ភ្នំពេញ ៖ ស្ត្រីមេម៉ាយមានជំងឺប្រចាំកាយម្នាក់ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះផឹកស្រវឹងជោកជាំ ក៏ដើរចូលទៅក្នុងដីឡូតិ៍មួយកន្លែង ដេកស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងដីឡូត៍មួយកន្លែងដែលពោពេញដោយវល្ល៍ព្រៃដុះជុំជិត ស្ថិតក្នុងក្រុម២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

សាកសពស្ត្រីរងគ្រោះខាងលើ មាន អាយុ៤៤ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ស្នាក់នៅបន្ទប់ជួលជាមួយម្តាយមីង ក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះខាងលើ ធ្លាប់មានក្រុមគ្រួសារ ប្តីនិងកូនចំនួន៤នាក់ទៀតផង ប៉ុន្តែក្រោយមក បុរសជាប្តីក៏បានលែងលះគ្នាជាមួយស្ត្រីរងគ្រោះអស់រយៈពេលជាយូរឆ្នាំមកហើយ ចំណែកកូនៗប្រុសស្រីទាំង៤នាក់ ក៏ស្នាក់នៅបន្ទប់ជួលផ្សេងទៀត ទើបស្ត្រីរងគ្រោះបានមកស្នាក់នៅបន្ទប់ជួលជាមួយម្តាយមីងនៅក្នុងមូលដ្ឋានខាងលើ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ គេឃើញជនរងគ្រោះ ដើរទៅដើរមកក្នុងដីឡូត៍ខាងលើ ដើម្បីបេះស្លឹកបាស ព្រោះកន្លងមក ស្ត្រីរងគ្រោះតែងតែដើរមកបេះស្លឹកបាស និងពេលខ្លះមកបត់ជើងធំក្នុងដីឡូខាងលើ ជារឿយៗ។ លុះក្រោយមក ដោយបាត់ស្ត្រីរងគ្រោះយូរពេក មិនឃើញចេញពីក្នុងដីឡូត៍មកវិញ ទើបក្មួយស្រីម្នាក់បានចេញទៅដើររក ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងដីឡូត៍ខាងលើ បាត់ទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