ខេត្តកំពង់ឆ្នាំង ៖ នាយកការផ្សាយគេហទំព័រក្រាំងមាស លោកងិន វាសនា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងហាងកាហ្វេមួយ ជិតមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងកំហែងយក។
លោកលឹម ហាក់ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ពិតជាមានការឃាត់ខ្លួនលោកងិន វាសនា នាយកការផ្សាយគេហទំព័រក្រាំងមាស មែន នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ពីបទបរិហារកេរ្តិ៍ និងកំហែងយក តាមពាក្យបណ្តឹងរបស់មេធាវី លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចោទប្រកាន់លើបទល្មើសដូចបានរៀបរាប់ខាងលើ។ លោកបានបញ្ជាក់ថា មិនមែនចាប់តែលោកងិន វាសនា ទេ គឺមានទាំងសហការីគាត់ម្នាក់ទៀត ឈ្មោះទូច ឌីន អាយុ៥១ឆ្នាំ ក៏ត្រូវបានចាប់ខ្លួនផងដែរ។

ប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា បន្ទាប់ពីលោកងិន វាសនា បានចុះផ្សាយអំពីលោកឧកញ៉ាទៀ វិចិត្រ ក្នុងករណីនាំប្រេងគេចពន្ធចូលមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា មេធាវីលោកឧកញ៉ាទៀ វិចិត្រ បានឱ្យលោកងិន វាសនា ចុះផ្សាយបកស្រាយឡើងវិញ។ ប៉ុន្តែមិនបានដឹងថា លោកងិន វាសនា បានចុះបកស្រាយបំភ្លឺឡើងវិញ ឬក៏មិនបានបកស្រាយនៅក្នុងគេហទំព័ររបស់ខ្លួននោះយ៉ាងណាឬទេ ស្រាប់តែនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ លោកងិន វាសនា ត្រូវបានចាប់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ថា ការចាប់ខ្លួននេះជាបទល្មើសជាក់ស្តែង។
ជុំវិញបញ្ហានេះលោក លឹម ហាក់ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា លោកងិន វាសនា បានទាមទារប្រាក់ចំនួន២៨០០ដុល្លារ ប៉ុន្តែត្រូវគ្នាត្រឹម២.៤០០ដុល្លារ ជាថ្នូរនឹងការបិទព័ត៌មានដែលបានចុះផ្សាយ។ លោកងិន វាសនា និងសហការីគេហទំព័រក្រាំងមាស ត្រូវបានមន្ត្រីកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