Tuesday, November 18, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ទទួលសំណើលាលែងតំណែងរបស់លោកយន្ត មីន និងដកលោកញឹម វណ្ណដា

សម្តេចហ៊ុន សែន ទទួលសំណើលាលែងតំណែងរបស់លោកយន្ត មីន និងដកលោកញឹម វណ្ណដា

ទីបំផុត សម្តេចតេជោហ៊ុន សែន បានសម្រេចទទួលសំណើលោកយន្ត មីនដែលបានសុំលែងលែងតំណែងពីអភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ដោយដាក់ជំនួសលោកគួច ចំរើន វិញ ចំណែកលោកញឹម វណ្ណដា ត្រូវដកពីតំណែង ក្រោយពីមានហេតុការណ៍បាក់ស្រុតអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ។

មន្ត្រី២រូបដែលត្រូវសម្តេចសម្រេចដកចេញពីមុខតំណែង ទី១. ឯកឧត្តមយន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ត្រូវជំនួសដោយឯកឧត្តមគួច ចំរើន បច្ចុប្បន្នជាអភិបាលនៃគណអភិបាលខេត្តកំពង់ចាម ទី២. ឯកឧត្តម ញឹម វណ្ណដា ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ។

លោកយន្ត មីន

សម្តេចបានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការ នៅមុននេះបន្តិចថា “ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលឲ្យមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើរមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិងបានពិភាក្សាជាមួយ សម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តមយន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករក និងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង។

លោកញឹម វណ្ណដា

សម្តេចបានបន្តថា “ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ”៕

RELATED ARTICLES