Tuesday, November 18, 2025
Homeព័ត៌មានជាតិជំនួយការលោកកឹម សុខា ហេតុអ្វីមិនចាត់វិធានការម្ចាស់សំណង់ខុសច្បាប់ ដូចប្រជាពលរដ្ឋតវ៉ាដីធ្លី?

ជំនួយការលោកកឹម សុខា ហេតុអ្វីមិនចាត់វិធានការម្ចាស់សំណង់ខុសច្បាប់ ដូចប្រជាពលរដ្ឋតវ៉ាដីធ្លី?

ជុំវិញការបាក់រលំអគារ៧ជាន់ ដែលសង់គ្មានច្បាប់អនុញ្ញាតនោះ មានមន្ត្រីរាជរដ្ឋាភិបាល អ្នកច្បាប់ និងអ្នកនយោបាយមួយចំនួន បានបញ្ចោញមតិរិះគន់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ដែលគ្មានអំណាចហាមឃាត់ចំពោះសំណង់ខុសច្បាប់ ទុកឱ្យកើតរឿងគ្រោះថ្នាក់ដល់អាយុជីវិត រហូតមានសអ្នកស្លាប់២៤នាក់ និងរបួសចំនួន២៤នាក់ បែបនេះ។

លោកមុត ចន្ថា ជំនួយការលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែមិថុនា ថា “នរណាខ្លាំង? នរណាខ្សោយ? សមត្ថកិច្ចឆ្លើយថា អគារនោះសង់អត់ច្បាប់ ហើយឃាត់មិនឈប់។ តើនេះជាការគេចវេះពីការទទួលខុសត្រូវបានឬទេ? ចុះពេលដែលសមត្ថកិច្ចទៅឃាត់ប្រជាពលរដ្ឋតវ៉ាការពារដីធ្លី ម្តេចក៏សមត្ថកិច្ចចាត់វិធានការបង្ក្រាប? ល្មមអនុវត្ត អភិក្រមទី៥ ចំពោះអាជ្ញាធរខេត្ត រួមមានអភិបាលខេត្ត និងប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ហើយ។ កុំឆ្លើយដោះសា គ្មានការទទួលខុសត្រូវបែបនេះ? ទោះយ៉ាងណាក៏ដោយ អាជ្ញាធរត្រូវធានាឱ្យមានការទទួលកំហុស សំណង់ គឺត្រូវតែរកអ្នកទទួលខុសត្រូវ”។

ដោយឡែក កាលពីថ្ងៃទី២៣ ខែមិថុនា លោកមុត ចន្ថា បានបង្ហោះសារបន្ថែមថា “បើដឹងគ្មានច្បាប់បិទការដ្ឋានសាងសង់! សូមកោតសរសើរចំពោះក្រុមសង្រ្គោះដែលបានខិតខំជួយសង្រ្គោះជីវិតនៃបងប្អូនកម្មករ ដែលបណ្តាលមកពីការបាក់រំលំអគារសណ្ឋាគារនៅក្រុងព្រះសីហនុ។ ក្នុងហេតុការណ៍ កម្មករ ១៧នាក់បានស្លាប់ និងរបួស២៤នាក់។ បើសិនអាជ្ញាធរខេត្តពាក់ព័ន្ធ ជាពិសេស អភិបាលខេត្តអនុវត្តច្បាប់តឹងរ៉ឹង ដូចដែលការបង្រ្កាបប្រជាពលរដ្ឋតវ៉ាការពារដីធ្លី ម្លេះគ្មានហេតុការណ៍បាក់អគារនេះកើតឡើងទេ ហើយក៏រដ្ឋមិនត្រូវចំណាយកម្លាំង និងធនធាន ដើម្បីប្រតិបត្តិការសង្រ្គោះនេះដែរ។ នេះជាការទទួលខុសត្រូវរបស់អាជ្ញាធរខេត្តចំពោះមុខរាជរដ្ឋាភិបាល ដោយមិនគួរយកលេសពីការសាងសង់អគារគ្មានច្បាប់អនុញ្ញាត។ ងាយស្រួលទេ បើដឹងថាអត់ច្បាប់បិទការដ្ឋានសាងសង់ ព្រោះអស់ធំត្រឹមអភិបាលខេត្តហើយនៅក្នុងខេត្ត គឺជាគណៈអភិបាលផង និងជាគណៈបញ្ជាការឯកភាពខេត្តផង ដែលគ្រប់គ្រងទាំងកម្លាំងនគរបាល រាជអាវុធហត្ថ និងបញ្ជាការដ្ឋានប្រតិបត្តការសឹកខេត្ត។ល។”។

