គិតមកដល់វេលាពេលនេះ គឺជាង១០ម៉ោងទៅហើយ ចាប់តាំងពីអគារប្រាក់ស្រុត សង្កត់មនុស្សស្លាប់ជាច្រើននាក់នោះ ក្រុមជួយសង្គ្រោះនៅតែបន្តរក ដោយម្នាក់ៗមិនបានរាថយនោះឡើយ។ ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក កម្លាំងអន្តរាគមន៍ត្រូវបានបញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការជួយកាយគំនរអគារសំណង់៧ជាន់នេះ។

តាមមន្ត្រីបានឲ្យដឹងថា កម្លាំងក្រុមសង្រ្គោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០ ក៏បានធ្វើដំណើរចេញពីព្រលានយន្តហោះយោធាភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុហើយ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីប្រតិបត្តិការជួយសង្គ្រោះ រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ ដែលកំពុងប្រតិបត្តិការនៅនឹងកន្លែង តាំងពីព្រឹកព្រលឹមមក។

គួរបញ្ជាក់ថា គិតមកដល់វេលាម៉ោង១០ព្រឹក មនុស្សស្លាប់មានចំនួន៣នាក់ និងរបួស១៨នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។

ជនជាតិចិន៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរ ទី១. មានឈ្មោះ Chen Kou ម្ចាស់ការដ្ឋានសំណង់ ទី២. ញឹក ហ៊ុយ ម្ចាស់ដី ទី៣. ឈ្មោះ Deng Xing Gui អ្នកម៉ៅការសាងសង់ និងទី៤.ឈ្មោះ Gao Yu ម៉ៅការបូកជញ្ជាំងអគារ។

ដោយឡែក អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ថា “ម្ចាស់សំណង់ដែលបាក់រលំនេះ ឈ្មោះ ជីង គ័ង ជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់នោះទេ។

លោកបានបន្តថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញហាមឃាត់មិនឱ្យសាងសង់ចំនួន២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ៕

