ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានរួមរស់នឹងគ្នាជាង១០ឆ្នាំ បង្កើតបានកូន៣នាក់ទៅហើយ ប៉ុន្តែដោយសារតែរួមរស់មិនចុះសម្រុងនឹងគ្នា ក៏កើតមានជម្លោះជាប្រចាំ រហូតឈានដល់ការលែងលះចែកផ្លូវគ្នាដើររៀងខ្លួន អស់រយៈពេល១ឆ្នាំមកហើយ។ ប៉ុន្តែបុរសជាប្តីនៅមិនទាន់ដាច់អាល័យ ក៏វិលត្រឡប់តាមទៅសុំជានាជាមួយប្រពន្ធវិញ ប៉ុន្តែប្រពន្ធចិត្តរឹង មិនព្រមទទួលសំណើប្តី និងថែមទាំងជេរបញ្ចោរប្តីកប់មាត់ រហូតធ្វើឱ្យប្តីអត់ទ្រាំមិនបាន ក៏ស្ទុះទៅដាល់ប្រពន្ធ១ដៃ បណ្តាលឱ្យប៉ោងថ្គាម។
ករណីអំពើហិង្សាដោយចេតនា ដែលអតីតប្តីដាល់អតីតប្រពន្ធប៉ោងថ្គាមនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឃ្លាំងទំនិញមួយរបស់ស្ត្រីជាប្រពន្ធ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
បុរសដៃដល់ជាអតីតប្តីដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសុន សារុន អាយុ៤៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកស្ត្រីជាអតីតប្រពន្ធ មានឈ្មោះ ញឹប ស្រីម៉ុម អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្បែរចំណុចផ្ទះកើតហេតុខាងលើ ផ្ទះលេខ៨៤ ផ្លូវលេខ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមកភាគីទាំងពីរនាក់ជាប្តីប្រពន្ធនេះ ធ្លាប់រៀបការជាមួយគ្នា តាំងពីឆ្នាំ២០០៤មកម៉្លេះ និងបានរួមរស់បង្កើតបានកូនប្រុសចំនួន៣នាក់ជាចំណងនិស្ស័យ។ ក្រោយមក ដោយសារតែប្តីប្រពន្ធទាំងពីរនាក់នេះរស់នៅមិនចុះសម្រុងនឹងគ្នា តែងតែឈ្លោះប្រកែកគ្នាជាញឹកញយ រហូតខាងស្រីប្តឹងទៅតុលាការសុំលែងលះគ្នា ហើយតុលាការបានសម្រេចចេញដីកាផ្តាច់សង្វាសជាប្តីប្រពន្ឋជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។ ចាប់ពីថ្ងៃនោះមក អ្នកទាំងពីរក៏រស់នៅបែកគ្នា និងរកស៊ីផ្សេងៗគ្នា។
ប្រភពដដែលបន្តថា ក្រោយមកនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បុរសជាអតីតប្តី ដោយមិនទាន់កាត់ចិត្តពីអតីតប្រពន្ធបាន ក៏ចូលមកក្នុងឃ្លាំងទំនិញរបស់អតីតឪពុកក្មេក ដើម្បីចង់ទិញទំនិញខ្លះ ណាមួយចង់មកអើតឈ្ងោកមើលប្រពន្ធកូនផង ប៉ុន្តែក្រោយពីចូលមកដល់ ក៏បានជួបអតីតប្រពន្ធ ទំនងជាចង់ជួបសាសងសុំត្រូវគ្នាឡើងវិញ ក៏បានដេញកម្មករឱ្យចេញពីឃ្លាំងទំនិញ ប៉ុន្តែត្រូវបានស្ត្រីជាអតីតប្រពន្ធបញ្ជាមិនឱ្យកម្មករចេញ និងថែមទាំងបានជេរបញ្ចោរខ្លាំងៗ ទៅលើបុរសជាអតីតប្តីទៀតផង ជាហេតុធ្វើឱ្យបុរសជាអតីតប្តីរូបនោះក្តៅចិត្ត ក៏ស្ទុះទៅដាល់ប្រពន្ធ១ដៃ បណ្តាលឱ្យប៉ោងថ្គាមម្ខាង និងធ្វើឱ្យស្ត្រីរងគ្រោះខឹង ក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកឃាត់ខ្លួនអតីតប្តី និងបានបើករូបភាពក្នុងកាមេរ៉ាសុវត្ថិភាពឱ្យប៉ូលិសបានឃើញ ជាភ័ស្តុតាង ដើម្បីដាក់បន្ទុកចោទប្រកាន់តាមផ្លូវច្បាប់៕