាមួយអតីតសង្សារ សេន រ៉ានុត និងអតីតគូដណ្តឹង លោកជេនី ជាថៅកែលក់កាហ្វេមួយកន្លែង។ ក្រោយស្នេហាមិនសូវសមប្រកប អាលីហ្សា ក៏ធ្លាក់ខ្លួនឈឺជំងឺបេះដូងយ៉ាងខ្លាំង ដែលតម្រូវឱ្យនាងចេញទៅព្យាបាលជំងឺនៅប្រទេសថៃ យ៉ាងទៀងទាត់ទៀតផង។

អាលីហ្សា ធ្លាប់និយាយថា នាងប្រឹងធ្វើការច្រៀងនៅក្លឹប និងច្រៀងតាមមង្គលការរបស់គេ ដោយបានប្រាក់មកសម្រាប់តែទៅព្យាបាលលើជំងឺទាំងអស់។

ប៉ុន្តែមុនដឹកដៃគូដណ្តឹងចូលរោងការនេះ គេឃើញអាលីហ្សា មានទឹកមុខស្រស់ថ្លា ជាសះស្បើយពីជំងឺបានច្រើនហើយ ព្រោះមានម្ចាស់បេះដូងថ្មីមកស្អំរបួសបេះដូង ទើបធ្វើឱ្យអាលីហ្សា ជាទាំងជំងឺក្នុងកាយា និងត្រៀមក្លាយធ្វើជាភរិយារបស់បុរសកូនកាត់ចិន ដោយលែងខ្វល់ពីការច្រៀងរាំទៀតហើយ។

ការជ្រើសស្នេហ៍ក្រៅស្រុករបស់អាលីហ្សា នៅពេលនេះ ដោយសារតែនាងឆ្អែតចិត្តនឹងអតីតគូស្នេហ៍ក្នុងស្រុករបស់នាង ដល់ទៅ2នាក់ ប៉ះតែប្រុសសាវា ហេតុនេះហើយ បានជានាងសម្រេចចិត្តជ្រើសស្នេហ៍ថ្មី “ជួញឆ្ងាយប្រសើរជាងជួញជិត”។

យ៉ាងណា ពេលអាលីហ្សា ហោះទៅរស់នៅអាមេរិក តាមស្វាមី គេជឿថា នាងនឹងបានជួបអតីតសង្សារ សេន រ៉ានុត ដែលមានប្រពន្ធកូនថៅកែលក់ពេជ្រនៅអាមេរិក នោះជាមិនខាន ខណៈដែលពេលនេះ អាលីហ្សា និងរ៉ានុត បានរាប់អានគ្នាជាមិត្តភក្តិវិញម្តង។

ក្រៅពីអាលីហ្សា តារាដែលយកប្តីអាណិកជនខ្មែរ មកពីអាមេរិក មានដូចជា គឹម លក្ខិណា , សុគន្ធ និសា , ពេជ្រ សោភា , សារ៉ាយ សក្ខណា , នី មុល្លិកា , វ៉េត រតនា ជាដើម ដែលពេលនេះ ពួកគេខ្លះរស់នៅដោយសុខសាន្ត និងខ្លះទៀតបានចែកផ្លូវគ្នាកណ្តាលទី។

ចំពោះចំណងស្នេហាថ្មីរបស់អាលីហ្សា វិញ នាងមានជំនឿចិត្តយ៉ាងមុតមាំថា នឹងទទួលបានសុភមង្គលល្អជាមិនខាន ក្រោយពេលរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវ ដែលនៅសល់មិនដល់1សប្តាហ៍ទៀតនេះ។

អាលីហ្សា ភ័យផងអរផង ហើយនាងថែមទាំងមិនចង់ឱ្យមានការផ្សព្វផ្សាយព័ត៌មាន មុនថ្ងៃរៀបការរបស់នាងមកដល់ទេ ព្រោះនាងថា ចង់ឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល ក៏ដូចជាជូនពរជ័យដល់នាងសម្រាប់ជីវិតគ្រងឈុតកូនក្រមុំមែនទែនរបស់នាង ដែលត្រូវប្រគល់បេះដូងឱ្យទៅអ្នកជំនួញវ័យក្មេង មកពីអាមេរិក នេះ៕

RELATED ARTICLES