កាលពីម្សិលមិញ អតីតរដ្ឋលេខាធិកាក្រសួងវប្បធម៌ លោកថៃ នរៈសត្យា បង្ហោះសំណេរតាមហ្វេសប៊ុកដ៏វែងអន្លាយ វាយប្រហារទៅលើអតីតភរិយា លោកស្រីងិន ម៉ានីយ៉ា ដោយបានហៅថាជាស្រីកំណាច និងលួចផិតក្បត់ប្តីទៅមានប្រុស ហើយក៏ត្រូវអតីតភរិយាវាយបកមកវិញនោះ អ្នកសារព័ត៌មានយើងបានសម្ភាសន៍លោកនរៈសត្យា ដើម្បីឱ្យលោកបកស្រាយពីបញ្ហាគ្រួសារដែលកំពុងហែកហួរក្នុងហ្វេសប៊ុកនេះ។

លោកថៃ នរៈសត្យា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ថា “ខ្ញុំនិយាយអ្វីនៅក្នុង Status របស់ខ្ញុំ គឺជាការពិត ប៉ុន្តែនរណាជឿថា យើងអាចនិយាយពិតបានទាំងអស់? បើយើងនិយាយទាំងអស់ត្រឹមត្រូវ គេថាត្រឹមត្រូវដែរអត់? វាពិត គេថា ពិតដែរអត់? អ៊ីចឹងវាជាការពិបាកមួយក្នុងការដែលយើងត្រូវទាមទារយកជោគជ័យ ឬក៏យើងទាមទារយកការជឿជាក់ពីមហាជន។ យូរៗទៅ សម័យនេះ វាចង់យកព្រះ យកទេវតា ជាសាក្សីទៅហើយ ព្រោះសម័យនេះ មនុស្សកាន់តែពូកែទៅៗ វាចាផ្លុំខ្មៅទៅជាស សទៅជាខ្មៅ ប៉ុន្តែក្នុងតួនាទី ក្នុងនាមរបស់ខ្ញុំជាមនុស្សម្នាក់ Status របស់ខ្ញុំ គឺមានភាពពិត។ ខ្ញុំជាមនុស្សដែលមានកំហុសខ្លះក៏ពិតមែន ក៏ប៉ុន្តែខ្ញុំអត់មានទៅជាមនុស្សម្នាក់ ដែលទៅចងអាឃាតព្យាបាទជាមួយអ្នកណាទាំងអស់ សូមលោកសារព័ត៌មាន មើលនៅក្នុង Status របស់ខ្ញុំរាប់ឆ្នាំកន្លងមក ខ្ញុំដែលនិយាយជេរប្រទេចពីអ្នកណាដែរអត់? ប៉ុន្តែម្ខាងទៀត លោកស្រីម៉ានីយ៉ា នោះ ជេរប្រទេចផ្តាសាមកលើពួកខ្ញុំអត់ឈប់ ដែលយើងលែងលះគ្នារាប់ឆ្នាំហើយ។ នោះគឺជាបញ្ហាមួយ ដែលគួរតែសាធារណជន លោកមេត្តាមើលឃើញផង ខ្ញុំនិយាយតែអំពីការងារ ខ្ញុំនិយាយតែអំពីតែចិត្តវិទ្យា ចិត្តសាស្ត្រខ្លះៗ ការកំប្លែងលេងខ្លះៗ ផ្តល់នូវចំណេះដឹងឱ្យសាធារណជន ឱ្យ fan នៅក្នុងហ្វេសប៊ុករបស់ខ្ញុំ ហើយជួនកាលខ្ញុំក៏និយាយអំពីការងារខ្លះៗ ដែលកំពុងតែធ្វើ កំពុងតែដោះស្រាយ។ ខ្ញុំមិនដែលរវល់ យកខ្លួនទៅនិយាយពីរឿងគ្រួសារឯង ឬក៏ពីរឿងនរណាម្នាក់នៅក្នុងហ្វេសប៊ុកទេ ខ្ញុំថែមទាំងធ្លាប់បាននិយាយថា ធ្វើល្អពេញមួយជីវិត ក៏គង់តែមានអ្នកស្អប់ ធ្វើអាក្រក់ពេញមួយជីវិត ក៏គង់នៅមានអ្នកគាំទ្រ។ អ៊ីចឹងខ្ញុំមិនខ្វល់ ខ្ញុំមិនចង់ធ្វើអ៊ីចឹងទេ ហើយមានតែខ្ញុំណែនាំគេ ក៏ប៉ុន្តែអ្វីដែលគាត់និយាយនេះ ដូចអ្នកស្រីភរិយាខ្ញុំ គាត់លើកឡើងនេះ ខ្ញុំមិនលើកលែងគាត់ទេ ប៉ុន្តែទីបំផុត គឺគាត់ទេ ដែលមិនលើកលែងខ្ញុំ សូម្បីអ្វីក៏ដោយ សូម្បីតែការលែងលះគ្នា មានសាលក្រមត្រឹមត្រូវក៏ដោយ ប៉ុន្តែគាត់មិនលើកលែងក្នុងការចងអាឃាត។ កូនៗខ្ញុំគាំទ្រខ្ញុំៗមិនចង់បង្ហោះសំឡេងរបស់វាទៅទេ ខ្លាចគាត់ឈឺចាប់ ប្រកាច់ចាប់អត់ឈ្នះ ដៃគូរបស់គាត់ក៏ដោយ អីក៏ដោយ កុំថាអ្វីដែលគាត់ហៅខ្ញុំបង អ្វីដែលគាត់លើកលែងខ្ញុំ មិនមែនទេ គឺខ្ញុំទេដែលខ្ញុំគួរតែលើកលែង ព្រោះដឹងរឿងរ៉ាវយ៉ាងណាៗរបស់ពួកគាត់ក៏ដោយ ក៏ខ្ញុំគិតថា វាជារឿងរបស់គេ។

