ពេជ្រ សោភា ដែលកើតជំងឺ “ឈាមសស៊ីឈាមក្រហម” ជាច្រើនឆ្នាំមកហើយ តម្រូវឱ្យនាងលេបថ្នាំជាប្រចាំ ឬអាចមួយជីវិតទៀតផង ទើបធ្វើឱ្យនាងចេញទៅថៃ ពិនិត្យសុខភាពយ៉ាងទៀងទាត់។

ក្រុមអ្នកគាំទ្ររបស់ពេជ្រ សោភា មួយចំនួន បានសម្តែងការអាណិតអាសូរចំពោះសោភា ថា នាងប្រឹងរកលុយទាំងយប់ទាំងថ្ងៃ ដើម្បីតែព្យាបាលជំងឺប្រចាំកាយ។

ដោយឡែក ពេជ្រ សោភា កាលពីពេលថ្មីៗនេះវិញ បានបង្ហាញទឹកមុខក្រៀមស្រពោនថា “ខ្ញុំឈឺហើយ ! ឈាមសឡើង”។

ថ្វីត្បិតតែ ពេជ្រ សោភា មានសុខភាពមិនសូវអំណោយផលក្តី ប៉ុន្តែនាងមិនទន់ជ្រាយឡើយ គឺនៅតែប្រឹងរាំច្រៀងហើយអាចឈរជើងជាតារាស្រីលំដាប់ជួរមុខនៅហង្សមាស ដដែល បើទោះជាពេលនេះហង្សមាស មានតារាឡើងជាន់ជើងគ្នា ហើយសោភា ផ្ទាល់ធ្លាប់ អះអាងថា នាងមិនទាំងចាំមុខអ្នកចម្រៀងហង្សមាស គ្រប់គ្នាក៏ដោយ។

ទន្ទឹមគ្នានឹងជំងឺរបស់ពេជ្រ សោភា រើឡើងវិញនេះដែរ គេឃើញ សោភា ក៏សម្រុករកស៊ីលក់គ្រឿង Cosmetic តាម Online យ៉ាងកាក់កបខ្លាំងផងដែរ ទើបថ្មីៗនេះ នាងទិញរថយន្តទំនើប Porsche តម្លៃជាង២០ម៉ឺនដុល្លារ បន្ថែមពីលើរថយន្ត Range Rover មួយគ្រឿងទៀត ដែលមានស្រាប់។

ចំណែករឿងស្នេហាវិញ ពេជ្រ សោភា ដែលត្រូវគេសង្ស័យថា នាងលេងល្ខោនស្នេហា “ក្លែងក្លាយ” ជាមួយប្រុសក្មេង ឆឹម សក្កដា នៅតែមិនទាន់រកបានម្ចាស់ចិត្តថ្មីពិតប្រាកដឡើយ ក្រោយលែងប្តីអាណិកជនខ្មែរនៅអាមេរិក លោកឡៅ ឆលី កាលពីឆ្នាំ២០១៦មក៕