ខេត្តតាកែវ ៖ ក្រុមគ្រួសារមួយ មានសមាជិកជិត១០នាក់ បាននាំគ្នាចៀនពងទា ហូបបាយព្រឹក ស្រាប់តែហូបរួចមកបានប៉ុន្មាន ក៏កើតមានអាការអស់កម្លាំង ល្ហិតល្ហៃ ទន់ដៃទន់ជើង រួចក្អួតចង្អោយ៉ាងខ្លាំង និងត្រូវបានសាច់ញាតិជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងទាំងព្រឹក។

ហេតុការណ៍សង្ស័យពុលចំណី (ពងទាចៀន) ១គ្រួសារជិត១០នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងទឹក ឃុំជាងទង ស្រុកត្រាំកក់។

ក្រុមគ្រួសាររងគ្រោះខាងលើ ដែលត្រូវបានគេសង្ស័យថា ពុលពងទាចៀន មានសមាជិកសរុបចំនួន៨នាក់ រួមមាន ១-ឈ្មោះប៊ិន ស្រីអូន ភេទ ស្រីអាយុ៣២ឆ្នាំ ២-ឈ្មោះផាន់ វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះប៊ិន សុជា ភេទប្រុស អាយុ៤២ឆ្នាំ ៤-ឈ្មោះពេជ្រ យ៉ា ភេទស្រី អាយុ៦៦ឆ្នាំ ៥-ឈ្មោះលឹម ចាន់ថាវី ភេទស្រី អាយុ១០ឆ្នាំ ៦-ឈ្មោះលឹម ចាន់រស្មី ភេទស្រី អាយុ០៨ឆ្នាំ ៧-ឈ្មោះរិន មករា ភេទប្រុស អាយុ០៣ឆ្នាំ និង៨-ឈ្មោះហ៊ន ចិន្តា ភេទស្រី អាយុ០៣ឆ្នាំ។ ជនរងគ្រោះទាំង៨នាក់ ជាក្រុមគ្រួសារតែមួយ និងមានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ។

តាមការបញ្ចាក់ពីជនរងគ្រោះ បានឱ្យដឹងថា ពងទាដែលពួកគាត់យកមកចៀនហូបនៅព្រឹកកើតហេតុនោះ គឺបានទិញកាលពីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ ចំនួន៧គ្រាប់ ពីផ្សារអង្គរកា ហើយបានយកទៅចៀនហូបអស់ចំនួន៤គ្រាប់ភ្លាមៗ។ បន្ទាប់មក នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ពួកគាត់ក៏បានចៀនពងទាហូបចំនួន៣គ្រាប់បង្ហើយ ស្រាប់តែពេលហូបរួចមិនបានប៉ុន្មានផង ក៏ចាប់ផ្តើមកើតមានសភាព ទន់ដៃទន់ជើង ល្ហិតល្ហៃ អស់កម្លាំង និងក្អួតចង្អោគ្រប់ៗគ្នាតែម្តង ទើបឆោឡោដល់អ្នកជិតខាង និងសាច់ញាតិ ប្រញាប់ជួយដឹកបញ្ជូនពួកគាត់ទាំង៨នាក់ ទៅកាន់មន្ទីរពេទ្យ សង្គ្រោះបានទាន់ពេល។

ជនរងគ្រោះបានបញ្ជាក់ថា ពងទាដែលចៀននោះ គឺគាត់បានដាក់គ្រឿងផ្សំមានប៊ីចេង អំបិលធម្មតា និងពុំបានដាក់ម្រេចទេ ហើយនៅមុនពេលកើតហេតុនោះ ក្រោយពេលភ្ញាក់ពីដំណេកមក ពួកគាត់ទាំងអស់គ្នាពុំបានហូបអ្វី ក្រៅពីពងទាដែរ។

បច្ចុប្បន្ន អ្នកជំងឺទាំង៨នាក់ ដែលសង្ស័យពុលចំណី (ពងទាចៀន) ខាងលើ ត្រូវសាច់ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរកា ដើម្បីជួយសង្គ្រោះរួចហើយ៕