ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងអង្គុយជុំគ្នាជាមួយបងប្អូនសាច់ថ្លៃ ជជែកគ្នាលេងសុខៗ ក៏ស្រាប់តែកើតអាការត្រដរខ្យល់ស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើសាឡុងក្នុងខុនដូជាន់ទី១២ នៅបុរីខាំកូស៊ីធី ស្ថិតក្នុងភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

បុរសរងគ្រោះខាងលើ មានឈ្មោះចន នី អាយុ៦៥ឆ្នាំ ជនជាតិសាំងហ្គាពួរ ស្នាក់នៅក្នុងខុនដូ ទីតាំងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យថា នៅវេលាម៉ោង៩ព្រឹក ជនរងគ្រោះចង់ទៅផ្សារ ពេលមកដល់ចំណតឡានជនរងគ្រោះ មានអាការមិនស្រួលខ្លួន រួចគាត់បានទៅមន្ទីរព្យាបាលសម្ភពប្រសិទ្ធភាព តែដោយអាការបេះដូងធ្ងន់ លោកគ្រូពេទ្យក៏ប្រាប់ឱ្យទៅមន្ទីពេទ្យកាល់ម៉ែត ផ្នែកបេះដូង។ ពេលទៅដល់មន្ទីពេទ្យកាល់ម៉ែតផ្នែកបេះដូង បន្ទាប់ពីគ្រូពេទ្យពិនិត្យរួចប្រាប់ថា ឱ្យអ្នកជំងឺសម្រាកចំនួន៣ថ្ងៃ តែជនរងគ្រោះមិនព្រមដេកសម្រាកនៅមន្ទីរពេទ្យឡើយ ដោយនិយាយជាមួយគ្រូពេទ្យ និងសរសេរលិខិតសុំចេញពីពេទ្យត្រឡប់មកខុនដូវិញ។

តាមសំដីបុរសឈ្មោះស៊ុក មករា អាយុជាង២០ឆ្នាំ ត្រូវជាបងថ្លៃរបស់បុរសរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង២រសៀលថ្ងៃដដែល ពួកគេកំពុងអង្គុយជុំគ្នាបួននាក់ លើសាឡុងនៅបន្ទប់ខុនដូជាន់ទី១២ ក្នុងបុរីខាំកូស៊ីធី ខណៈកំពុងអង្គុយលើសាឡុងសុខៗ ប្អូនថ្លៃរបស់ខ្លួនដកចង្កាមាន់ ចំនួន២ដង រួចក៏លែងដឹងខ្លួនតែម្តង ប៉ុន្តែដោយក្រុមគ្រួសារមិនអស់ចិត្តក្រែងលោមិនទាន់ស្លាប់ ទើបដឹកតាមម៉ូតូកង់បីមកកាន់មន្ទីរព្យាបាលសម្ភពប្រសិទ្ធភាព ពេលមកដល់លោកគ្រូពេទ្យបានប្រាប់ថា ប្អូនថ្លៃរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យដល់មន្ទីពេទ្យ រួចដឹកសពទៅតម្កល់នៅវត្តចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ ដើម្បីរង់ចាំចាត់ចែងបន្ត៕