Tuesday, November 18, 2025
Homeព័ត៌មានជាតិលោកជុំ កុសល ៖ ទាំងសមត្ថកិច្ចជំនាញ ទាំងរដ្ឋបាលគ្រប់គ្រងដែនដីខេត្តព្រះសីហនុ ខ្លាចអំណាចម្ចាស់សំណង់ឬ?

លោកជុំ កុសល ៖ ទាំងសមត្ថកិច្ចជំនាញ ទាំងរដ្ឋបាលគ្រប់គ្រងដែនដីខេត្តព្រះសីហនុ ខ្លាចអំណាចម្ចាស់សំណង់ឬ?

នៅមុននេះបន្តិច លោកជុំ កុសល ក៏បានបង្ហោះសាររិះគន់ទៅលើរដ្ឋបាលគ្រប់គ្រងខេត្តព្រះសីហនុ បន្ទាប់ពីបានទទួលព័ត៌មាននៃការបាក់ស្រុតអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បណ្តលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។

លោកជុំ កុសល មានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានបង្ហោះសារលើទំព័រហ្វេសប៊ុកលោកនៅថ្ងៃនេះ ថា “យន្តការរដ្ឋយើងមាន ៖ ១. ស្ថាប័នសមត្ថកិច្ចជំនាញ ២. ស្ថាប័នរដ្ឋបាលគ្រប់គ្រងដែនដី។ ចុះហេតុអីបានជាស្ថាប័នទាំងពីរនេះ គ្មានអំណាចហាមឃាត់ចំពោះសំណង់ខុសច្បាប់ ទុកអោយកើតរឿងគ្រោះថ្នាក់បែបនេះ?”។

លោកជុំ កុសល បានបន្តថា “ចម្លើយមួយថា “បានចុះហាមឃាត់ពីរដងដែរ តែម្ចាស់ការដ្ឋានសំណង់មិនសហការ…” ហើយបែរជាបណ្តោយទុកឲ្យសាងសង់បន្ត រហូតដួលរលំពេលនេះ មានន័យថា ទាំងសមត្ថកិច្ចជំនាញទាំង រដ្ឋបាលគ្រប់គ្រងដែនដីខេត្ត ខ្លាចអំណាចម្ចាស់សំណង់ឬ? ។ ចុះ កម្មករដែលបានស្លាប់បាត់បង់ជីវិតនិងរបួស តើនរណាទទួលខុសត្រូវ?“។

ដោយឡែក មកដល់ពេលនេះ មនុស្សបានស្លាប់កើនដល់៧នាក់ និងរបួស១៨នាក់ ដោយសារបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ថា គិតត្រឹមវេលាម៉ោង៣រសៀលនេះ ជនរងគ្រោះដែលស្លាប់កើនឡើងចំនួន៧នាក់ អ្នករងរបួសមានចំនួន១៨នាក់ ដោយសារបាក់រលំអគារនេះ។

លោកមេបញ្ជាការ បានបញ្ជាក់ថា នៅពេលនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងរួមសហការគ្នាចេញប្រតិបត្តិការយ៉ាងញាប់ដៃញាប់ជើងនៅកន្លែងកើតហេតុ ដោយអ្នកខ្លះនាំគ្នាជួយផ្សាដែក និងនិងខ្លះទៀត កាយកម្ទេចថ្មចេញ ដើម្បីទាញយកសាកសពចេញមកក្រៅ៕

RELATED ARTICLES