Monday, November 17, 2025
Homeព័ត៌មានជាតិអ្នកទិញដីឡូត៍៣ឆ្នាំ ទទួលបានត្រឹម ក្រដាសសុំកិច្ចអន្តរាគមន៍

អ្នកទិញដីឡូត៍៣ឆ្នាំ ទទួលបានត្រឹម ក្រដាសសុំកិច្ចអន្តរាគមន៍

ភ្នំពេញ ៖ ជនរងគ្រោះ២នាក់បងប្អូន ដែលបានប្រឹងសន្សំលុយទិញដីឡូត៍ កាលពី៣ឆ្នាំមុន ហើយបានបង់លុយគ្រប់ ចុងក្រោយទទួលបានត្រឹមក្រដាសមិនមានដី ទើបទទូចដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ផង ក្រោយពីភាគីអ្នកលក់ដីគេព័ទ្ធរបងយកដីវិញ។

ដីដែលកំពុងមានទំនាស់នេះ ជាប្រភេទដី២ឡូត៍ ដែលមានបណ្តោយ២៨ម៉ែត្រ គុណនឹង៥ម៉ែត្រ ស្ថិតនៅភូមិតាកេរិ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្ន ខណ្ឌកំបូល ជនរងគ្រោះអ្នកទិញ២នាក់បងប្អូននេះ មានឈ្មោះហោ ម៉ៅ មុខរបររត់ម៉ូតូឌុប ស្នាក់ផ្ទះជួលភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯអ្នកលក់ គឺលោកស្រី អ៊ាត សុនិសា ដែលគេស្គាល់ថា ជាមន្ត្រីបម្រើការងារក្នុងក្រសួងការបរទេស។

លោកស្រី អ៊ាត សុនិសា

យោងតាមលិខិតទិញលក់ និងផ្ទេរកម្មសិទ្ធិ ថា! ភាគីទាំងសងខាងបានព្រមព្រៀងគ្នាក្នុងការលក់ទិញផ្ទេរកម្មសិទ្ធិ តាំងពីថ្ងៃ៨ ខែមករា ឆ្នាំ ២០១៦ មកម៉្លេះ ដោយអ្នកទិញបានប្រគល់ប្រាក់គ្រប់ចំនួនឱ្យទៅអ្នកលក់ ខណៈលិខិតផ្ទេរសិទ្ធិ កាន់កាប់នោះ មានចុះហត្ថលេខាបញ្ជាក់ពីចៅសង្កាត់កំបូល លោកហ៊ុយ យ៉ែម និងលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ទៀតផង តែបែរជាលោកស្រីអ៊ាត សុនិសា មកធ្វើរបងថ្ម ព័ទ្ធជិតជុំវិញមិនឱ្យជនរងគ្រោះ ជាអ្នកទិញ ចូលទៅសាងសង់ផ្ទះ ឬធ្វើអ្វីៗលើដីដែលពួក ខ្លួនបានទិញនោះឡើយ។

ជនរងគ្រោះបានបញ្ជាក់ថា ដំបូង គឺដូចការរៀបរាប់ខាងលើមែន និយាយរួម គឺទិញដីគេឱ្យលុយគ្រប់ចំនួន មានទាំងលិខិតផ្ទេរកម្មសិទ្ធិ ទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន មិនគួរលោកស្រី អ៊ាត សុនិសា អាងខ្លួនជាមន្ត្រីមានលុយ មានអំណាចមកធ្វើរបងបិទយកដីពួកគាត់បែបនេះសោះ ដោយមូលហេតុថា ដីមានបញ្ហាទៅវិញ?។

ជនរងគ្រោះបានលើកឡើងទៀតថា ទំនាស់នេះមូលហេតុមកពីដីឡើងថ្លៃទេ ឃើញទីផ្សារថ្លៃខុសពីមុនច្រើនខុសលុយច្រើន ទើបលោកស្រីអ៊ាត សុនិសា ជាអ្នកលក់ប្រែក្រឡាស់បង្កទៅជាទំនាស់ ធ្វើរបថ្មបិទទាំងបំពានមកលើដីអ្នកក្រដូចពួកគាត់។

ទោះជាយ៉ាងណាក្តី ករណីនេះជនរងគ្រោះសូមស្នើយ៉ាងទទូចដល់ដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ដល់ពួកគាត់ដែលជាជនរងគ្រោះក្រីក្រផង ខណៈសព្វថ្ងៃខំរត់ម៉ូតូឌុប ដើម្បីសន្សំប្រាក់ទិញបានដី១កន្លែង សម្រាប់ធ្វើផ្ទះឱ្យកូនស្នាក់នៅក្រុងភ្នំពេញ តែចុងក្រោយ ទិញដីបានតែក្រដាស។

ជុំវិញការលើកឡើងខាងលើនេះ យើងមិនអាចទាក់ទងសុំការបកស្រាយពីលោកស្រី អ៊ាត សុនិសា បានទេ នៅថ្ងៃនេះ ព្រោះមិនអាចទាក់ទងបាន តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ៕

RELATED ARTICLES