បន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយថា ផ្ទះលោកមាស នី ត្រូវបានភ្លើងឆាបឆេះកាលពីម្សិលមិញនោះ ក៏មានអ្នកខ្លះសង្ស័យថា មានអ្នកលួចដុត នោះ ពេលនេះ ស្នងការនគរបាលខេត្តបាត់ដំបង បានចេញមកបំភ្លឺនូវរឿងរ៉ាវខាងលើ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តបាត់ដំបង បានបំភ្លឺថា ”ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសជម្រាបសាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គម បានជ្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង១០នាទី មានគ្រោះអគ្គិភ័យមួយ បានកើតឡើងនៅចំណុចក្រុមទី១៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលករណីនេះបណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០៤គ្រួសារ ត្រូវអគ្គិភ័យឆាបឆេះ ប៉ុន្តែមិនបានបណ្តាលឲុ្យមនុស្សណាម្នាក់រងរបួស ដោយឧប្បត្តិហេតុនេះទេ”។

ទំព័រហ្វេសប៊ុកដដែល បានបន្តថា “នៅក្នុងគ្រោះអគ្គិភ័យនេះ ក៏មានលំនៅដ្ឋានមួយ ជារបស់លោក បណ្ឌិត មាស នី ជាអ្នកវិភាគនយោបាយ និងសង្គម ត្រូវបានរងកាខូចខាតដោយគ្រោះអគ្គិភ័យនេះផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង សូមចូលរួមសោកស្តាយចំពោះការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិដ៏មហន្តរាយមួយនេះ។ ក្នុងករណីអគ្គិភ័យមួយនេះ សមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាដក ដែលបណ្តាលឲ្យកើតអគ្គិភ័យនេះដោយយកចិត្តទុកដាក់បំផុត”។

ទំព័រហ្វេសប៊ុកដដែល បានបន្តទៀតថា “ជាមួយនេះដែរ មានការកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានលើកឡើងដោយមិនមានមូលដ្ឋានច្បាស់លាស់ពិតប្រាកដ ប្រើប្រាស់អារម្មណ៍ផ្ទាល់របស់ខ្លួនវាយតម្លៃសន្និដ្ឋានចំពោះគ្រោះអគ្គិភ័យនេះថា កើតឡើងដោយមាន (គេលួចដុត) ទៅវិញ ជាហេតុបង្កឲ្យមានការយល់ច្រឡំក្នុងមជ្ឈដ្ឋានទូទៅ។ ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមបដិសេធចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានលើកឡើងក្នុងបណ្តាញសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ពិតប្រាកដដូចខាងលើ និងសូមសាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងសូមកុំមានការភ័ន្តច្រឡំ សូមអរគុណ”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ផ្ទះចំនួន៣ខ្នងត្រូវបានភ្លើងឆាបឆេះ ក្នុងនោះមានផ្ទះ១ខ្នង ជាកម្មសិទ្ធរបស់លោកមាស នី អ្នកវិភាគនយោបាយ និងសង្គម នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។