Tuesday, November 18, 2025
Homeព័ត៌មានជាតិបាត់ប្តី ប្រពន្ធតាមរកដល់បន្ទប់ បើកទ្វារចូលទៅ... ភ្ញាក់ផ្អើល ហៅសន្តិសុខមកមើល

បាត់ប្តី ប្រពន្ធតាមរកដល់បន្ទប់ បើកទ្វារចូលទៅ… ភ្ញាក់ផ្អើល ហៅសន្តិសុខមកមើល

ខេត្តកណ្តាល ៖ បុរសជនជាតិវៀតណាមម្នាក់ ដែលជាភ្ញៀវចូលមកលេងល្បែងនៅក្នុងកាស៊ីណូជ្រៃធំ ក្រោយពីចាញ់ល្បែងអស់ពីខ្លួន ក៏ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងបន្ទប់សណ្ឋាគារកាស៊ីណូ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ៩ជាន់ ចំណុចជាន់ទី១ បន្ទប់៩១១  (កាស៊ីណូជ្រៃធំ) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

បុរសរងគ្រោះ មានឈ្មោះង្វៀង យ៉ាំងហ៊ុង អាយុ៣៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរជាភ្ញៀវមកលេងល្បែងកាស៊ីណូ មានលំនៅក្នុងឃុំដាភឿក ស្រុកចូវដុក ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានស្នាក់នៅកន្លែងកើតហេតុ (គ្មានលិខិតសំគាល់ខ្លួន)។

តាមប្រភពពីឈ្មោះសុខ ភា ភេទស្រី អាយុ៣៨ឆ្នាំ ខ្មែរកម្ពុជាក្រោម ត្រូវជាប្រពន្ធរបស់សព បានឱ្យដឹងថា កន្លងមកប្តីរបស់នាងធ្លាប់មានជម្ងឺរបេង លុះនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ប្តីគាត់បានចេញពីផ្ទះ ប្រទេសវៀតណាម ក្នុងគោលបំណងមកលេងល្បែងស៊ីសងនៅកាស៊ីណូជ្រៃធំ។ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដោយគាត់ជាប្រពន្ធពុំទាន់ឃើញប្តីត្រឡប់ទៅផ្ទះវិញ ក៏ចេញពីផ្ទះប្រទេសវៀតណាម មករកប្តី ដោយសួរតាមរយៈបងប្អូន ជនជាតិវៀតណាមដូចគ្នា ទើបដឹងថា ប្តីរបស់នាងស្នាក់នៅបន្ទប់ទីតាំងកើតហេតុ ក៏តាមមករកប្តី លុះមកដល់បន្ទប់ ឃើញបន្ទប់បិទទ្វារជិត តែមិនដាក់គន្លឹះទេ ក៏បើកចូលឃើញប្តី ដេកនៅលើគ្រែពូក ក៏ចាប់អង្រន់ប្តី តែមិនកំរើក គឺស្លាប់បាត់ទៅហើយ រួចនាងបានរាយការណ៍ជូនសន្តិសុខ ដែលយាមនៅទីនោះតែម្តង។

ក្រោយទទួលព័ត៌មានខាងលើ កម្លាំងជំនាញនគរបាលនៃអធិការដ្ឋាននគរបាលស្រុក  ចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយជំនាញខេត្ត ប៉ុស្តិ៍រដ្ឋបាលអាជ្ញាធរ មូលដ្ឋាន លោកគ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីពិនិត្យសព រួចសន្និដ្ឋានថា ការស្លាប់នេះដោយសារខ្យល់គរ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីដឹកសពយកទៅប្រទេសវៀតណាម ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES