ភ្នំពេញ ៖ យុវជនជាសិស្សសាលាម្នាក់ បានធ្វើដំណើរចេញពីផ្ទះទៅសាលារៀនដូចសព្វដង លុះដល់ម៉ោងចេញពីរៀន បែរជាបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យឪពុកម្តាយក្រុមគ្រួសារមានការព្រួយបារម្ភ នាំគ្នាចេញតាមស្វែងរកសព្វកន្លែង អស់រយៈពេល៣ថ្ងៃ នៅតែគ្មានដណឹងសោះ ជាហេតុធ្វើឱ្យឪពុកម្តាយភ័យព្រួយខ្លាចកូនប្រុសត្រូវមនុស្សមិនល្អចាប់យកទៅ ឬអាចទៅតាមមិត្តភក្តិមិនល្អ ក៏ប្រកាសតាមស្វែងរកកូនប្រុសឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវជនដែលបាត់ខ្លួនដោយគ្មានមូលហេតុនេះ មានឈ្មោះឃឹម វីរៈរាជ អាយុ១៥ឆ្នាំ ជាសិស្សសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាទួលគោក មានលំនៅផ្ទះលេខ១៩៣BZ ផ្លូវលេខ២៧១ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ យុវជនរូបនេះបានបាត់ចេញពីផ្ទះ ខណៈដែល ធ្វើដំណើរសំដៅទៅសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទួលគោក តាំងពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Sokun Khim បានបង្ហោះសេចក្តីប្រកាស និងអំនាវស្វែងរកកូនប្រុស ដែលមានខ្លឹមសារថា “យើងខ្ញុំ ត្រូវជាលោកប៉ា អ្នកម៉ាក់របស់កូនឈ្មោះឃឹម វីរៈរាជ ភេទប្រុស អាយុ១៥ឆ្នាំ ដែលមានអាសយដ្ឋានផ្ទះលេខ១៩៣BZ ផ្លូវលេខ២៧១ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សូមប្រកាសជូនដំណឹងដល់បងប្អូន ញាតិមិត្តជិតឆ្ងាយ និងកូនប្រុសឈ្មោះឃឹម វីរៈរាជ ដែលបានបាត់នៅពេលចេញពីរៀន នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាទួលគោក វេលាម៉ោង១៦ល្ងាច នាថ្ងៃពុធ ០២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បើបងប្អូនញាតិមិត្តជិតឆ្ងាយបានឃើញ សូមមត្តាជួយផ្តល់ដំណឹងដល់ខ្ញុំបាទ នាងខ្ញុំ ដោយសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ តាមទូរស័ព្ទលេខ 012 794 823/ 081 419 463/ 012 345 851 ហើយបើកូនប្រុសសម្លាញ់បានឃើញនូវសេចក្តីជូនដំណឹងនេះប្រញ៉ាប់ផ្តល់ដំណឹង ឫត្រឡប់មកផ្ទះវិញ កូនសម្លាញ់បាត់ដោយគ្មានបានផ្តល់ដំណឹងអ្វីចន្តិច ប៉ា ម៉ាក់បងៗ និងពូ មីង របស់កូនរន្ធត់ចិត្តខ្លាំងណាស់ សូមកូនប្រញាប់វិលត្រឡប់មករកផ្ទះយើងវិញ ណាកូនសម្លាញ់ ប៉ា ម៉ាក់ បងៗ ពូ មីង ខិតខំព្យាយាម រកកូនពេញរាជធានីភ្នំពេញពីរយប់មួយថ្ងៃហើយ តែពុំទាន់បានទទួលដំណឺងអ្វីបន្តិចពីកូនសម្លាញ់ឡើយ។ ប៉ា ម៉ាក់ បាររម្មណ៍ពីសុខទុក្ខ សុខភាព កូននៅក្មេង និងអនាគតកូនយ៉ាងខ្លាំង។ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ តាមជួយថែរក្សាកូនចៅ ឈ្មោះឃឹម វីរៈរាជ ឱ្យបានសុខសប្បាយ និងជួយឱ្យប្រញាប់ត្រឡប់មករកផ្ទះវិញ ប៉ា ម៉ាក់ បងៗ ពូ មីង អត់មានប្រកាន់ទោសពៃរ៍កូនសម្លាញ់ឡើយ។ ពួកយើងទាំងគ្នារងចាំទទួលកូន សម្លាញ់ជានិច្ច ប្រញាប់មកណាកូនសម្លាញ់ណា…”៕