លោកថៃ នរៈសត្យា បាននិយាយថា “សួរថារឿងទាក់ទងគ្នាស៊ីជម្រៅរបស់មនុស្ស អានេះទៅរកភ័ស្តុតាងឯណា ក្រៅពីចាប់បាននៅលើគ្រែ ខ្ញុំសួរមើល! បើអ៊ីចឹង ទៅងូតទឹក លាងទឹកហើយ ទៅយកកោសល្យវិច័យឯណា? យើងធ្វើដល់ថ្នាក់ហ្នឹងអី? ចង់និយាយអីក៏បានដែរ ខ្ញុំគ្រាន់តែជូនយោបល់ទៅ ក្នុងនាមខ្ញុំក៏ធ្លាប់ជាអ្នកមានអាជីពជាអ្នកសារព័ត៌មានដូចគ្នា ខ្ញុំអរគុណដល់អ្នកកាសែតទាំងអស់ ដែលយករឿងខ្ញុំទៅ ទាំងរឿងល្អ ទាំងរឿងមិនសូវល្អ ទាំងរឿងពិត ទាំងរឿងមិនពិត ហើយហាក់ដូចជាសប្បាយរីករាយក្នុងការផ្សព្វផ្សាយព័ត៌មានថ្មីៗ អំពីការដកតំណែងរបស់ខ្ញុំ ប៉ុន្តែជាធម្មតាទេ ខ្ញុំបានគិតរួចស្រេចទៅហើយ ក្រោយពីធំធាត់ទៅ វាចាស់ វាស្លាប់ទៅ វាកើតសាថ្មីមក ជាអង្គវត្តមួយតូចរីកធំ ខ្ពស់ទាប នៅលើលោកមានតែប៉ុណ្ណឹងទេ ភាពរង្គើរបស់ខ្ញុំ អត់មានទេ គ្រាន់តែខ្ញុំមានសេចក្តីស្មោះត្រង់ជាអាវក្រោះសម្រាប់ខ្លួនខ្ញុំតែប៉ុណ្ណោះ”។

