Monday, November 17, 2025
Homeព័ត៌មានជាតិប៉ូលិសដេកយាម២យប់៣ថ្ងៃ ចាំបង្ក្រាបទីតាំងផលិតឡេ

ប៉ូលិសដេកយាម២យប់៣ថ្ងៃ ចាំបង្ក្រាបទីតាំងផលិតឡេ

ភ្នំពេញ ៖ ទីតាំងផលិតឡេ១កន្លែង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះធ្វើការឆែកឆេរ សង្ស័យលួចផលិតគ្រឿងសម្អាង (ឡេ) គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែមុននឹងឈានដល់ការបង្ក្រាបកម្លាំងសមត្ថកិច្ចបានប្រើពេលវេលាដេកយាម រហូតដល់២យប់៣ថ្ងៃឯណោះ ទើបខាងម្ចាស់ផ្ទះអនុញ្ញាតឱ្យចូលត្រួតពិនិត្យ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាយឡេខុសច្បាប់ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វែងមួយកន្លែង ដាក់ស្លាកក្រុមហ៊ុនយីហោ ហុង ថន ខសមេធីក ឯក តាមបណ្តោយផ្លូវបេតុង ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង សហការជាមួយនគរបាលខណ្ឌមានជ័យ និងមានការសម្របសម្រួលពីលោក កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា មុនឈានដល់ការបង្ក្រាបទីតាំងលួចលាក់ផលិតឡេក្លែងក្លាយ និងបន្លំម៉ាកសញ្ញាគេនោះ កម្លាំងជំនាញរបស់នាយកដ្ឋានននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានស្រាវជ្រាវយ៉ាងល្អិតល្អន់ ហើយដឹងច្បាស់ពីក្រុមជនទុច្ចរិតបានលួចប្រព្រឹត្តបទល្មើសនោះ ទើបសុំបើកការស៊ើបអង្កេតទៅ ព្រះរាជអាជ្ញាអមសាលាដំបូង ដើម្បីឃាត់ខ្លួនម្ចាស់ទីតាំង និងរឹបអូសវត្ថុតាងទាំងនេះ។

លោកឡុង ស្រេង បន្តថា ពេលកម្លាំងជំនាញចុះទៅដល់ម្ចាស់ទីតាំងបានរំដោះកម្មករ ដែលកំពុងធ្វើការទីនោះចេញ និងនាំគ្នាគេចខ្លួនបាត់អស់ ទើបសមត្ថកិច្ចបង្ខំចិត្តចាក់សោទ្វារ និងដេកយាម២យប់៣ថ្ងៃ ទើបម្ចាស់ទីតាំងបង្ហាញមុខ និងយល់ព្រមចូលរួមឆែកឆេរតាមដីការបស់ស្ថាប័នអយ្យការ ដើម្បីពិនិត្យកន្លែងលួចលាក់ផលិតឡេក្លែងក្លាយនេះ នៅថ្ងៃទី២០ មិថុនា នេះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនប្រភេទ រួមមាន ម្សៅលាយឡេ សំបកវេចខ្ចប់ ព្រមទាំងឧបករណ៍ ដូចជា ម៉ាស៊ីនកែច្នៃ ជាដើម។

បច្ចុប្បន្ន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងធ្វើការត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតឡេខុសច្បាប់នេះ ដោយមិនទាន់បានបញ្ជាក់ថា មានគ្រឿងសម្អាងប្រភេទអ្វី ឬម៉ាកអីនោះទេ៕

RELATED ARTICLES