ភ្នំពេញ ៖ ស្ត្រីខ្មែរកម្ពុជាក្រោមម្នាក់ បានអះអាងថា នាងធ្លាប់បានទាក់ទងស្នេហាជាមួយបុរសជាជនបរទេសម្នាក់ រហូតដល់ព្រមព្រៀងរួមស្នេហ៍នឹងគ្នាបានម្តង ស្រាប់តែមានផ្ទៃពោះ លុះពេលយកដំណឹងល្អនេះប្រាប់គូស្នេហ៍ បែរជាខាងប្រុសមិនជឿសម្តី ធ្វើឱ្យខាងស្រីខូចចិត្តផង អៀនខ្មាសផង ក៏សម្រេចចិត្តផ្តាច់ទំនាក់ទំនងជាមួយប្រុសស្នេហ៍ វិលទៅរស់នៅសម្រាលកូនឯកម្ពុជាក្រោមវិញ។ លុះសម្រាលកូនរួច ក៏រស់នៅទាំងត្រដាបត្រដួស លុះកូនប្រុសអាយុជិត៣ឆ្នាំ ទើបសម្រេចចិត្តប្រកាសតាមរកប្តី។
ស្ត្រីដែលប្រកាសតាមរកប្តី និងឪពុករបស់កូនប្រុសខ្លួនរូបនេះ មានឈ្មោះវឿន អាយុ៣៥ឆ្នាំ ជាជនជាតិខ្មែរ រស់នៅកម្ពុជាក្រោម។ ចំណែកបុរសជាប្តីដែលនាងកំពុងតាមស្វែងរក ដឹងត្រឹមតែថា មានឈ្មោះ ខាល់ឡូ ជនជាតិ បារាំង មុខរបរជាគ្រូបង្រៀន។ ចំណែកកូនប្រុសតូច ដែលជាចំណងនិស្ស័យស្ត្រីខ្មែរកម្ពុជាក្រោម និងបុរសជនជាតិបារាំង មានឈ្មោះបញ្ញា បេប៊ីខាល់ឡូ អាយុជិត៣ឆ្នាំ សព្វថ្ងៃកំពុងរស់នៅកម្ពុជាក្រោម ជាមួយតាយាយ។
ស្ត្រីអភ័ព្វខាងលើ បានរៀបរាប់ប្រាប់ថា ដោយសារតែរស់នៅកម្ពុជាក្រោម មានជីវភាពលំបាកលំបិនខ្លាំងពេក ទើបកាលពីរយៈពេល៤ឆ្នាំមុន នាងក៏បានធ្វើចំណាកស្រុក ឡើងមកភ្នំពេញ រកការងារធ្វើ ដោយបានបម្រើការងារនៅក្នុងហាងមួយកន្លែង ក្នុងផ្សារសូរិយាម៉ល។ ក្រោយមក នាងក៏បានទាក់ទងស្គាល់ជាមួយនឹងជនជាតិបារាំងម្នាក់ (ស្គាល់ត្រឹមឈ្មោះខាល់ឡូ) ដែលធ្លាប់ចេញចូលហាងរបស់នាង លុះជួបមុខគ្នា ហាក់មាននិស្ស័យ ក៏បានទាក់ទងគ្នា ប៉ុន្តែនាងមិនសូវដឹងពីប្រវត្តិរបស់បុរសនោះច្បាស់ទេ ដោយសារតែនាងមិនចេះភាសាអង់គ្លេស។ ចំណែកបុរសនោះ ក៏ចេះខ្មែរតិចតួច និងប្រាប់ថា គាត់គឺជាគ្រូបង្រៀន តែបង្រៀននៅឯណា ក៏មិនដឹង។ លុះក្រោយពីទាក់ទងគ្នាបាន១សប្តាហ៍ ពួកនាងទាំង២នាក់ ក៏ត្រូវរ៉ូវគ្នា រហូតព្រមព្រៀងដេករួមរ័កគ្នាបានម្តង ដោយការស្ម័គ្រចិត្ត និងមិនមានការផ្តល់លុយកាក់អ្វីជាថ្នូរនោះទេ ពោល គឺខាងប្រុសក៏ពេញចិត្តនាង ចំណែកនាងក៏ពេញចិត្តគេវិញដូចគ្នា។

