ខេត្តព្រះសីហនុ ៖ បន្ទាប់ពីទទួលបានព័ត៌មាននៃការបាក់ស្រុតអគារកម្ពស់៧ជាន់ កាលពីព្រឹកម៉ោង៥នេះនៅជិតកន្លែងលាងរថយន្តយីហោអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយត្រូវមន្ត្រីអ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ថា សំណង់អគារនេះមិនមានច្បាប់អនុញ្ញាត និងត្រូវអាជ្ញាធចុះហាមឃាត់២ដងមកហើយ តែម្ចាស់សំណង់មិនព្រមសហការ។ ស្រាប់តែប្រធានគណបក្សមួយ ចេញមុខនិយាយថា “ប្រសិនជាគ្មានច្បាប់សាងសង់ ម្ដេចបានបណ្ដោយអោយសាងសង់ ? បើឃាត់មិនស្ដាប់ម្ដេចមិនអនុវត្តន៍ច្បាប់?”។

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាប្រធានប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហោះសារថា “ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុអាគារកំពុងសង់ថ្មីមួយកន្លែង អគារកម្ពស់៧ជាន់ បានបាក់រលំ កាលពីព្រឹកម៉ោង៥នេះ នៅជិតកន្លែងលាងរថយន្តយីហោអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ដោយព័ត៌មានបឋម អ្នកគ្រោះថ្នាក់ដល់ជីវិត ប្រហែលចំនួន៣នាក់ និងរបួសជាង១០នាក់”។

លោកបានបន្តថា “ករណីនេះមិនមែនជាករណីប្រធានស័ក្តិនោះទេ បើសាងសង់តាមស្តង់ដាបច្ចេកទេស មិនមែនសុខៗងាយរលំនោះទេ។ ហើយមិនអាចបន្ទោសទៅឯកជនបានដែរ ព្រោះសមត្ថកិច្ចជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ជាស្ថាប័នពាក់ព័ន្ធក្នុងរឿងនេះ”។

លោកបន្តទៀតថា “តើអគារនេះមានច្បាប់អនុញ្ញាតិសាងសង់ឬទេ? តើអគារនេះមានការត្រួតពិនិត្យបច្ចេកទេសសំណង់ដែរឬទេ? តើអាជ្ញាធរមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធមានចុះពិនិត្យការសាងសង់ដែរទេ ? ប្រសិនជាគ្មានច្បាប់សាងសង់ ម្ដេចបានបណ្ដោយឲ្យសាងសង់? បើឃាត់មិនស្ដាប់ ម្ដេចមិនអនុវត្តន៍ច្បាប់ ? បើមានច្បាប់សាងសង់ មានការត្រួតពិនិត្យច្បាស់លាស់ ហេតុអ្វីបានបាក់ស្រុតងាយងាយបែបនេះ។ ស្របពេលដែលខ្ញុំកំពុងស្ថិតក្នុងបេសកកម្មនៅខេត្តព្រះសីហនុ ស្រាប់ ខ្ញុំនិងចុះពិនិត្យបន្ថែមលើករណីទាំងនេះ នៅក្នុងថ្ងៃនេះ”។

បន្ទាប់ពីលោកបានបង្ហោះសាររួច រយៈពេលជិត១ម៉ោង លោកវឌ្ឍនាសាប៊ុង បានចុះដល់កន្លែងដែលអគារបាក់ស្រុក ដើម្បីពិនិត្យចំពោះហេតុការណ៍ណនេះ។