លោកថៃ នរៈសត្យា បន្តថា “ចំពោះថា ខ្ញុំនឹងធ្វើអ្វីទៀតនៅក្នុងជីវិតពេលនេះ ខ្ញុំអាយុ៧០ឆ្នាំហើយ អ្វីដែលខ្ញុំធ្វើក្នុងជីវិត គឺធ្វើអីដែលល្អៗសម្រាប់ខ្លួន បើសិនជាមានលទ្ធភាពរកលុយរកកាក់បាន ក៏ចេះតែរកទៅ ដើម្បីមនុស្សជំនាន់ក្រោយ ក្រែងវានៅសេសសល់បន្តិចបន្តួចសម្រាប់ពួកគេ ព្រោះខ្ញុំមិនមែនជាអ្នករកស៊ី ហើយខ្ញុំមានលទ្ធភាពធ្វើម៉េច គឺធ្វើបានអ៊ីចឹងហើយៗ កូនខ្ញុំដែលមានប៉ុន្មាន ទោះបីខ្ញុំលែងលះគ្នា ខ្ញុំប្រគល់ទ្រព្យសម្បត្តិឱ្យប្រពន្ធខ្ញុំពីមុន ដែលគាត់កំពុងតែវ៉ៃប្រហារខ្ញុំហ្នឹង យកទៅបំផ្លាញអស់ហិនហោចក៏ដោយ។ លោកប្អូនអាចទៅសួរកូនខ្ញុំបាន អាចទៅសាកសួរអ្នកណាក៏បាន ពីមានរបស់ មកអត់របស់ ពីមានហាង មកអត់ហាង និយាយឡើងក្នុង status មុននេះបន្តិច សុទ្ធតែថា ខ្ញុំរកស៊ីចិញ្ចឹមជួយរកចំណូល ផេះស្អី! គឺខ្ញុំមិនដែលបានចំណូលចេញពីហ្នឹងទេ ខ្ញុំនិយាយឱ្យពិតប្រាកដ ហាងក៏ខ្ញុំជួយបើកជំរុញ ឱ្យទៅរៀនវៀតណាម ទៅថៃ ក៏ជួយ”។

លោកនរៈសត្យា បន្តទៀថា “ខ្ញុំចាំច្បាស់ កាលហ្នឹង លោកជំទាវធំ ដែលបច្ចុប្បន្នជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជួយខ្ញុំ ១ម៉ឺនដុល្លារ នៅពេលដែលខ្ញុំជាអគ្គនាយកទូរទស្សន៍បាយ័ន ខ្ញុំយកមកចាត់ចែងជួយធ្វើបានផ្ទះ ជំរុញគាត់ទៅរៀននៅថៃ ធ្វើបានហាង តែទីបំផុត ខ្ញុំគ្រាន់តែចង់ឱ្យសាធារណជនទាំងអស់ មេត្តាជ្រាបថា សូហ៊្វីយ៉ា ប៊ីយូធី សាឡូន សែនធើរ ដ៏ល្បីល្បាញពីមុន ដែលរកថវិកាចំណូលបានយ៉ាងច្រើន តើវាបាត់ទៅណា? អ្នកណាជានាយិកា? ហើយតើវាបាត់ទៅណា? ហើយបន្ទាប់មកទៀត ដីនៅឃ្លាំងរំសេវ ឬក៏កន្លែងណាដទៃទៀត និងផ្ទះវីឡាមួយ ដែលខ្ញុំបានប្រគល់ឱ្យគាត់ និងកន្លែងដីធ្លីខ្លះទៀត ដែលខ្ញុំប្រគល់ឱ្យគាត់ ហើយឥឡូវវាបាត់ទៅណា? ហើយវាចេញមកជាផ្ទះល្វែង ដែលប្អូនៗយើងពូកែខាង IT កំពុងតែបកស្រាយថា គាត់ជួយ គាត់អ៊ីចេះមួយ គាត់អ៊ីចេះពីរ ស្រេចតែគាត់ទៅចុះ គាត់ថាម៉េចក៏ត្រូវដែរ គឺត្រូវនឹងចិត្តរបស់គាត់ចង់ថា ឯខ្ញុំថាម៉េច ក៏ត្រូវអ៊ីចឹងដូចគ្នា គឺត្រូវនឹងចិត្តដែលខ្ញុំចង់ថា ប៉ុន្តែគួរគប្បីចំពោះខ្លួនឯងផង មុននឹងថានោះ ដែលខ្ញុំៗថា ខ្ញុំគប្បីចំពោះខ្លួន ខ្ញុំៗនិយាយក្នុងមនសិការ ខ្ញុំនិយាយក្នុងការពិត ខ្ញុំមិនសាងវិនាសកម្មទេ នៅពេលដែលខ្ញុំស្គាល់ វិនាសកម្មតាំងពីក្មេង ដល់អាយុ៧០ឆ្នាំហើយ”។

យ៉ាងណា អ្នកសារព័ត៌មានយើងបានព្យាយាមទាក់ទងទៅលោកស្រីងិន ម៉ានីយ៉ា ផងដែរ ប៉ុន្តែទាក់ទងមិនបាន ដោយសារលោកស្រីជាប់ភារកិច្ចនៅក្រៅប្រទេស៕