ស្ត្រីអភ័ព្វខាងលើ បន្តថា ក្រោយពីបានដេករួមរស់នឹងគ្នាបានម្តងរួចមក ពួកនាងក៏មិនធ្លាប់បានក្រេបរសជាតិស្នេហ៍ជាលើកទី២ទៀតដែរ ប៉ុន្តែនៅបន្តទំនាក់ទំនងគ្នាដដែល គ្រាន់តែលំបាកបន្តិច ត្រង់ភាសានិយាយស្តាប់គ្នាមិនសូវបាន ប៉ុន្តែអ្វីដែលនាងស្តាប់បាន គឺត្រង់ថា ប្រុសស្នេហ៍នោះចង់មានកូនជាមួយនាង ហើយបានប្រាប់ថា បើមានកូនស្រីដាក់ឈ្មោះលីលី តែបើកូនប្រុសវិញ ដាក់ឈ្មោះបញ្ញា ហើយនាងក៏បានចាំពាក្យសម្តីរបស់គេទុករហូតមក។ លុះក្រោយមក នាងក៏បានពិនិត្យដឹងថា នាងចាប់ផ្តើមមានផ្ទៃពោះ ក៏ប្រឹងយកដំណឹងល្អនេះទៅប្រាប់ប្រុសស្នេហ៍ តែបែរជាប្រុសស្នេហ៍មិនជឿនាងទៅវិញ ដោយលើកហេតុផលថា គ្រាន់តែដេកជាមួយគ្នាបានម្តង មានផ្ទៃពោះ វាជារឿងដែលមិនគួរឱ្យជឿសោះឡើយ។
ស្ត្រីខាងលើ បានឱ្យដឹងទៀតថា លុះនៅពេលយករឿងមានកូនទៅប្រាប់ប្រុសស្នេហ៍ បែរជាគេមិនព្រមជឿបែបនេះ ទើបធ្វើឱ្យនាងខូចចិត្តផង ខ្មាសគេផង ក៏សម្រេចចិត្តផ្តាច់ទំនាក់ទំនងពីប្រុសស្នេហ៍ និងថែមទាំងឈប់ធ្វើការងារ រួចក៏ធ្វើដំណើរវិលត្រឡប់ទៅកម្ពុជាក្រោមវិញ។ លុះមកដល់កម្ពុជាក្រោម ម្តាយ និងបងស្រីរបស់នាងបានដឹង ក៏បានបន្ទោសនាងច្រើនដែរ ពីរឿងបណ្តោយខ្លួនឱ្យជ្រុលជ្រួសរហូតដល់មានផ្ទៃពោះ តែមិនដឹងសូម្បីតែឈ្មោះខាងប្រុសពេញ ចំណែកប្រវត្តិសាវតារអ្វីក៏មិនដឹងទាំងអស់ ធ្វើឱ្យពួកគាត់ហួសចិត្តយ៉ាងខ្លាំង។ តែយ៉ាងណា ទឹកដល់ច្រមុះទៅហើយ ទើបពួកគាត់លែងបន្ទោសអ្វីទៀត និងជួយមើលថែនាងរហូតដល់សម្រាល បានកូនប្រុសម្នាក់ និងដាក់ឈ្មោះថា បញ្ញា បេប៊ីខាល់ឡូ ដើម្បីបំពេញតាមបំណងប្រុសស្នេហ៍ ដែលចង់បានកូនប្រុសឈ្មោះបញ្ញា។

ស្ត្រីរូបនេះ បានបន្ថែមថា ដំបូងឡើយ ក្រោយពីសម្រាលកូនរួច នាងតាំងចិត្តថា នឹងប្រឹងបីបាច់ចិញ្ចឹមកូនប្រុសនេះតែម្នាក់ឯង ប៉ុន្តែក្រោយពីចិញ្ចឹមកូនប្រុសរហូតដល់ពេលនេះ អាយុជិត៣ឆ្នាំទៅហើយ ទើបដឹងថា មានការលំបាកយ៉ាងខ្លាំង ព្រោះជីវភាពគ្រួសារនាងក្រីក្រ ហើយនាងប្រឹងធ្វើការដែរ តែរកលុយចិញ្ចឹមកូនសឹងមិនរស់ ណាមួយគិតទៅអនាគតកូន បើរស់នៅកម្ពុជាក្រោម គឺច្បាស់ជាមិនអាចរៀនសូត្របានខ្ពង់ខ្ពស់នោះទេ ព្រោះតែនាងគ្មានប័ណ្ណគ្រួសារ ហេតុនេះគេមិនឱ្យកូននាងចូលសាលារៀនសូត្រនោះទេ។
ដោយសារតែនឹកគិតដល់អនាគតកូនប្រុស ទើបមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ត្រីជាម្តាយរូបនេះ ក៏ស្កាត់ឡើងមករាជធានីភ្នំពេញ សុំជំនួយពីខាងវិទ្យុអេប៊ីស៊ី ដើម្បីឱ្យជួយប្រកាសតាមស្វែងរកប្តី និងឪពុករបស់កូនប្រុសនាង ប៉ុន្តែអ្វីដែលជារឿងលំបាកបំផុតនោះ គឺ នាងមិនស្គាល់សូម្បីឈ្មោះរបស់ប្តីពេញ មិនដឹងធ្លាប់ធ្វើការនៅឯណា រស់នៅឯណា ហើយនាងធ្លាប់បានទៅកន្លែងធ្វើការចាស់ សួររកប្តីនោះដែរ ប៉ុន្តែគេប្រាប់ថា ប្តីនាងខានមករាប់ឆ្នាំហើយ ពោលគឺតាំងពីនាងឈប់ធ្វើការម៉្លេះ និងសង្ស័យថា ប្តីនេះវិលទៅស្រុកបារាំងវិញហើយ ក៏មិនដឹង។

យ៉ាងណា ស្ត្រីអភ័ព្វខាងលើ បានអះអាងថា មូលហេតុដែលនាងចង់មកតាមរកប្តីនេះវិញ គឺមិនមែននាងចង់បានប្រយោជន៍អ្វីពីប្តីនោះទេ តែនាងគ្រាន់ចង់ឱ្យប្តីបានជួបនឹងសាច់ឈាមបង្កើតរបស់គេ (កូនប្រុស) ហើយប្រសិនបើអាចសុំឱ្យប្តីទទួលយកកូនប្រុសនេះទៅចិញ្ចឹមមើល ថែគេផង ដើម្បីឱ្យគេបានរស់នៅសុខស្រួល មានការរៀនសូត្រខ្ពង់ខ្ពស់ ព្រោះនាងមិនចង់ឱ្យកូនប្រុសមានវាសនាអភ័ព្វដូចនាងជាម្តាយនោះទេ៕