ខេត្តកណ្តាល ៖ នារីម្នាក់ស្លៀកខោកៅស៊ូជើងខ្លីបញ្ចោញសាច់សខ្ចី ដេកយប់ភ្លេចបិទទ្វារ ក៏ស្រាប់តែត្រូវប្រុសព្រានម្នាក់ស្នាក់នៅបន្ទប់ក្បែរគ្នាប្រទះឃើញ ទប់អារម្មណ៍មិនបាន ក៏លបចូលទៅយកភួយគ្របខ្ទប់មុខ កុំឱ្យមើលស្គាល់ រួចក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតដល់បានសម្រេច រួចព្យាយាមរត់គេចចូលបន្ទប់របស់ខ្លួន សម្ងំដេកធ្វើដូចមិនដឹងរឿង ទីបំផុត ៣ថ្ងៃក្រោយមក ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចការដ្ឋានសំណង់ផ្ទះល្វែង ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះបុល បាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិថ្មី ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកនារីរងគ្រោះ អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង សព្វថ្ងៃធ្វើជាកម្មករសំណង់ និងស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា (បន្ទប់ក្បែរជនសង្ស័យ)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យនិងនារីរងគ្រោះ បានចាកចេញពីស្រុកកំណើតរបស់ខ្លួននៅខេត្តព្រៃវែង មកធ្វើការជាកម្មករនៅការដ្ឋានសំណង់ផ្ទះល្វែងនៅក្រុងតាខ្មៅ ជាមួយគ្នា តែកន្លែងដេកបន្ទប់ផ្សេងគ្នា។ លុះមកដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នារីរងគ្រោះបានដេកស្លៀកខោកៅស៊ូខ្លី បញ្ចោញសាច់សខ្ចី និងថែមទាំងភ្លេចដាក់គន្លឹះទ្វារទៀតផង ជាហេតុធ្វើឱ្យជនសង្ស័យប្រទះឃើញ កើតមានអារម្មណ៍តណ្ហាទប់មិនជាប់ ក៏ដើរចេញពីបន្ទប់ខ្លួន លបចូលបន្ទប់នារីរងគ្រោះ រួចធ្វើសកម្មភាពយកភួយមកគ្របពីលើជនរងគ្រោះ ពីក្បាលដល់ត្រឹមចង្កេះ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនារីរងគ្រោះរហូតដល់បានសម្រេច បន្ទាប់មកក៏ក្រោកគេចទៅសម្ងំដេកក្នុងបន្ទប់របស់ខ្លួនវិញ ធ្វើដូចមិនដឹងរឿង។

ក្រោយពីមានហេតុការណ៍កើតឡើង នៅព្រឹកថ្ងៃដដែល នារីរងគ្រោះបានប្រាប់រឿងរ៉ាវទាំងប៉ុន្មាន ទៅបងស្រីជីដូនមួយ រួចដាក់ពាក្យបណ្តឹងទៅនគរបាលក្រុងតាខ្មៅ ឱ្យជួយអន្តរាគមន៍។
បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានខាងលើរួច ក៏ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០១៩ នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ រហូតដល់បានសម្រេចប្រាកដមែន ដោយសារតែខ្លួនបានប្រទះឃើញនារីរងគ្រោះ ដេកស្លៀកខោខ្លី បញ្ចោញសាច់ខ្ចី និងដោយភ្លេចដាក់គន្លឹះទ្វារទៀត ទើបទ្រាំមិនបានក៏ចូលទៅចាប់រំលោភតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