លោកមុត ចន្ថា បន្ថែមថា “យើងសង្ឃឹងថា រាជរដ្ឋាភិបាលនឹងធានាឲ្យមានសំណងសមរម្យដល់ក្រុមគ្រួសារដែលបាត់បង់សាច់ញាតិ និងអ្នករងរបួស ហើយនិងចាប់ឲ្យមានការទទួលខុសទាំងអាជ្ញាធរខេត្ត និងក្រុមហ៊ុនសាងសង់អគារគ្មានច្បាប់។ ឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ យើងសូមសម្តែងនូវសមានទុក្ខ និងការសោកស្តាយបំផុតជាមួយក្រុមគ្រួសារដែលបានបាត់បង់នូវសាច់ញាតិ ក្នុងហេតុការណ៍ដ៏អកុសលនេះ។ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហើយក៏សូមបួងសួងឲ្យអ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ”។

ចំណែកលោកផាន់ ច័ន្ទសក្តិ មេធាវីការពារសិទ្ធិ លោកឹម សុខា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក​កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ថា “រឿងបាក់អគារនៅខេត្តព្រះសីហនុ ៖ សមត្ថកិច្ចឆ្លើយថា អគារនោះសង់អត់ច្បាប់ ហើយឃាត់មិនឈប់ តើនេះជាការគេចវេះពីការទទួលខុសត្រូវបានឬទេ? ចុះពេលដែលសមត្ថកិច្ចទៅឃាត់ប្រជាពលរដ្ឋតវ៉ាការពារដីធ្លី ម៉េចក៏សមត្ថកិច្ចចាត់វិធានការបង្ក្រាប? ទោះយ៉ាងណាក៏ដោយ សូមឱ្យមានការទទួលកំហុស សំណង់ គឺត្រូវតែរកអ្នកទទួលខុសត្រូវ”។

លោកស្រីម៉េង សុភារី មេធាវីការពារសិទ្ធិ លោកកឹម សុខា មួយរូបទៀត បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកស្រី កាលពីថ្ងៃទី២២ ខែមិថុនា ដែរថា “បើអញ្ចឹងមែននោះ តើថៅកែណាអីក៏ថ្លើមធំម៉្លេះ អាជ្ញាធរប្រាប់ហើយ មិនស្តាប់! តើសំណង់គុណភាពអន់អញ្ចឹង អត់ច្បាប់អញ្ចឹង នៅមានទៀតទេ? បើនៅមាន តើអាជ្ញាធរត្រឹមតែ ប្រាប់នៅពេលម្ចាស់សំណង់មិនស្តាប់ តែអត់មានវិធានការអញ្ចឹងទៀតទេ?  វិធានការច្បាប់មាន ច្រើនជម្រើស យកមកអនុវត្តមក។ ពេលសមត្ថកិច្ចទៅឃាត់ពលរដ្ឋតវ៉ាការពារដីធ្លី ម្តេចសមត្ថកិច្ចមានវិធានការបង្ក្រាប? សំណង់ចិន ខ្លាំងហើយ តែអាជ្ញាធរ ត្រូវតែឱ្យខ្លាំងជាងសំណង់ចិន ខុសច្បាប់ទាំងនោះ ពីព្រោះនេះជាប្រទេសរបស់យើង មិនមែនប្រទេសរបស់ចិន ទេ ដើម្បីកុំឱ្យគ្រោះថ្នាក់អញ្ចឹងទៀត”៕

RELATED ARTICLES