Tuesday, November 18, 2025
Homeព័ត៌មានជាតិសែនសង្វគ!!! ឪពុកម្តាយបានត្រឹមស្រែកយំ ក្រោយពេលរាវសពកូនៗចេញពីស្រះ

សែនសង្វគ!!! ឪពុកម្តាយបានត្រឹមស្រែកយំ ក្រោយពេលរាវសពកូនៗចេញពីស្រះ

ខេត្តតាកែវ ៖ ជារឿងដ៏គួរឱ្យរន្ធត់ និងខ្លោចចិត្តបំផុត ខណៈដែលក្មេងតូចៗចំនួន៤នាក់ ឆ្លៀតពេលដែលឪពុកម្តាយរបស់ពួកគេ កំពុងរវល់ជាប់ដៃជាមួយការងារផ្ទះ និងស្រែចម្ការភ្លេចខ្លួននោះ ក៏នាំគ្នាដើរលេងជុំគ្នា រួចក៏បបួលគ្នាចុះទៅលេងទឹកស្រះ បណ្តាលឱ្យរអិលជើងចូលទឹកជ្រៅ លង់ទាំង៤នាក់ ហើយយស្របពេលដែលគ្មានចាស់ទុំណាម្នាក់បានដឹង និងប្រទះឃើញផងនោះ ទីបំផុត ជីវិតក្មេងប្រុសទាំង៤នាក់ ត្រូវបាត់បង់ទៅព្រមៗគ្នា គួរឱ្យរន្ធត់ចិត្តជាទីបំផុត។

ហេតុការណ៍ដ៏គួរឱ្យសង្វេគខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ចំងាយប្រមាណ២០០ម៉ែត្រពីភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី។

ក្មេងតូចៗរងគ្រោះទាំង៤នាក់ ដែលលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម រួមមាន ទី១-ឈ្មោះហៀង សុខឃីម ភេទស្រី អាយុ៥ឆ្នាំ ទី២-ឈ្មោះហៀង វីត ភេទប្រុស អាយុ៣ឆ្នាំ។ ក្មេងប្រុសស្រីទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា មានឪពុកឈ្មោះសួរ សេហាក់  ម្តាយឈ្មោះផាន់ ចាន់ណា។ ទី៣-ឈ្មោះនៅ ស្រីឡេង ភេទស្រី អាយុ៣ឆ្នាំ និងទី៤-ឈ្មោះនៅ ស្រីលាក់ ភេទស្រី អាយុ៤ឆ្នាំ។ ក្មេងស្រីទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នាដែរ មានម្តាយឈ្មោះសេក ស្រីម៉ុម។ ក្មេងប្រុសស្រីរងគ្រោះទាំង៤នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងៗរងគ្រោះដែលលង់ទឹកស្លាប់ខាងលើនោះ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ហើយនៅមុនពេលកើតហេតុ ពួកគេទាំង៤នាក់ បាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ លុះមកដល់ចំណុចកើតហេតុ ក៏នាំគ្នាចុះលេងទឹកស្រះ ដែលមានចម្ងាយពីផ្ទះជីដូនរបស់ខ្លួន ប្រហែលជាង២០០ម៉ែត្រ ក៏បណ្តាលឱ្យលង់ស្លាប់ទាំងអស់គ្នាតែម្តងទៅ។

ប្រភពដដែលបន្តថា ក្រោយពេលផ្អើលឆោឡោរបាត់ក្មេងមិនបានប៉ុន្មានផង ដោយមានការសង្ស័យលង់ទឹក ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាចុះរាវរកនៅក្នុងស្រះ ក៏ប្រទះឃើញក្មេងៗទាំងនោះ លង់លិចទៅបាតស្រះទាំង៤នាក់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថាក្មេងប្រុសស្រីរងគ្រោះទាំង៤នាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងៗទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។

ករណីនេះពិតជាសង្វេគ និងអណោចអាធ័មជាទីបំផុត សម្រាប់គ្រួសារនៃសពដែលត្រូវជាឪពុកម្តាយរបស់ក្មេងរងគ្រោះ ហើយនេះក៏ជាសារមួយដែរសម្រាប់អាណាព្យាបាលគ្រប់រូបដែលមានកូនតូចៗ ត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំ ជៀសវាងកើតហេតុការណ៍ដូចករណីខាងលើនេះ នាំឱ្យកើតការស្តាយក្រោយមួយជីវិត៕

RELATED ARTICLES